ជាតិ
ពលរដ្ឋ​ខេត្តស្វាយរៀង ដាក់​ញត្តិ​ជូន​រដ្ឋសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី
07, Aug 2017 , 5:48 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​មកពី​ស្រុក​ស្វាយជ្រុំ និង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង បានដាក់​ញត្តិ​ជូន​រដ្ឋសភាជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទំនាស់​ដីធ្លី ដែល​ពួកគេ​អះអាងថា ត្រូវបាន​ឈ្មួញ​មានអំណាច​រំលោភ​យក​។ គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា បានទទួល និង​កំពុង​ត្រួតពិនិត្យ​ញត្តិ​តាម​និតិ​វិធី ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ពី​វិធានការ​ដោះស្រាយ​នោះទេ​។



​អ្នកស្រី ខៀវ សារ៉ុន អាយុ​៣៦​ឆ្នាំ ជា​តំណាង​សហគមន៍​សាមគ្គី​រមាសហែក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ទំនាស់​ដីធ្លី​នេះ ដោយសារ​ក្រុមហ៊ុន​ឥណ្ឌា​មក​ទន្ទ្រាន​ដី​របស់​អ្នកភូមិ ដើម្បី​ធ្វើ​វិនិយោគ​លើ​ដំណាំ​អំពៅ​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ អ្នកស្រី​ថា កន្លងមក ប្រជា​សហគមន៍​បានដាក់​ញត្តិ​ទៅ​មេឃុំ ស្រុក​-​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​។ ប៉ុន្តែ មិនមាន​ដំណោះស្រាយ​ឡើយ​។ ផ្ទុយទៅវិញ អាជ្ញាធរ​បានមក​គំរាម​ប្រជា​សហគមន៍​ទៀតផង​។ 

​អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ឲ្យ​រដ្ឋសភា​ចុះមក​ស្រាវជ្រាវ​ផ្ទាល់ ដើម្បី​ដឹងថា ពួក​ខ្ញុំ​រស់នៅ​វេទនា​ប៉ុណ្ណា​»​។
​ទាក់​ទ​នង​នឹង​ញត្តិ​ខាងលើនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភាជាតិ បាន​មានប្រសាសន៍ថា រដ្ឋសភា បានទទួល​ញត្តិ​នេះ​រួចហើយ ហើយ​កំពុង​ត្រួតពិនិត្យ​ទៅតាម​និតិ​វិធី​ដោយ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​។

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​គណៈកម្មការ​ទី​១ បានទទួល​ញត្តិ​នេះ​រួចហើយ នឹង​កំពុង​ត្រួតពិនិត្យ​តាម​និតិ​វិធី ប៉ុន្តែ វិធាន​ណា​យ៉ាងណា​នោះ ខ្ញុំ​មិន​ហ៊ាន​លួច​ដៃ​ចូល​កិច្ចការ​គណៈកម្មការ​ទី​១​នោះទេ​»​។ 

​ញត្តិ​ពីរ​សន្លឹក​ដែលមាន​អ្នក​ផ្តិតមេដៃ​៣​រូប តំណាង​ឲ្យ​ពលរដ្ឋ​១៧៣៥​គ្រួសារ​មកពី​ឃុំ​ឈើទាល និង​ឃុំ​សំរោង ស្រុក​ស្វាយជ្រុំ និង​ឃុំ​អំពិល​ទុំ ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក បានសរសេរថា​៖«​ក្នុងពេល​បច្ចុប្បន្ន ដីស្រែ ដី​លំនៅស្ថាន​របស់​ពួកយើង កំពុង​ត្រូវបាន​ទន្ទ្រាន និង​រំលោភ​យក​ពី​សំណាក់​ឈ្មួញ និង​មន្ត្រី​មានអំណាច​»​។ នេះ​បើតាម​ញត្តិ​របស់​សហគមន៍​ដែល​បាន​ផ្ញើ​ជូនទៅ​រដ្ឋសភាជាតិ នៅ​ថ្ងៃទី​៧ ខែសីហា​។ 

​សហគមន៍​ទាំង​៣​ខាងលើ បានស្នើ​ឲ្យ​រដ្ឋសភា​ជួយ​ចុះ​ត្រួតពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​តំបន់​ជម្លោះ​ដោយផ្ទាល់ ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឲ្យ​បញ្ឈប់​ការប្តឹង​ពលរដ្ឋ​បន្តទៀត និង ជួយ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​កាត់​ឆ្វៀល​ដី និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ជាដើម​។   

​ក្រៅពី​រដ្ឋសភាជាតិ ប្រជា​សហគមន៍​ខាងលើ បានដាក់​ញត្តិ​ដដែល​នេះ ទៅ​២​ស្ថាប័ន​ទៀត ដែល​រួមមាន​៖ ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕       


Tag:
 ដីធ្លី​
 ​ ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com