អន្តរជាតិ
ប្រធានសភា​សិង្ហ​បុរី​លាលែង​តំណែង​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​
07, Aug 2017 , 10:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​ចន្ទ​ទី​៧​ខែសីហា ប្រធានសភា​សិង្ហ​បុរី និង​ជា​សមាជិកសភា​គណបក្ស​សកម្ម​ប្រជាជន​អ្នកស្រី Halimah Yacob បានប្រគល់​លិខិត​លាលែង​ពី​តំណែង​ឲ្យ​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​។ លោកស្រី Yacob នឹង​ឈរឈ្មោះ​ជា​បេក្ខជន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ធ្វើឡើង​នៅ​ខែកញ្ញា​។​



​លោកស្រី Halimah Yacob ដែលជា​ប្រធានសភា​ស្ត្រី​ដំបូង​គេ និង​ជា​សមាជិកសភា​គណបក្ស​សកម្មភាព​ប្រជាជន​បាន​អះអាងថា លោកស្រី​បាន​លាឈប់​ពី​តំណែង​ហើយ ដើម្បី​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី​ដែល​បម្រុង​ទុក​សម្រាប់​បេក្ខជន​ម៉ា​ឡេ​។ លោកស្រី​បានប្រគល់​លិខិត​លាលែង​តំណែង​ជូន​លោក លី សៀន​ឡុង ដែលជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​និង​អគ្គលេខាបក្ស​គណបក្ស​ស​កម្ម​ប្រជាជន​ផង​។​

​ក្នុង​លិខិត​ផ្ញើ​ទៅ​ឲ្យ​លោក លី លោកស្រី Yacob បញ្ជាក់ថា អ្នកស្រី​មានបំណង​លាលែង​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​កណ្ដាល និង​ជា​សមាជិក​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សកម្ម​ប្រជាជន ដែលជា​បក្ស​កាន់អំណាច​សព្វថ្ងៃ​។ លោកស្រី​បាន​ប្រា​ប់លោក លី បន្ថែមថា ការ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី បន្ទាប់ពី​ពិចារណា​យ៉ាង​ល្អិតល្អន់ និង​ពិគ្រោះ​ជាមួយ​មិត្តភក្តិ មិត្ត​រួមការ​ងារ ក៏ដូចជា​សមាជិកគ្រួសា​រ​ផងដែរ​។​

​សូមបញ្ជាក់ថា អំឡុងពេល​ពិសា​អាហារ​ពេល​ល្ងាច​ក្នុង​ថ្ងៃបុណ្យ​ជាតិ​នៅ​ក្លឹប​ហាត់ប្រាណ Marsiling Mega ប្រធានសភា​បានបង្ហាញ​បំណង​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ថ្មី​។ លោកស្រី​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា ការ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ទាល់តែ​ពោរពេញ​ទៅដោយ​សមត្ថភាព​ដើម្បី​បម្រើ​ជាតិ​ក៏ដូចជា​ប្រជាជន​សិង្ហ​បុរី​ផងដែរ​។ ដូច្នេះហើយ ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​»​។​

​លោកស្រី Yacob ក៏បាន​ស្នើ​ឲ្យ​លោក លី បញ្ជូន​ទីប្រឹក្សា​មកជួយ​ការងារ​របស់​សមាជិក​សភា​បក្ស​សកម្មភាព​ប្រជាជន​មណ្ឌល​របស់​លោកស្រី​ផងដែរ​។ លោកស្រី​ក៏​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​រក​អ្នក​មក​ជំនួស​តួនាទី​ដែល​ទំនេរ​ឲ្យ​បាន​ឆាប់​បំផុត​មុនពេល​អ្នកស្រី​លាលែង​ពី​តំណែង ដើម្បី​ជួយ​សម្រាល​បន្ទុក​កិច្ចការ​សមាជិក​ដទៃទៀត​របស់​គណបក្ស​សកម្ម​ប្រជាជន​។​

​នៅ​ថ្ងៃ​ដដែល លោក លី សៀន​ឡុង ក៏បាន​ទទួល​លិខិត​លាលែង​របស់​លោកស្រី Yacob ដែរ​។ លោក លី បាន​អរគុណ​លោកស្រី Yacob ចំពោះ​សមិទ្ធផល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ លោក ក៏​គាំទ្រ​បំណង​របស់​លោកស្រី Yacob ក្នុងការ​ប្រជែង​កៅអី​ប្រធានាធិបតី​នេះ ដោយ​និយាយថា ប្រសិនបើ​ជាប់ឆ្នោត លោកស្រី​នឹង​បំពេញការងារ​ដោយ​អស់ពី​ចិត្ត​លើ​តួនាទី​ដ៏​ខ្ពង់ខ្ពស់​នេះ​៕


Tag:
 Halimah Yacob
 ​ ការបោះឆ្នោត​ជា​ប្រធានាធិបតី​
  Lee Hsien Loong
© រក្សាសិទ្ធិដោយ thmeythmey.com