ជាតិ
លោក Shinzo Abe អបអរ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​ជូន​សម្តេច ហ៊ុន សែន​
07, Aug 2017 , 10:31 pm        
រូបភាព
លោក Shinzo Abe រៀបចំខួបកំណើតជូនសម្តេច ហ៊ុន សែន។ រូបថត ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក Shinzo Abe រៀបចំខួបកំណើតជូនសម្តេច ហ៊ុន សែន។ រូបថត ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
អំឡុងពេល​នៃពិធី​លៀង​សាយភោជន៍​នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២១​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ជប៉ុន សម​ភាគី​របស់​សម្តេច គឺ​លោក Shinzo Abe បានធ្វើ​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​សម្តេច​។



​យោងតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន លោក Shinzo Abe បានរៀបចំ​ការអបអ​រ​ខួបកំណើត​ឈានចូល​អាយុ​៦៧​ឆ្នាំ ជូន​សម្តេច​។ ក្រោយពី​បុរស​ម្នាក់​កាន់​ខួបកំណើត​ដាក់​លើ​តុ​របស់​សម្តេច លោក Abe បាន​ដឹកនាំ​ការ​ច្រៀង «Happy Birthday to You» ជាមួយ​កាយវិការ​អមដោយ​បទ​ចម្រៀង​ជូនពរ​។​

​ក្រោយពី​ភ្លេង​ចប់ លោក Abe បាន​មានប្រសាសន៍ថា​៖ «​ជូនពរ​ថ្ងៃ​ខួបកំណើត សម្តេច​តេ​ជោ​»​។  សម្តេច​ក៏បាន​ផ្លុំ​ពន្លត់​ភ្លើងទៀន​ក្រោម​ស្នូរ​ទះដៃ​អបអរសាទរ​យ៉ាង​កង​រំពង ប្រកបដោយ បរិយាកាស​ស្និ​ទ្ឋ​ស្នាល និង​រីករាយ​បំផុត​។ នេះ​បើតាម​ការផ្សាយ​ពី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឈានចូល​អាយុ​៦៧​ឆ្នាំ កាលពី​ថ្ងៃទី​៥ ខែសីហា​។ ក្រៅពី​នំ​ខួបកំណើត លោក Abe ក៏បាន​ជូន​កាដូ​សម្រាប់​វាយកូនគោល​១​ឈុត​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ សម្រាប់​សម្តេច ហ៊ុន សែន នេះ​ជា​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​៕





Tag:
 សម្តេច ហ៊ុន សែន
  Shinzo Abe
© រក្សាសិទ្ធិដោយ thmeythmey.com