ជាតិ
JICA បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​នៅ​កម្ពុជា ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន
02, Sep 2017 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ គម្រោង​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​វិទ្យាស្ថាន​គរុកោសល្យ (E-TEC) ដើម្បី​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​នៅ​កម្ពុជា ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ជប៉ុន​(JICA)​។ លោក កូ​ហ្ស៊ី តាកាហាស៊ី ប្រធាន​គម្រោង E-TEC បាន​ថ្លែងថា គម្រោង​នេះ ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ដល់​គរុ​និស្សិត​កម្រិត​បឋម និង​អនុវិទ្យាល័យ​។

   
​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បាន​បង្កើត​គម្រោង​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​វិទ្យាស្ថាន​គរុកោសល្យ​(E-TEC) ដើម្បី​បង្រៀន​គរុកោសល្យ​ដល់​និស្សិត​ខ្មែរ​ចំនួន​៤​ឆ្នាំ​។ នេះ​ជា​គម្រោង​លើកដំបូង​បង្អស់​របស់​JICA ដែល​ចាប់យក​ខេត្ត​គោលដៅ​ចំនួន​ពីរ គឺ​ភ្នំពេញ និង​ខេត្តបាត់ដំបង ដើម្បី​សាកល្បង​គម្រោង​ផ្លាស់ប្តូរ​ពី​ការបង្រៀន​១២+២(​រៀន​គរុកោសល្យ​រយៈពេល​២​ឆ្នាំ​) ទៅជា​ការបង្រៀន​១២+៤ (​រៀន​គរុកោសល្យ​រយៈពេល​៤ ឆ្នាំ​)​វិញ​។  
    
​ប្រធាន​គម្រោង E-TEC លោក កូ​ហ្ស៊ី តាកាហាស៊ី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ថា គម្រោង​នេះ ចាប់ផ្តើម​ពី​ខែមករា​ឆ្នាំ ២០១៧ រហូតដល់​ខែធ្នូ​ឆ្នាំ​២០២២ ដែល​ស្ថិតនៅ​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ លោក​ពន្យល់ថា គម្រោង​រយៈពេល​៦​ឆ្នាំនេះ មាន​គោលដៅ​ប្តូរ​ពី​ការរៀន​គ្រូ​រយៈពេល​២​ឆ្នាំ ដោយ​ប្តូរ​ឲ្យ​គរុ​និស្សិត​រៀន​រយៈពេល​៤​ឆ្នាំ ដែលមាន​សញ្ញាបត្រ​ស្មើនឹង​បរិញ្ញាបត្រ​។    
              
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការរៀន​គ្រូ​រយៈពេល ២ ឆ្នាំ គឺ​មិន​គ្រប់គ្រាន់​នោះទេ​។ ប្រទេស​នៅក្នុង​តំបន់ គេ​បាន​ដើរ​មុន​កម្ពុជា ដោយ​គេ​ឲ្យ​គរុ​និស្សិត​រៀន​ចំនួន​៤​ឆ្នាំ ព្រោះ វា​ការពង្រឹង​ចំណេះដឹង និង​សមត្ថកិច្ច​គ្រូ​។ កន្លងមក JICA ធ្វើការ​ក្នុង​វិស័យ​អប់រំ​ច្រើន និង​បានធ្វើ​ការស្ទង់មតិ​មួយ ដោយ​រកឃើញថា សមត្ថភាព​គ្រូ​កម្ពុជា​នៅមានកម្រិត​។ ដូច្នេះ បានជា JICA ងាក​ទៅ​ផ្តោតលើ​គម្រោង​ការផ្តល់​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​គ្រូ​កម្រិត​បឋម និង​មធ្យមសិក្សា​វិញ​»​។      
       
​លោក កូ​ហ្ស៊ី តាកាហាស៊ី រំពឹងថា គម្រោង​នេះ នឹង​ជួយ​បណ្តុះបណ្តាល​គរុ​និស្សិត​កម្ពុ​ជាជាង​៧០០​នាក់​ក្នុង​មួយឆ្នាំ ដោយ​ក្នុងនោះ នៅ​ឆ្នាំ ២០១៨ JICA នឹង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​មួយ​នៅ​ខេត្តបាត់ដំបង និង​មួយកន្លែង​ទៀត​នៅ​ភ្នំពេញ ព្រមទាំង​ផ្តល់​សាស្ត្រាចារ្យ​មកពី​ប្រទេស​ជប៉ុន​៨​នាក់​ផងដែរ​។ លើសពីនេះ     មាន​និស្សិត​ខ្មែរ​ប្រមាណ ១០​នាក់ កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ជប៉ុន ដែលមាន​ជំនាញ​ផ្នែក​គរុកោសល្យ នឹង​ត្រឡប់មក​កម្ពុជា​នៅពេល​ពួកគេ​រៀន​ចប់ ហើយនឹង​ចូលរួម​បង្រៀន​នៅ​វិទ្យាស្ថាន​ទាំងពីរ​ខាងលើនេះ​។    
  
​ការបង្រៀន​គរុ​និស្សិត​រយៈពេល​៤​ឆ្នាំ ឬ​១២+៤​នេះ បាន​បង្កើតឡើង​ដោយ​ប្រទេស​សិង្ហ​បុរី ដោយបាន​ធ្វើ​ឲ្យ​គ្រូ​មានចំណេះដឹង និង​សមត្ថភាព​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក កូ​ហ្ស៊ី តាកាហាស៊ី ដោយ​ពន្យល់ថា JICA បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្រៀន​ដោយ​តាម​ប្រព័ន្ធ​នេះ​នៅ​កម្ពុជា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​គ្រូ​កម្រិត​បឋមសិក្សា និង​អនុវិទ្យាល័យ​នៅ​កម្ពុជា ដែល​ទទួលស្គាល់​ដោយ​សញ្ញាបត្រ​បរិញ្ញាបត្រ​ផងដែរ​៕         
 
 

Tag:
 JICA
 ​ ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com