អន្តរជាតិ
ចិន​ប្រកាស​បង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោម​«​គំនិត​ផ្តួចផ្តើម​វិថី​សូត្រ​»
20, Sep 2017 , 7:19 pm        
រូបភាព
(Dunhuang)៖ ចិន​បានប្រកាស​បង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (BRI) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​បណ្ឌា​រដ្ឋ​សមាជិក​គំនិត​ផ្តួចផ្តើម​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។



​ប្រធាន​សារព័ត៌មាន​រដ្ឋ​ចិន People’s Daily លោក Yang Zhenwu បានប្រកាស​ក្នុង​ពិធី​បើក​កិច្ច​វេទិកា​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្នាំ ២០១៧ នៅ​ក្រុង Dunhuang នា​ថ្ងៃ​អង្គារ​ទី ១៩ ខែកញ្ញា​ថា ស្ថាប័ន​លោក​នឹង​បង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Belt and Road Media Cooperation Center) ដើម្បី​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ស្ថិតក្នុង​ប្រទេស​សមាជិក​គំនិត​ផ្តួចផ្តើម​វិថី​សូត្រ​។​

​តំណាង​ស្ថាប័ន​សារព័ត៌មាន​ជាង ២៦០ មកពី​ប្រទេស ១២៦ ទូទាំង​ពិភពលោក​ចូលរួម​ក្នុង​វេទិកា​កិច្ច​សហប្រតិបត្តិ​រៀបចំឡើង​ដោយសារ​ព័ត៌មាន​ចិន People’s Daily នៅ​ក្រុង Dunhuang ពីថ្ងៃ ១៩ ដល់​ថ្ងៃ ២០ ខែកញ្ញា​នេះ​។ សារព័ត៌មាន​ថ្មីៗ​ក៏​ស្ថិត​ក្នុងចំណោម​សារព័ត៌មាន​ច្រើនជាង ២៦០ ដែល​ចូលរួម​ក្នុង​វេទិកា​កិច្ចប្រជុំ​ដ៏​ធំ​ប្រចាំឆ្នាំ​នេះដែរ​។​

​ក្នុងនាម​ជា​តំណាង​ស្ថាប័ន​ផ្តួចផ្តើម​វេទិកា​នេះ លោក Yang បាន​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​សមាជិក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​។

​លោក​បាន​បន្ថែមទៀតថា មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្ថាប័ន​លោក​នឹង​បង្កើតឡើង​នោះ​នឹងធ្វើ​ការងារ​ជិតស្និទ្ធ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ក្នុងប្រទេស​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​វិថី​សូត្រ​នេះ​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដូចជា​ការបង្កើត​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​រួមគ្នា រួមទាំង​ប្រមូល​ផ្សព្វផ្សាយ និង​ចែករម្លែក​ព័ត៌មាន​ជាដើម​។ វា​នឹង​រួមចំណែក​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធានា​ប្រយោជន៍​ផ្សេងទៀត​។
​    ​
​ក្រៅពីនេះ ប្រធាន​ស្ថាប័ន​សារព័ត៌មាន​នៃ​បក្ស​កុម្មុយនីស្ត​ចិន​រូបនេះ​បាន​លើក​គំនិត​យោបល់​និង​ផែនការ​មួយចំនួន​ដែល​ស្ថាប័ន​លោក​នឹងធ្វើ​នៅពេល​ខាងមុខ​។   សារព័ត៌មាន People’s Daily នឹង​ជំរុញ​ការបង្កើត​ម​ជ្ឈ​ម​ណ្ឌល​ស្រាវជ្រាវ និង​មជ្ឈមណ្ឌល​វប្បធម៌ ដើម្បី​បង្កើត​ផែនការ និង​ផ្តល់​មតិយោបល់ដែល​មាន​ទស្សនវិស័យ​វែងឆ្ងាយ និង​ប្រកបដោយ​ការស្ថាបនា​ផងដែរ​។

​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (OBOR)  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ។

​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលដៅ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ដោយ​វា​ផ្អែក​លើផ្លូវ​ពាណិជ្ជកម្ម​សម័យបុរាណ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ទាំង​ពិភពលោក​ច្រើនជាង ៦0 មាន​ទាំង​អាស៊ី​, អាហ្វ្រិក​និង​អឺរ៉ុប​ផងដែរ​។ ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅ​ចុងឆ្នាំ​២០១៥ ៕


Tag:
 ​ចិន​
  Dunhuang
  BRI
  Gansu
  People’s Daily
© រក្សាសិទ្ធិដោយ thmeythmey.com