ជាតិ
កូន​សត្វ​ក្រៀល ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ចំនួន ៥០​ក្បាល បាន​ញាស់​ចេញពី​សំបុក​
03, Oct 2017 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កូន​សត្វ​ក្រៀល ដែលជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះជា​សាកល​ចំនួន​៥០​ក្បាល បាន​ញាស់​ចេញពី​សំបុក នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ កូន​សត្វ​ក្រៀល​ដែល​ទើប​ញាស់​ទាំងនេះ គឺ​បង្ហាញ​ពី​ក្តីសង្ឃឹម​នៃ​ការអភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ កុំ​ឲ្យ​បាត់បង់​។​



​លោក សួង ច័ន្ទ​សុជាតិ អនុប្រធាន​មន្ទី​បរិស្ថាន​ខេត្តព្រះវិហារ បាន​និយាយថា តំបន់​ខ្ពង់រាប​ភាគ​ខាងជើង គឺជា​ជម្រក​ពង​កូន​របស់​សត្វ​ក្រៀល ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក បាន​បន្ថែមថា ជោគជ័យ​នៃ​ការការពារ​សំបុក​សត្វ​ក្រៀល​សម្រាប់​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នៅ​តំបន់​នេះ បាន​ចូលរួម​សកម្មភាព​យ៉ាងសំខាន់​ដល់​ការអភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។ លោក សួង ច័ន្ទ​សុជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការថែរក្សា​និង​ការការពារ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នេះ ពិតជា​សំខាន់​ខ្លាំងណាស់​ដើម្បី​ធានា​ដល់​ការពង​កូន និង​ការរស់រាន​នៃ​ហ្វូង​សត្វ​ក្រៀល​នៅក្នុង​ប្រទេស​កម្ពុជា​»​។​



​អ្នកសម្របសម្រួល​គម្រោង​ត្រួតពិនិត្យ និង​តាមដាន​សត្វព្រៃ​របស់​អង្គការ WCS បាន​និយាយថា តាមរយៈ​ការចូលរួម និង​គាំទ្រ​ពី​សំណាក់​អ្នកភូមិ ក្រុម​ល្បាត និង​ក្រុម​ស្រាវជ្រាវ បាន​រកឃើញ​សំបុក​សត្វ​ក្រៀល​ចំនួន​២៧​សំបុក នៅក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៅ​ឆ្នាំនេះ ដោយ​ក្នុងនោះ​សំបុក​ចំនួន​១០​នៅក្នុង​ដែន​ជម្រក​អភិរក្ស​សត្វព្រៃ​ឆែប និង​១៧​សំបុក​ទៀត នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព​។​

​ក្រៀល គឺជា​សត្វ​ស្លាបមាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់ រហូតដល់​១,៦៥​ម៉ែត្រ​។ វា​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ICUN ជា​ប្រភេទ​ងាយ​រងគ្រោះ ពីព្រោះ​ចំនួន​ពួកវា​នៅលើ​សាកលលោក​នៅតែ​បន្ត​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​បាត់បង់ និង​ការថយចុះ​ជម្រក​ដី​សើម ការរំខាន​របស់​មនុស្ស និង​ផលប៉ះពាល់​ពី​ការបំពុល​ផ្សេងៗ​។ សត្វ​ក្រៀល​មាន​រស់​នៅតែ​ក្នុងប្រទេស​អូស្ត្រាលី កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន នេ​ប៉ាល់ និង​វៀតណាម​ប៉ុណ្ណោះ​។ ហើយ​តួលេខ​នៃ​ចំនួន​សត្វ​ក្រៀល​នៅលើ​សាកលលោក​មាន​ចំនួន​១០០០០​ក្បាល ក្នុងនោះ​ចំនួន​៥០០​ក្បាល មាននៅ​ក្នុងប្រទេស​កម្ពុ​ជា​។​



​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ចំនួន​សត្វ​ក្រៀល​មានការ​ធ្លាក់ចុះ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ តំបន់​វាលស្មៅ​លិច​ទឹក​នៅតាម​រដូវ​នៅក្នុង​តំបន់​ខ្ពង់រាប ដែលជា​ជម្រក​មួយ​នៃ​ចំនួន​ជម្រក​តិចតួច​ក្នុងប្រទេស​កម្ពុជា​នោះ សត្វ​ក្រៀល​ពង​កូន កំពុង​រង​ការគំរាមកំហែង​ដោយសារ​ការផ្លាស់ប្ដូរ​តំបន់​វាលស្មៅ​នេះ ទៅជា​តំបន់​វាលស្រូវ​ជាដើម​។ ការធ្វើជំរឿន​ក្នុង​ឆ្នាំ​២០១៦ បាន​រកឃើញថា ចំនួន​សត្វ​ក្រៀល​ក្នុងប្រទេស​កម្ពុជា​ធ្លាក់ចុះ​ទាប​នៅសល់ ៤៣៣​ក្បាល​ប៉ុណ្ណោះ​។​

​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា មាន​ប្រភេទ​ព្រៃ​ល្បោះ និង​វាលស្មៅ​លិច​ទឹក​តាម​រដូវ ដែល​ផ្ដល់​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ហ្វូង​សត្វ​ក្រៀល​ធ្វើ​សំបុក និង​ពង​កូន​។ អង្គការ WCS និង​ក្រសួងបរិស្ថាន ជួល​សមាជិក​សហគម​ន៍​ឲ្យ​ថែរក្សា​សំបុក​សត្វ​ក្រៀល ដោយសារ​សត្វ​ក្រៀល​ពង​ផ្ទាល់​នឹង​ដី រង​ការគំរាមកំហែង និង​ការ​ប្រមូលយក​ពង​និង​សត្វ​ដទៃ​ស៊ី​ពង​របស់​វា​ជាដើម​៕








Tag:
 សត្វ​ក្រៀល​
 ​​ WCS
© រក្សាសិទ្ធិដោយ thmeythmey.com