ជាតិ
កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​នាវា​ផ្ទុក​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ដែល​បើក​ចេញពី​កូ​រ៉េ​ខាង​ជើងទេ​
03, Oct 2017 , 3:13 pm        
រូបភាព
​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​អះអាងថា​កម្ពុជា គ្មាន​ពាក់ព័ន្ធ​អ្វី នឹង​នាវា​បំពាក់​ទង់ជាតិ​កម្ពុ​ជាមួយ​គ្រឿង​ដែល​បាន​ដឹក​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ជាង​៣​ម៉ឺន​ដើម ចេញពី​កូរ៉េខាងជើង​នោះឡើយ​។ ការអះអាង​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្សាយ​របស់​កាសែត The Washington Post ។



​តាម The Washington Post  គយ​អេ​ហ្ស៊ី​ប បាន​រកឃើញ​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ជាង​៣​ម៉ឺន​ដើម ដែល​លាក់​ក្នុង​នាវា​ដឹកទំនិញ​ឈ្មោះ Jie Shun បំពាក់​ទង់ជាតិ​កម្ពុជា ហើយ​នាវា​នេះ បានធ្វើ​ដំណើរ​ចេញពី​កូរ៉េខាងជើង​។  

​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​គូសបញ្ជាក់ថា កម្ពុជា បាន​បិទ​បញ្ឈប់​ការចុះបញ្ជី​នាវា ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ម្ចាស់​នាវា ដែលមាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាមួយ​ទង់ជាតិ​កម្ពុជា​នៅមាន​សុពលភាព កម្ពុជា អនុញ្ញាត​ឲ្យ​នាវា​ទាំងនោះ ធ្វើ​ប្រតិបត្តិការ​ក្រោម​ទង់ជាតិ​កម្ពុជា រហូតដល់​ចុងខែ​សីហា ឆ្នា​២០១៦  ហើយ​នាវា​ទាំងឡាយណា ដែល​ប្រតិបត្តិការ​ក្រោម​ទង់ជាតិ​កម្ពុជា ក្រោយ​ថ្ងៃនេះ គឺ​ខុសច្បាប់ និង​អាច​ត្រូវដាក់​ទោស​ដោយ​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ​។

​ជាមួយគ្នានេះដែរ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ជូនដំណឹង​ដល់​សាធារណរដ្ឋ​កូរ៉េ​នៅ​ភ្នំពេញ តាមរយៈ​កំណត់​ទូត ថា​នាវា​ចំនួន​៣​គ្រឿង​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​មួយ​បំពាក់​ទង់ជាតិ​កម្ពុជា ត្រូវបាន ISROC លុប​ចេញពី​បញ្ជី​។​

​យ៉ាងណាក៏ដោយ​បើតាម The Washington Post ដដែល ក្រោយ​ចំណាយពេល​ស៊ើបអង្កេត ប្រមាណ​១​ខែ រឿង​គួរ​ភ្ញាក់ផ្អើល​នោះ គឺ​អ្នក​ដែល​ទិញ​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ទាំងនេះ គឺ​អេ​ហ្ស៊ី​ប​ខ្លួនឯង​៕


Tag:
 កម្ពុជា​
 ​ រ៉ុ​ក​កែ​ត​
  ​កូ​រ៉​ខាងជើង​
  ​ការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com