ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយ​ជាង​៣៥​លាន​ដុល្លារ សង់​និង​ត​ភ្ជាប់​ស្ពាន​បន្ទាន់ នៅ​ខេត្តព្រៃវែង និង​ក្រចេះ​
03, Oct 2017 , 4:06 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក​ទៀត​ដល់ក​ម្ពុ​ជា​ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ជំនួយឥតសំណង​នេះ ដើម្បី​អនុវត្ត​គម្រោង​«​សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​»​។ គម្រោង​នេះ​នឹង​សាងសង់ និង​ត​ភ្ជាប់​ស្ពាន​សរុប​ចំនួន​៧ ក្នុងនោះ​ស្ពាន​ចំនួន​២ ស្ថិតនៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ ក្នុង​ខេត្តព្រៃវែង និង​ស្ពាន​៥​ទៀត ស្ថិតនៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៣ ក្នុង​ខេត្តក្រចេះ​។



​គម្រោង​នេះ មានបំណង​ធានា​ការដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​ប្រកបដោយ​សុវត្ថិភាព រលូន និង​ស្ថិរភាព​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់ តាមរយៈ​សាងសង់​ស្ពាន​ថ្មី ជំនួស​ឲ្យ​ស្ពាន​បណ្ដោះអាសន្ន ដែល​អាច​ចូលរួមចំណែក​លុបបំបាត់​ភាព​ងាយ​រងគ្រោះ​ធម្មជាតិ ក្នុង​តំបន់​គោលដៅ​។ រដ្ឋាភិបាល​ជប៉ុន​រំពឹងថា​គម្រោង​នេះ នឹង​លើកស្ទួយ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា និង​ជួយ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​។​



​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ប្តូរ​លិខិត​សារ​ស្តីពី​កា​ផ្ដល់ជំនួយ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃទី​៣ ខែតុលា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា កម្ពុជា​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ចំនួន​២​ដង​រួចហើយ គឺ​នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន​ប្រមាណ​១​លាន ៧​សែន​នាក់ ដែល​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អស់​ជាច្រើន​។ 

​បើតាម លោក  ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា តាមរយៈ​គម្រោង​នេះ នឹង​សង់ និង​ត​ភ្ជាប់​ស្ពាន​សរុប​ចំនួន​៧ ក្នុងនោះ​ស្ពាន​២ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ ក្នុង​ខេត្តព្រៃវែង និង​ស្ពាន​ចំនួន​៥ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៣ ក្នុង​ខេត្តក្រចេះ ដើម្បី​ធានា​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​ប្រកបដោយ​សុវត្ថិ​ភាពរលូន និង​ស្ថិរភាព ក្នុង​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

​លោក ប្រាក់ សុខុន បាន​ថ្លែងថា ថវិកា​ជំនួយ​ថី្ម​នេះ មិន​ត្រឹមតែ​សម្រួល​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ​។ 



​សូមបញ្ជាក់ថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៧​មក រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​អភិវឌ្ឍន៍ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សរុប ២៨​ពាន់​លាន​យ៉េន ស្មើនឹង​ប្រមាណ ២៤៩​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​មាន​ជំនួយឥតសំណង​ប្រមាណ ៤០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស និង​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ និង​ឥណទាន​សម្បទាន​ប្រមាណ​២០៩​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​៕


Tag:
 ជំនួយ​
 ​ ជប៉ុន​-​កម្ពុជា​
 ​ ប្រាក់ សុខុន​
 ​ ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​
© រក្សាសិទ្ធិដោយ thmeythmey.com