ជាតិ
មេធាវី ប្រើ​ស្ទើរ​គ្រប់​នីតិវិធី​ដើម្បី​ជួយ​ឯ​.​ឧ កឹម សុខា ទោះ​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ក្តី​
03, Oct 2017 , 5:17 pm        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ជោគជ័យ ឬ​បរាជ័យ មិនមែនជា​រឿង ដែល​មេធាវី ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ត្រូវផ្តោត​អារម្មណ៍​នោះទេ​។ អ្វីដែល​ក្រុម​មេធាវី ត្រូវ​យកចិត្តទុកដាក់ គឺ​ការប្រើ​សមត្ថភាព​ផ្នែក​ច្បាប់ ដើម្បី​ទប់ទល់​ជាមួយ​តុលាការ ក្នុងការ​ការពារ​ឯក​ឧ​ត្ត​ម កឹម សុខា ដែលជា​កូនក្តី​។ ចំណែក អ្នកវិភាគ បានចាត់ទុក​ថា​ជា​រឿង​នយោបាយ ដូច្នេះ​ក្រុម​មេធាវី ស្ទើរតែ​មិនមាន​ផ្លូវ ដែល​អាច​ទទួលបាន​ជោគជ័យ  ក្នុង​សំណុំរឿង របស់​ឯកឧត្តម កឹម សុខា​។  ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច តប​វិញ​ថា ទោះ​បុគ្គល​នោះ ជា​អ្ន​នយោបាយ ឬ​មាន​ឋានៈ​ជា​អ្វី​ដ៏​ដោយ ឲ្យ​តែ​ធ្វើ​ខុសច្បាប់ តុលាការ នឹង​ចាត់វិធានការ​។



​ក្រុម​មេធាវី​ទាំង​ប្រាំបី​រូប ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ជួយ​កូនក្តី​របស់ខ្លួន គឺ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្រោម​ការចោទប្រកាន់រ​បស់​សមត្ថកិច្ច​និង​តុលាការ ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។ ឲ្យ​តែ​មើលឃើញ​ច្រក​ណាមួយ​ផ្នែក​នីតិវិធី ដែល​អាច​នាំ​ផលប្រយោជន៍​ដល់​ឯកឧត្តម កឹម សុខា ក្រុម​មេធាវី នឹង​ចាប់​ផ្តើមធ្វើ​ភ្លាម​។

​រាប់​តាំងពី​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​កំពូល សុទ្ធតែ​ទទួលបាន​សំណើ​និង​សំណុំរឿង ពី​ក្រុម​មេធាវី​របស់​ឯកឧត្តម កឹម សុខា​។ បំណង​តែមួយគត់​របស់​ក្រុម​មេធាវី ដែល​បញ្ជូន​សំណើ​ទៅកាន់​តុលាការ​គ្រប់លំដាប់​ថ្នាក់ គឺ​ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា បាន​ចាក​ចេញពី​ពន្ធនាគារ ឬ​យ៉ាងហោចណាស់ ទទួលបាន​ប្រយោជន៍​ណាមួយ​ក្នុង​ប្រព័ន្ធយុត្តិធម៌​។​

​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ក្រុម​មេធាវី បាន​ជួបគ្នា​ជា​ញឹកញាប់ ដើម្បី​ពិភាក្សា​ក្នុងការ​ស្វែងរក​មធ្យោបាយ​ផ្លូវច្បាប់ ដែល​អាចជួយ​ឯកឧត្តម កឹម សុខា​។ នេះ​ជាការ​អះ​អាះ​របស់លោក សំ សុ​គង់ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំបី​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​ឯ​ឧ​ត្ត​ម កឹម សុខា​។

​បើតាម​លោក សំ សុ​គង់ ក្រុម​មេធាវី បានធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ យ៉ាងតិច​ចំនួន​បី​ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​ពិភាក្សា ក៏ដូចជា​ផ្តល់យោបល់​ផ្លូវច្បាប់​ដល់​ឯកឧត្តម កឹម សុខា​។ លោក សំ សុ​គង់ សង្កត់ធ្ងន់ថា ពេល​ជួបគ្នា ក្រុម​មេធាវី ក៏មាន​ឱកាស​បាន​ជម្រាប​ពី​ស្ថានការណ៍​ប​ច្ចប្ប​ន្ន ដល់​ឯកឧត្តម កឹម សុខា ដែរ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការវិវត្ត​នូវ​រឿងក្តី​។

​រីឯ​លោក ហែម សុជាតិ មេធាវី​មួយរូប​ទៀត ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ការពារ​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា ដែរនោះ ក៏​មិន​យល់​ខុសពី​លោក សំ សុ​គង់ ប៉ុន្មាន​ដែរ​។ សម្រាប់​លោក ហែម សុជាតិ ក្រុម​មេធាវី គ្មានអ្វី​ផ្សេង​ត្រូវ​ពឹងផ្អែក​នោះទេ ក្រៅតែពី​ការប្រើ​សមត្ថភាព​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​ឯកឧត្តម កឹម សុខា​។ លោក​សង្កត់ធ្ងន់ថា ក្នុងការ​ការពារ​ក្តី ក្រុម​មេធាវី មិនទាន់​គិតដល់​រឿង​ចាញ់-​ឈ្នះ នោះទេ​។

«​ក្នុងនាម​ជា​មេធាវី ត្រូវ​ប្រឹងប្រែង​ធ្វើ​អ្វី​តាម​នីតិវិធី​។ ទោះជា​រឿងនេះ មើលទៅ ដូច​ជាមាន​លក្ខណ​នយោបាយ​ច្រើនក្តី តែ​យើង នៅតែ​តស៊ូ​តាមផ្លូវ​ច្បាប់​។ ឲ្យ​តែ​នីតិវិធី នៅមាន នៅ​បើកចំហ ដែល​អាច​ឲ្យ​យើង អាចធ្វើ​បាន យើង នៅតែ​តស៊ូ​។ យើង ខ្លាច​តែ​នីតិវិធី​អស់ ឬ​មិន​អាចធ្វើ​បន្តទៀត​បាន ទើប​យើង​ឈប់​»​។ នេះ​គោលជំហរ​របស់​ក្រុម​មេធាវី ដែល​លោក ហែម សុជាតិ បានលើកឡើង​។

​យ៉ាងណា ក្នុង​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា លោក​មេធាវី​រូបនេះ នៅតែ​សង្ឃឹមលើ​ភាពល្អប្រសើរ​ផ្នែក​នយោបាយ ជាជាង​ការប្រើ​យន្តការ​ច្បាប់​។ លោក យល់ថា ប្រសិនបើ​កម្តៅ​នយោបាយ អាច​ថមថយ នោះ​ការតស៊ូ​តាមផ្លូវ​ច្បាប់ ក្នុង​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា អាច​នឹងមាន​សង្ឃឹម​ច្រើន​។

​ការតស៊ូ​របស់​ក្រុម​មេធាវី ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ឯកឧត្តម កឹម សុខា អាច​ទទួលបាន​ផល​វិជ្ជមាន​តិចតួច​បំផុត ចំពោះ​ការមើលឃើញ​របស់លោក មាស នី ដែលជា​អ្នកវិភាគ​នយោបាយ​មួយរូប​នៅ​កម្ពុជា​។ រាប់​ចាប់តាំងពី​មន្ត្រី សកម្មជន អ្នកនយោបាយ តំណាងរាស្ត្រ រហូតដល់​ឯកឧត្តម សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​បរាជ័យ​ក្នុង​ការតស៊ូ​ផ្លូវច្បាប់ ក្នុង​ប្រព័ន្ធតុលាការ បាន​ក្លាយជា​បទពិសោធ​សម្រាប់​អ្នកវិភាគ​រូប​នេះ ហើយ​បាន​សន្និដ្ឋាន​ទុកជាមុន​ថា ករណី​របស់​ឯកឧត្តម កឹម សុខា ក៏​ទំនងជា​មិន​ខុសពី​គ្នា​ប៉ុន្មាន​ដែរ​។

​អ្វីដែល ធ្វើ​ឲ្យ​លោក មាស នី មើលឃើញថា យុត្តិធម៌  រឹតតែ​មិន​ងាយ​កើតឡើង​នោះ គឺ​នៅត្រង់ថា បញ្ហា​របស់​ឯកឧត្តម កឹម សុខា ជា​រឿង​នយោបាយ​។ លោក សង្កត់ធ្ងន់​ថា ឯកឧត្តម កឹម សុខា អាចនឹងទទួល​បាន​យុត្តិធម៌ លុះត្រាតែ​តុលាការ ប្រើ​ស្តង់ដា​តែមួយ ក្នុងការ​កាត់ក្តី​។

​អ្នកវិភាគ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​មិន​ប្រើ​ស្តង់ដា​ពីរ អាចនឹងទទួល​បាន​យុត្តិធម៌​។ តែ​ពិបាក ត្រង់​ច្បាប់​យើង គឺ​អាស្រ័យ​លើ​អ្នក​ថា​។ ដល់ពេល​អ៊ីចឹង វា ចេះតែមាន​បញ្ហា​រហូត​»​។ 
 
«​កុំ​យក​រឿង​របស់​អ្នកនយោបាយ មក​ធ្វើជា​រឿង​នយោបាយ​។ អ្នកណា​ក៏ដោយ ទោះជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចៅក្រម ឬ​តុលាការ ក៏​ស្ថិតក្រោម​ការអនុវត្ត​ច្បាប់​ដែរ ឲ្យ​តែ​ធ្វើ​ខុសច្បាប់​។ ច្បាប់ គឺ​តែមួយ​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៅកាន់​អ្នកវិភាគ​នយោបាយ​។

​លោក សុន ឥសាន នៅតែ​និយាយថា ឯកឧត្តម កឹម សុខា រួមទាំង​អតីត​មេដឹកនាំ និង​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​កន្លងមក ពិតជា​បានធ្វើ​ខុស​នឹង​ច្បាប់​។ លោក ថ្លែង​ការពារ​សមត្ថកិច្ច​និង​តុលាការ​ថា ចំណាត់ការ​ទាំងអស់ គឺធ្វើឡើង​តាមច្បាប់​។ លោក និយាយ​បែបនេះ​ថា​៖«​គាត់ ជា​អ្នកធ្វើ​ខុសច្បាប់​។ បើ​មិន​ខុស គេ​មិន​ចាប់​ទេ​។ គេ ធ្វើ គឺ​ធ្វើតាម​ច្បាប់ មិនមែន​ធ្វើ​លេងៗ​ទេ​»​។

​ក្រោយ​ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ ក្រុម​មេធាវី ក៏​ចាប់ផ្តើម​សុំ​ជំទាស់​។ សំណើសុំ​ជំទាស់​របស់​ក្រុម​មេធាវី គឺធ្វើឡើង​នៅឯ​សាលាឧទ្ធរណ៍​។ ប៉ុន្តែ សាលាឧទ្ធរណ៍ បាន​ច្រានចោល​សំណើ​ខាងលើ តាមរយៈ​ការបើក​សវនាការ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧ ដោយ​គ្មាន​វត្តមាន​របស់​ឯកឧត្តម កឹម សុខា ហើយ​ក្រុម​មេធាវី ក៏បាន​ធ្វើពហិកា មិន​ចូលរួម​ដែរ​។ ក្នុងន័យនេះ សាលាឧទ្ធរណ៍ យល់ថា ការចាប់​និង​ការឃុំខ្លួន​ឯកឧត្តម កឹម សុខា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច គឺ​ត្រឹមត្រូវ​តាម​នី​តី​វិធី​។ ដូច្នេះ សាលាឧទ្ធរណ៍ ក៏​បន្ត​ឲ្យ​ឯកឧត្តម កឹម សុខា ​ជាប់ឃុំ​ដដែល​។

​ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺជា​រឿង​អយុត្តិធម៌ សម្រាប់​ឯកឧត្តម កឹម សុខា​។ ក្រុម​មេធាវី​យល់ឃើញ​ដូច្នេះ ហើយក៏​បានដាក់​បណ្តឹង​សាទុក្ខ​ទៅកាន់​តុលាការ​កំពូល ដើម្បី​បន្ត​សុំ​ជំទាស់​នឹង​សាលាឧទ្ធរណ៍ ដែល​យល់​ស្របតាម​សាលាដំបូង ក្នុងការ​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ តុលាការ​កំពូល មិនទាន់បាន​ផ្តល់ដំណឹង​ទៅកាន់​ក្រុម​មេធាវី​វិញ​នោះទេ ថា​នឹង​បើកសវនាការ​នៅពេលណា ចំពោះ​បណ្តឹងសាទុក្ខ​នេះ​។  

​ក្រៅពី​សុំ​ជំទាស់​នឹង​ការឃុំខ្លួន ក្រុម​មេធាវី ក៏បាន​ដាក់សំណើ​មួយទៀត ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​។ សំណើ​នោះ គឺ​ដើម្បី​សុំ​ឲ្យ​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​ឯកឧត្តម កឹម សុខា តែម្តង​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ មិនទាន់​ឆ្លើយតប​ទៅកាន់​ក្រុម​មេធាវី​ឡើយ​។

​ដោយសារតែ​ការដាក់​សំណើសុំ​ឲ្យ​លើកលែង​ការចោទប្រកាន់ មាន​រយៈពេល​យូរ តែ​ចៅក្រម​ស៊ើបសួរ​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ក្រុម​មេធាវី គ្រោង​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​។ តាម​នីតិវិធី ប្រសិនបើ​សាលាដំបូង មិន​ព្រម​ឆ្លើយតប ក្រុម​មេធាវី អាច​បន្ត​ដាក់សំណើ​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​សម្រេច​ជំនួស​។

​លើសពីនេះ ក្រុម​មេធាវី ក៏មាន​គម្រោង​ដាក់សំណើ​មួយ​ផ្សេងទៀត ទៅកាន់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ផងដែរ​។ នោះ គឺ​សំណើសុំ​ឲ្យ​បញ្ជូន​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ឃុំ​នៅ​ពន្ធនាគារ​រាជ​ភ្នំពេញ (PJ) វិញ​។ ការធ្វើ​បែបនេះ អាចជួយ​សម្រួល​ដល់​ក្រុម​មេធាវី ងាយស្រួល​ក្នុងការ​ទៅ​ជួប​ឯកឧត្តម កឹម សុខា ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ ហើយក៏​អាចជួយ​សម្រួល​ដល់​នីតិវិធី​របស់​តុលាការ​ផងដែរ​។ នេះ​ជាការ​យល់ឃើញ​របស់​ក្រុម​មេធាវី​។ 

​ចំណែកឯ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​វិញ ក៏​នៅ​មិន​ស្ងៀម​ដែរ​។ ពួកគេ នៅតែ​បន្ត​ទាមទារ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ដោយ​ឥ​តលក្ខខណ្ឌ​។ ផ្ទាំង​រូប​ឯកឧត្តម កឹម សុខា ត្រូវបាន​លើកឡើង​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស​។ ពាក្យ​ថា «​ដោះលែង​លោក​ប្រធាន​កឹម សុខា ដោយ​ឥ​ត​លក្ខខណ្ឌ​» ត្រូវបាន​សរសេរ​លើ​ផ្ទាំង​រូប​ទាំងនោះ​។ 

​ម្យ៉ាងទៀត ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​នាំ​គា្ន​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ជា​រៀងរាល់ថ្ងៃ​ចន្ទ ដើម្បី​សុំចូល​ជួប​ឯកឧត្តម កឹម សុខា​។ ប៉ុន្តែ សមត្ថកិច្ច នៅតែ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ ចូលជួប​ឯកឧត្តម កឹម សុខា ដដែល​។

​រយៈពេល​មួយខែ នៃ​ការតស៊ូ​របស់​មេធាវី រួមទាំង​ក្រុមតំណាងរាស្ត្រ ដោយមាន​អ្នកគាំទ្រ​មួយចំនួន ចូលរួម​ផង​នោះ នៅ​មិនទាន់​ទទួលបាន​ជោគជ័យ​អ្វី​ឡើយ​។ ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល​មួយខែ ឯកឧត្តម កឹម សុខា បានចេញ​សារលិខិត នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២0១៧​។​

​ក្នុង​សារលិខិត​នោះ ឯកឧត្តម កឹម សុខា បាន​អះអាងថា ឯកឧត្តម ពុំ​បានធ្វើ​ខុសច្បាប់ ដូច​ការចោទប្រកាន់រ​បស់​តុលាការ​នោះទេ​។ ឯកឧត្តម កឹម សុខា បាន​ហៅ​ការចាប់ខ្លួន​ឯកឧត្តម ទាំង​ពាក់​កណ្តាលអធ្រាត្រ ហើយ​នៅមាន​អភ័យឯកសិទ្ធិសភា ថា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ​។

​ពី​ក្នុង​ពន្ធនាគារ ឯកឧត្តម កឹម សុខា នៅតែ​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ ឲ្យ​តស៊ូ​ស្វែងរក​យុត្តិធម៌ សម្រាប់​សង្គម​ទាំងមូល​។ តាមរយៈ​សារលិខិត ឯកឧត្តម កឹម សុខា បានបង្ហាញ​ជំហរ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ទោះ​រូប​កាយ​ខ្ញុំ ត្រូវ​ជាប់ឃុំ តែ​គ្មាន​រណា​ម្នាក់ អាច​ឃុំ​ឧ​ត្ត​ម​គតិ​ខ្ញុំ​បានឡើយ​»៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com