កីឡាជាតិ
ជាតិ
ទៀត គឹម​ហេង រំពឹង​បាន​លទ្ធផល​ល្អ​ពី​ឥណ្ឌូណេស៊ី​ដើម្បី​ជា​ទុន​ទឹកចិត្ត​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ AFC U19
03, Oct 2017 , 10:39 pm        
រូបភាព
ប្រធានក្រុម U19 កម្ពុជាកីឡាករ ទៀត គឹមហេង និយាយពេលចូលរួមសន្និសីទសារព័ត៌មាននៅប្រទេសឥណ្ឌូណេស៊ី, រូបភាពពី FFC
ប្រធានក្រុម U19 កម្ពុជាកីឡាករ ទៀត គឹមហេង និយាយពេលចូលរួមសន្និសីទសារព័ត៌មាននៅប្រទេសឥណ្ឌូណេស៊ី, រូបភាពពី FFC
ដោយ:
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ U19 ឥណ្ឌូណេស៊ី​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៤ ខែតុលា នៅ​កីឡដ្ឋាន Patriot Candrabaga Stadium ប្រទេស​ឥណ្ឌូណេស៊ី​។ ប្រធាន​ក្រុម U19 កម្ពុជា​កីឡាករ ទៀត គឹម​ហេង ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ ដើម្បី​ធ្វើជា​កាដូ​លើកទឹកចិត្ត​មុន​ថ្ងៃ​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ AFC U19 Championship 2018 ក្នុង​ពូ​ល G នា​ចុងខែ​តុលា​ខាងមុខ​។



​ខ្សែបម្រើ​និង​ជា​ប្រធាន​ក្រុម U19 កម្ពុជា​កីឡាករ ទៀត គឹម​ហេង បានចាត់ទុក​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ U19 ឥណ្ឌូណេស៊ី​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ AFC U19 Championship 2018 ប្រចាំ​ពូ​ល G ចន្លោះ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ខាងមុខនេះ​។ ការចាត់ទុក​បែបនេះ​ដោយសារ គឹម​ហេង យល់ថា ជ័យជម្នះ​ជា​កាដូ​លើកទឹកចិត្ត និង​ជំរុញ​ទឹកចិត្ត​កីឡាករ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ប្រកួត​កាន់តែខ្លាំង​ថែមទៀត​។

​ទន្ទឹមនឹង​ការប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ខ្សែ​ម​ប្រើ​រូបនេះ​បាន​អះអាងថា ក្រុម U19 កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការ​តទល់​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​មួយ​នេះ​។ គឹម​ហេង រំពឹងថា U19 នឹង​ទទួលបាន​លទ្ធផល​ពី​ជំនួប​ដែល​រូបគេ​ចាត់ទុកជា​ការប្រកួត​ដ៏​តានតឹង និង​ស្វិតស្វាញ​មួយ​នេះ​។ 



​ជាមួយគ្នានេះ លោក Ohara Kazunori គ្រូបង្វឹក​ក្រុម U19 កម្ពុជា​ក៏បាន​បង្ហាញ​ពី​ការត្រៀមខ្លួន​សម្រាប់​ជំនួប​មិត្តភាព​នេះ​ផងដែរ ដោយ​លោក​អះអាងថា ក្រុម​របស់លោក​បាន​ត្រៀ​មយ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី​។ មិន​ខុសគ្នា​ពី​កីឡាករ ទៀត គឹម​ហេង នោះទេ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ​បានចាត់ទុក​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ ជា​បទពិសោធ​មួយ​ដ៏​ល្អ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព U19 កម្ពុជា សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ AFC U19 នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​តែ​យ៉ាងណា លោក Kazunori បាន​បញ្ជាក់ថា ការប្រកួត​មិត្តភាព​នេះ​ជា​ជំនួប​មួយ​ដ៏​តានតឹង​និង​ស្វិតស្វាញ​បំផុត​សម្រាប់​កម្ពុជា ព្រោះ U19 ឥណ្ឌូណេស៊ី​ជា​ក្រុម​ខ្លាំង​ដែលមាន​ទម្រង់​លេង​ល្អ​។ យ៉ាងណាក្តី​លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ជំនួប​នេះ​ក្លាយជា​ជំនួប​មួយ​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​។​

​កីឡាករ U19 ទាំង​២៣​រូប​រួមមាន​៖ អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ​, គង់ ពី​លត់ និង ជា វ៉ាន់​សាក់​, ខ្សែការពារ ឈឿង វិ​ស៊ី​នុ​, ផុន តៃនិញ​, លន ថេ​ន​, គឹម ឆៃ​យ៉ា​, ផន អញ​, ផា​ច សុជា​វីឡា​, រ័ត្ន ប៊ុន​នូ​,  និង សឿត ណា​រ៉ា​, ខ្សែបម្រើ ទៀត គឹម​ហេង​, ឡុង ម៉េង​ហាវ​, ហេង ទីណា​, ទូច គឹម​ឆាយ​, ត្រាយ វិចិត្រ​, សាន គឹម​ហេង​, ថា ច័ន្ទ​ឬ​ទ្ធី និង ឃាង ម៉េង​ហួរ ខ្សែប្រយុទ្ធ សៀង ច​ន្ធា​, សេត ម៉ាន់​ស៊ូ​ត​, សៀន សុភ​ត្រា​, ទេស សម្បត្តិ​៕     


Tag:
 បាល់ទាត់​
  ទៀត គឹម​ហេង​
  Ohara Kazunori
© រក្សាសិទ្ធិដោយ thmeythmey.com