ជាតិ
សភា​តំបន់​អាស៊ី សម្រេច​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ស៊ី​រី យេ​មែន និង​មី​យ៉ាន់​ម៉ា​
03, Oct 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​កិច្ចពិភាក្សា​កាលពី​នៅ​ថ្ងៃទី​៣ ខែតុលា​នេះ សភា​តំបន់​អាស៊ី​(APA) បានសម្រេច​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ចំនួន​៣ ដែល​កំពុង​រង​វិនាសកម្ម​នៃ​សង្គ្រាម​។ ក្រៅពីនេះ​សភា​តំបន់​អាស៊ី មាន​លទ្ធផល​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ជាច្រើន​ផងដែរ​។

 


​សភា​តំបន់​អាស៊ី​(Asian Parliamentary Assembly) ដែលមាន​សមាជិក​៤២​ប្រទេស​ក្នុង​តំបន់​អាស៊ី បានសម្រេច​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ចំនួន​៣​រួមមាន​៖ ស៊ី​រី យេ​មេន និង​មី​យ៉ាន់​ម៉ា ដែល កំពុង​រង​នូវ​វិនាសកម្ម​ដោយ​សង្គ្រាម​។ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ពី​ទំហំ​ជំនួយ​មនុស្សធម៌​នេះ​នៅឡើយ​ទេ​។ ការសម្រេច​នេះ គឺធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​ភ្នំពេញ ដែលមាន​ប្រទេស​សមាជិក​២៦​ប្រទេស​ក្នុងចំណោម​៤២​ប្រទេស​ចូលរួម នៅ​ថ្ងៃទី​៣ ខែតុលា​នេះ​។​

​ក្រៅពី​សម្រេច​ផ្តល់ជំនួយ​ដល់​ប្រទេស​ទាំង​៣​ខាងលើ សភា​តំបន់​អាស៊ី ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​រដ្ឋសភា​កម្ពុជា ទទួលបាន​លទ្ធផល​ផ្លែផ្កា​នូវ​សេចក្តីព្រាង​សេចក្តីសម្រេច​មួយចំនួន​ទៀត ដូចជា​៖ សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​៖​សភា​តំបន់​អាស៊ី​គាំទ្រ​ដោយ​ឥត​ងាយ​រេ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​, សភា និង​រដ្ឋាភិបាល​រួមគ្នា ដើម្បី​វិបុលភាព​នៅ​អាស៊ី​, សមាហរណកម្ម​ថាមពល​អាស៊ី​, បញ្ហា​បរិស្ថាន​, អនាម័យ និង​ទឹកស្អាត​នៅ​តំបន់​អាស៊ី​, ការប្រឹងប្រែង​លើ​កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​, វិធានការណ៍​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌ និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​នៅ​តំបន់​អាស៊ី​, សមាហរណកម្ម​អាស៊ី​តាមរយៈ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​, ការប្រឆាំង​អំពើពុករលួយ និង​គ្រឿងញៀន និង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​វត្ថុ​បុរាណ​នៅ​អាស៊ី​ជាដើម​។  



​ប្រទេស​សមាជិកសភា​តំបន់​អាស៊ី​ទាំង​២៦​ក្នុងចំណោម​៤២​ប្រទេស ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ប្រជុំពិភាក្សា​នៅ​រាជធានី​ភ្នំពេញ រួមមាន​៖ ប្រទេស​អាហ្គានីស្ថាន​, ប៉ា​រ៉ែ​ន​, បង់​ក្លា​ដេ​ស​, ប៊ូ​តាន​, ចិន​, ស៊ី​ព្រូស​, ឥណ្ឌា​, ឥណ្ឌូនេស៊ី​, អ៊ីរ៉ង់​,​អ៊ីរ៉ាក់​, ហ្ស​ក​ដង់​, គុយ​វ៉ែត​,​ឡាវ​, ម៉ាឡេស៊ី​, នេ​ប៉ាល់​, កូរ៉េខាងជើង​, ប៉ា​គី​ស្ថាន​, ប៉ា​ឡេ​ស្ទី​ន​, រុស្ស៊ី​, សោ​ឌី​អារ៉ាប់​បី​, ស៊ី​រ៉ី​, ថៃ​, តួ​ក​គី​, អារ៉ាប់​រួម​, វៀតណាម​, និង​កម្ពុជា​។​

​សូមបញ្ជាក់ថា សភា​តំបន់​អាស៊ី​ដែលមាន​ឈ្មោះ​ពេញ​ថា «Asian Parliamentary Assembly» បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៩ មានឈ្មោះ​ដើម​ជា សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព ហៅ​កាត់​ថា «AAPP»​។ «AAPP» បាន​ប្តូរ​មកជា «APA» នៅ​ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ននេះ APA មាន​សមាជិក ៤២​ប្រទេស​៕


Tag:
 APA
 ​ ស៊ី​រី​
 ​ យេ​ម៉ែន​
  ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com