កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ និង U19 កម្ពុជា​ត្រូវ​តទល់​ជាមួយ​ឥណ្ឌូណេស៊ី​រៀងៗ​ខ្លួន​ល្ងាច​នេះ​
04, Oct 2017 , 7:59 am        
រូបភាព
លោក Kazunori និយាយក្នុងសន្និសីទសារព័ន្ធមានមុនការប្រកួតនៅឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុក FFC
លោក Kazunori និយាយក្នុងសន្និសីទសារព័ន្ធមានមុនការប្រកួតនៅឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នា​ល្ងាច​ថ្ងៃទី​៤ តុលា​នេះ នៅ​កីឡដ្ឋាន Patriot Candrabaga Stadium​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ត្រៀម​ជួប​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019 នៅ​ថ្ងៃទី​១០ ខែតុលា សម្រាប់​ក្រុម​ជម្រើសជាតិ និង​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018 សម្រាប់​ក្រុម U19 កម្ពុ​ជានា​ចុងខែ​តុលា​នេះ​។



​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​នា​វេលា​ម៉ោង​៩:៣០​នាទី​យប់​(​ម៉ោង​កម្ពុជា​)​ថ្ងៃទី​៤ ខែតុលា​នេះ នៅ​កីឡដ្ឋាន Patriot Candrabaga Stadium​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ដកស្រង់​បច្ចេកទេស​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រៀម​ប្រកួត​ផ្លូវការ​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019 ជាមួយ​វៀតណាម​នៅ​ថ្ងៃទី​១០ ខែតុលា នៅ​កីឡដ្ឋាន My Dinh Stadium ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ២-០​។ បើ​ពី​ប្រវត្តិ​តាំងពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៤ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​១៤​ដង ក្នុងនោះ​កម្ពុជា​មិនដែល​យកឈ្នះ​ឥណ្ឌូណេស៊ី​នោះទេ ពោលគឺ​បានត្រឹមតែ​ស្មើ​១​ដង​ប៉ុណ្ណោះ​។



​នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​១៩៩៥ កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ១០-០ មុន​បន្ត​ចាញ់ ៣-០ ក្នុង​វគ្គ​ជម្រុះ AFF Championship នៅ​ឆ្នាំ​១៩៩៦​។ នៅ​ឆ្នាំ​១៩៩៧ ក្នុង​វគ្គ​ជម្រុះ FIFA World Cup កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី ៨-០ ក្នុង​ជើង​ទី​១ មុន​ស្មើ ១-១ ក្នុង​ជើង​ទី​២​។ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៩៩៩ កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី ១-០ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ នា​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​១៩៩៩ កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ៥-១ និង ៩-២​។

​ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2001 ឥណ្ឌូណេស៊ី​បាន​យកឈ្នះ​កម្ពុជា ៦-០ ក្នុង​ជើង​ទី​១ និង ២-០ ក្នុង​ជើង​ទី​២​។ នៅ​ឆ្នាំ​២០០២ កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី ៤-២ ក្នុង​ព្រឹត្តិការណ៍ AFF Championship ហើយ​បន្ត​ចាញ់ ៨-០ នា​ប្រកួត AFF Championship 200៤​។ នៅ​ឆ្នាំ​២០០៨ កម្ពុជា​ចាញ់​ឥណ្ឌូណេស៊ី ៧-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ មុន​បន្ត​ចាញ់ ៤-០ ក្នុង​ព្រឹត្តិការណ៍ AFF Championship ក្នុង​ឆ្នាំ​ដដែល​។ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ កម្ពុជា​បាន​ចាញ់​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ១-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។​

​មុន​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ទាំងពីរ​ខាងលើ ក្រុម U19 កម្ពុជា​ត្រូវ​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Patriot Candrabaga Stadium នេះ​ផងដែរ​។ បើតាម​ប្រវត្តិ​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship 2016 កម្ពុជា​បាន​ចាញ់ U19 ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ៤-៣​។

​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៧ ខាងមុខ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល​G នៃ​ព្រឹត្តិការណ៍ AFC U19 Championship 2018​។ ក្នុងនោះ U19 កម្ពុជា​ត្រូវ​ទទួល​ក្រុម​ភ្ញៀវ U19 ចិន ក្នុងជំនួប​បើកឆាក​នា​ថ្ងៃទី​២៤ ខែតុលា មុន​ស្វាគមន៍​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៦ និង​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕   


Tag:
 បាល់ទាត់​
  U19 កម្ពុជា​
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com