អន្តរជាតិ
ឌូទើតេ ថា ទោះហ្វីលីពីនក្រក៏ដោយ ហ្វីលីពីនឈប់ទទួលជំនួយពីសហភាពអឺរ៉ុបទៀតហើយ
× រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់នៅសប្តាហ៍នេះថា ខ្លួនលែងទទួលយកជំនួយរបស់សហភាពអឺរ៉ុបហើយចាប់ពីពេលនេះទៅ។ ការប្រកាសលែងទទួលជំនួយអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ចោទថា ស្ថាប័នអឺរ៉ុបនេះប្រមាថអធិបតេយ្យហ្វីលីពីន។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Alan Peter Cayetano បានទទួលស្គាល់នៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែតុលាថា ហ្វីលីពីនបានសម្រេចចិត្តឈប់ទទួលយកជំនួយរបស់សហភាពអឺរ៉ុបទៀតហើយចាប់ពីពេលនេះទៅ។ ការសម្រេចនេះធ្វើឡើងតាមការចង្អុលបង្ហាញរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ។
យោងតាមសារព័ត៌មាន CNN Philippines លោក Cayetano បានបកស្រាយថា ភាគីទាំងពីរហ្វីលីពីន និងសហភាពអឺរ៉ុបបានព្យាយាមដោះស្រាយរួមគ្នាដែរកន្លងមក ហើយសហភាពអឺរ៉ុបពិចារណាផ្លាស់ប្តូរពាក្យក្នុងកិច្ចព្រមព្រៀងដែលធ្វើឲ្យវាមានលក្ខខណ្ឌតិចជាមុន។ ប៉ុន្តែមិនមានការឯកភាពគ្នាឡើយ។
យ៉ាងណាមិញ បើតាមការបកស្រាយរបស់ប្រមុខការទូតហ្វីលីពីនរូបនេះ កិច្ចព្រមព្រៀងផ្តល់ជំនួយនេះផ្តល់សិទ្ធិឲ្យតែភាគីម្ខាងប៉ុណ្ណោះ ព្រោះសហភាពអឺរ៉ុបអាចលុបចោលជំនួយឯកតោភាគីបើសិនជារកឃើញថា វាមានការបំពានសិទ្ធិមនុស្សនៅហ្វីលីពីននោះ។ ប៉ុន្តែតំណាងរដ្ឋាភិបាលហ្វីលីពីនលោក Cayetano បានព្រលយថា បើសិនជាគ្មានការកំណត់លក្ខខណ្ឌ ហ្វីលីពីនឹងទទួលយកជំនួយសហភាពអឺរ៉ុបឡើងវិញ។
បើតាមរបាយការណ៍សហភាពអឺរ៉ុប ហ្វីលីពីនឹងទទួលបានជំនួយ ៣២៥ លានអឺរ៉ុពីសហភាពអឺរ៉ុបពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ខាងមុខ។ ជំនួយភាគច្រើនត្រូវយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍវិស័យថាមពល និងបង្កើតការងារ កែទម្រង់ប្រព័ន្ធច្បាប់និងវិស័យយុត្តិធម៌ជាដើម។
តាមពិតទៅ ការឈានដល់ប្រកាសឈប់យកជំនួយពីសហភាពអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ឌូទើតេ ចេញមុខជេរប្រទេសផ្តាសា និងទិតៀនសហភាពអឺរ៉ុបដែលមិនគោរពអធិបតេយ្យហ្វីលីពីនដោយថ្កោលទោសសង្គ្រាមគ្រឿងញៀន។
លោក ឌូទើតេ បាននិយាយដូច្នេះ៖«ខ្ញុំនឹងមិនទទួលយកវាឡើយ។ វាមិនអីទេ ទោះយើងវាក្រក្តី។ ខ្ញុំប្រាប់ប្រជាជនខ្ញុំហើយថា យើងមិនអាចនៅក្ររហូតទេ ប៉ុន្តែប្រសិនគេនៅបន្តប្រាប់យើងឲ្យធ្វើនេះធ្វើនោះទៀត យើងក៏មិនអាចនៅបន្តពឹងផ្អែកលើជំនួយរហូតដែរ។ ខ្ញុំជេរពួកគេដោយសារគេមិនចេញគោរពអធិបតេយ្យរបស់រដ្ឋ»។
កន្លងមកលោក ឌូទើតេ ក៏បានទាមទារឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបចាកចេញពីហ្វីលីពីនផងដែរបន្ទាប់ពីមានការថ្កោលទោសសង្គ្រាមរបស់លោក។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកCayetano បានចេញមុខបន្ធូរបន្ថយភាពតានតឹង ដោយអះអាងថា សម្តីរបស់លោក ឌូទើតេ គឺសម្តៅលើបុគ្គលប៉ុណ្ណោះ មិនមែនសម្តៅលើសហភាពអឺរ៉ុបឡើយ ហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងទំនាក់ទំនងការទូតនឹងនៅបន្តទៅមុខជានិច្ច។
Tag:
រ៉ូឌ្រីហ្គោ ឌូទើតេ
ហ្វីលីពីន
Alan Peter Cayetano
© រក្សាសិទ្ធិដោយ thmeythmey.com