ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បញ្ជាឲ្យបិទសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ
× ភ្នំពេញ៖ បន្ទាប់ពីមានការបិទអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយមួយចំនួន នៅស្រុកបាទីខេត្តតាកែវ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ នៅថ្ងៃទី១២ខែធ្នូ បានចេញលិខិតបញ្ជាទៅមន្ត្រីក្រោមឱវាទនៅទូទាំងប្រទេស ឲ្យស្វែងរក និងបិទសិប្បកម្មដែលធ្វើសកម្មភាពបែបនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះ សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយចំនួនជាង ៤០កន្លែងក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអាជ្ញាធរខេត្ត បិទដំណើរការផលិត ព្រោះថាការផលិតនេះគ្មានបទដ្ឋានត្រឹមត្រូវ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងកេរិ៍ឈ្នោះស្ករត្នោតខ្មែរ។ បើតាមការអះអាងរបស់ម្ចាស់សិប្បកម្មទាំងនោះ វត្ថុធាតុដើមដែលយកមកផលិតឲ្យចេញជាស្ករត្នោតក្លែងក្លាយនេះ រួមមាន ស្ករស ប្រេងឆា អំបិល ទឹក បើទោះមានការសង្ស័យថាអាចមានវត្ថុធាតុផ្សេងទៀត។ នេះជាការបន្លំផលិតផលថាជាស្ករត្នោតខ្មែរ បើទោះវត្ថុធាតុដើមមិនមែនជាទឹកត្នោត។
លោក ចម ប្រសិទ្ធ បានណែនាំទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មទាំងអស់ ឲ្យធ្វើការលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ។ ក្រសួងបានអះអាងថា កន្លងមកមានការផលិតស្ករត្នោតក្លែងក្លាយដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ ក្លិន ពណ៌ និងទ្រង់ទ្រាយដូចគ្នានឹងស្ករត្នោត និងបានយកទៅចរាចរលើទីផ្សារបន្លំធ្វើជាស្កត្នោតខ្មែរ។ លិខិតរបស់ក្រសួងបានលើកឡើងដូច្នេះទៀតថា៖«សកម្មភាពនេះ គឺជាការបំផ្លាញសេដ្ឋកិច្ច និងកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិកំពង់ត្រូបានទទួលស្គាល់ជាសាធារណៈទាំងក្នុង និងក្រៅប្រទេស»។
បើតាមលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ វត្ថុធាតុដើមរបស់ស្ករត្នោតក្លែងក្លាយនេះ អាចមានត្នោតទុំទៀត ដែលអ្នកផលិតចង់បានពណ៌ និងក្លិនឲ្យដូចស្ករត្នោតពិតប្រាកដ។ លោក សារឿន ដែលបានពិសោធន៍ដោយផ្ទាល់លើការធ្វើស្ករត្នោតក្លែងក្លាយ បានឲ្យដឹងថាអ្នកទិញពិបាកនឹងមើលនឹងភ្នែកឲ្យដឹងថាជាស្ករក្លែងក្លាយ ប៉ុន្តែរសជាតិវាខុសគ្នា ដោយស្ករត្នោតបន្លំនេះមានជាតិផ្អែមមុតខ្លាំង មិនដូចស្ករត្នោតពិតប្រាកដដែលផ្អែមស្រាល។ លោកបានលើកឡើងដូចក្រសួងឧស្សាហកម្មដែរ ដែលបានចាត់ទុកអំពើនេះថាបានបំផ្លាញកេរិ៍ឈ្នោះស្ករត្នោតខ្មែរ។ យ៉ាងណាមិញ លោក សំ សារឿន បានអះអាងថា មិនមានការប្រព្រឹត្តអំពើបែបនេះពីអ្នកផលិតដែលជាសមាជិកសមាគមរបស់លោកឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com