កីឡាជាតិ
ជាតិ
បឹងកេត​បារម្ភ​បញ្ហា​របួស​កីឡាករ​សំខាន់ រីឯ​ទ័ព​បារម្ភ​លើ​កីឡាករ​បរទេស​បឹងកេត​
30, Dec 2017 , 10:59 am        
រូបភាព
ដោយ:
​បញ្ហា​របួស​របស់​អ្នកចាំទី ស៊ូ យ៉ា​ទី និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Samuel Gbenga Ajayi ដែលជា​កីឡាករ​សំខាន់​បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​បឹងកេត​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​នា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទោះបី​គ្រូបង្វឹក​ក្រុម​ទ័ព​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ និង​មិនមាន​បញ្ហា​ក្នុង​ក្រុម​ក៏ដោយ តែ​លោក​មិន​ហ៊ាន​មើលរំលង​សមត្ថភាព និង​កីឡាករ​បរទេស​បឹងកេត​នោះឡើយ​។



​វត្តមាន​របស់​អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Samuel Gbenga Ajayi ដែល​កំពុង​ញាំញី​ដោយ​របួស​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។ បញ្ហា​នេះ បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​បឹងកេត​ក្នុងការ​តទល់​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៧ ជាមួយ​ក្រសួងការពារជាតិ​។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៦​ល្ងាន​ថ្ងៃ​សៅរ៍ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ នា​ពហុ​កីឡដ្ឋាន​ជាតិ​។

«​យើង​មាន​កីឡាករ​សំខាន់ៗ​ចំនួន​ពីររូប​ដែល​យើង​គិតថា គាត់​មិន​ប្រាកដ​១០០​ភាគរយ​ក្នុង​ការជួយ​ក្រុម​បឹងកេត គឺ​អ្នកចាំទី ស៊ូ យ៉ា​ទី និង​ខ្សែប្រយុទ្ធ Gbenga​។ ពោលគឺ​ពួកគាត់​ស្ថិតក្នុង​៥០​លើ​៥០​ភាគរយ​ដែល​អាច​បង្ហាញខ្លួន​ក្នុងជំនួប​ចុងក្រោយ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហៅ សុជាតិ ហើយ​លោក​បាន​បន្ថែមថា​៖«​វា​ជា​បញ្ហា​ធំ​ដែរ​សម្រាប់​ការ​អវត្តមាន Gbenga ព្រោះ​វា​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​យើង​អាច​ធ្លាក់​គុណភាព តែបើ​មាន​រូបគេ​វា​នឹងធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​យើង​កាន់តែ​មុត​ស្រួច និង​គ្រោះថ្នាក់​»​។

​បញ្ហា​របួស​កីឡាករ​សំខាន់ និង​ជ័យជម្នះ​ពីរ​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ក្រសួងការពារជាតិ​ធ្វើ​ឲ្យ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​ហាក់​មាន​ក្តីសង្ឃឹម​តិច​ក្នុងការ​រក្សា​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​។ គ្រូបង្វឹក​រូបនេះ បានចាត់ទុក​កីឡាករ​កូរ៉េខាងជើង​ទាំង​៣​រូប​របស់​ក្រុម​ទ័ព​ជា​កីឡាករ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​បឹងកេត​។

«​ខ្ញុំ​មិន​ប្រាកដថា​អាច​រក្សា​តំណែង​ជើងឯក​បាន​នោះទេ ព្រោះ​បច្ចុប្បន្ន​កីឡាករ​សំខាន់​របស់​យើង​ពីររូប​ដូចជា​អ្នកចាំទី ស៊ូ យ៉ា​ទី និង Gbenga កំពុងមាន​បញ្ហា​។ ហើយ​បើ​ក្រឡេក​ទៅ​មើល​ខាង​ទ័ព គឺ​គាត់​រៀបចំ​បានល្អ​សម្រាប់​ពីរ​ប្រកួត​ចុងក្រោយ​នេះ តែបើ​សម្រាប់​ខ្ញុំ​ក្តីសង្ឃឹម​នៅតែមាន​។ ខ្ញុំ​គិតថា​ទ័ព​ជា​ក្រុម​ដែល​កំពុង​ឡើង​ជើង ព្រោះ​ពីរ​ប្រកួត​ចុងក្រោយ​គេ​ឈ្នះ តែ​យើង​ចាញ់ ដូច្នេះ​ទ័ព​គេ​អាច​រៀបចំ​បានល្អ​ជាង​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហៅ សុជាតិ​។​

​ទន្ទឹមនឹងនេះ​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ លោក ទេព ឡុង​រចនា បាន​បញ្ជាក់ថា ក្រុម​លោក​ពុំមាន​បញ្ហា​កីឡាករ​រងរបួស​នោះឡើយ ជាពិសេស​គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​តទល់​ជាមួយ​ក្រុម​បឹងកេត​នៅ​ល្ងាច​នេះ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ មិនបាន​មើលរំលង​សមត្ថភាព​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះឡើយ ជាពិសេស​កីឡាករ​បរទេស​តែម្តង​។​

«​សម្រាប់​ក្រុម​ខ្ញុំ​មិនមាន​កីឡាករ​រងរបួស​នោះទេ គឺ​នៅ​ពេញ​ជើង​ទាំងអស់​។ ហើយ​ខ្ញុំ​រំពឹងថា​កូនក្រុម​នឹងធ្វើ​បានល្អ​នៅថ្ងៃនេះ​។ ទន្ទឹមនឹងនេះ​យើង​ក៏មាន​ក្តីកង្វល់​ផងដែរ ព្រោះ​កីឡាករ​ស្បែក​ខ្មៅ​ទាំងបី និង​កីឡាករ​ប្រេ​ស៊ី​ល​របស់​បឹងកេត​គឺ​សម្រេច​ទី​បានល្អ និង​មានការ​សហការគ្នា​បានល្អ​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព ឡុង​រចនា​។ 

​ក្រុម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល Group Stage នៃ​ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ​២០១៨ ដោយ​ស្វ័យប្រវត្តិ​ទាំង​មិនបាច់​ឆ្លង​វគ្គ​ជម្រុះ Play off៕ 


Tag:
 Cambodian League 2017
  ហៅ សុជាតិ​
  ស៊ូ យ៉ា​ទី
© រក្សាសិទ្ធិដោយ thmeythmey.com