ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​គួរ​ទទួល​ស្នេហា​តាមរយៈ​ការ​បង្អាប់​ឬទេ​?
30, Dec 2017 , 2:59 pm        
រូបភាព
ដោយ:
​បច្ចុប្បន្ន​មាន​យុវវ័យ​មួយចំនួន​បាន​ផ្តើម​ស្នេហា​តាមរយៈ​មិត្តភក្តិ​បង្អាប់​។ ការ​បង្អាប់​លេងសើច​នេះ អាចធ្វើ​ឲ្យ​ពួកគេ​ស្រឡាញ់គ្នា​រហូត​បាន​រៀបការ​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ ប៉ុន្តែ​ការស្រឡាញ់គ្នា​ដោយ​ការ​បង្អាប់ ក៏​អាច​រលាយបាត់​ទៅវិញ​ដែរ ព្រោះ​វា​មិនមែន​កើតចេញពី​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។ មួយវិញទៀត ការ​បង្អាប់​ផ្គូ​ផ្គូ​ង​ជាមួយនឹង​មនុស្ស​ដែល​ពួកគេ​មិន​ស្រឡាញ់ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍ និង​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​មិត្តភាព ហើយ​អាច​ឈានទៅរក​ការ​ស្អប់​គ្នា​។





​កញ្ញា ម៉ៅ សុធា​រ៉ា និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ យល់ថា​ការ​បង្អាប់ វា​ផ្តល់​ផល​ទាំង វិជ្ជមាន និង​អវិជ្ជមាន​។ សុធា​រ៉ា​ដែល​ធ្លាប់​គេ​បង្អាប់​ដែរនោះ បន្តថា ផល​វិជ្ជមាន គឺអាច​ធ្វើ​ឲ្យ​មនុស្ស​មិនទាន់មាន​ស្នេហា​ចាប់ផ្តើម​ស្វែងយល់​ពីគ្នា​ទៅវិញ នឹង​ក្លាយទៅជា​សង្សារ​នឹង​គ្នា បើ​ពួកគេ​ស្រឡាញ់គ្នា​មែន ហើយ​អាច​រហូត​ឈានទៅដល់​រៀប​អាពាហ៍ពិពាហ៍​ទៀត​ក៏មាន​។ ទោះបីជា​យ៉ាងនេះ​ក្តី កញ្ញា ម៉ៅ សុធា​រ៉ា ក៏​មើលឃើញថា ការ​បង្អាប់​នេះ​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដែរ ប្រសិនបើ​គេ​បង្អាប់​ប៉ះ​មនុស្ស​ដែល​មិន​ស្រឡាញ់គ្នា ឬ​ស្រឡាញ់​តែ​ម្ខាង​។​កញ្ញា ម៉ៅ សុធា​រ៉ា ថ្លែងថា​៖«​ជាក់ស្តែង អ្វីដែល​ខ្ញុំ​ជួបប្រទះ​បទពិសោធន៍​ផ្ទាល់ខ្លួន បង្អាប់​ចុះ បង្អាប់​ឡើង វា​ឈានទៅដល់​ការ​ស្អប់​គ្នា ហើយ​ឈប់​និយាយ​រកគ្នា​អ៊ីចឹងទៅ​។ ហើយ​មួយវិញទៀត ធ្វើ​ឲ្យ​ពួកយើង​ខឹង​ទាំង​អ្នក​បង្អាប់​ទៀត ប្រសិន បើ​ស្រឡាញ់​មែន មិន​អី​ទេ ប៉ុន្តែ​គេ​មិន​ស្រឡាញ់​ផង ក៏​ធ្វើ​ឲ្យ​បែកបាក់​មិត្តភាព​អ៊ីចឹងទៅ​»​។



​កញ្ញា ភ័​ស្ដ វង្ស​វិ​ផា និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៃ​សាកលវិទ្យាល័យបញ្ញា​សាស្ត្រ​យល់ថា ស្នេហា​ដោយ​ការ​បង្អាប់​នេះ វា​គ្រាន់តែ​ជា​អារម្មណ៍​មួយ​កើតឡើង​ដោយ​មិនបាន​ព្រៀងទុក​ប៉ុណ្ណោះ​។ សម្រាប់​កញ្ញា វង្ស​វិ​ផា យុវជន​គួរ​កុំ​ទទួលយក​វា​អី ព្រោះថា​វា​មិនមែនជា​អារម្មណ៍​ពិត​ពី​ដើម​ដែល​យើង​ស្រឡាញ់គ្នា​នោះទេ​។​កញ្ញា ភ័​ស្ត រ​ង្ស​វិ​ផា បញ្ជាក់ថា​៖«​យើង​គួរ​ចេះ​ហាម​អារម្មណ៍​ខ្លួនឯង កុំ​ឲ្យ​ពាក្យ​បង្អាប់​របស់​អ្នកដទៃ មាន​ឥទ្ធិពល​មកលើ​យើង ហើយ​អាច​ផ្លាស់ប្ដូរ​ការគិត​របស់​យើង​បាន​។ ការ​បង្អាប់​ផ្គូ​ផ្គូ​ង​នេះ វា​គ្រាន់តែ​ជា​លេងសើច​របស់​មិត្តភក្តិ ឬ​អាចជា​ការពិត​របស់​ភា​គី​ម្ខាង លួច​ស្រឡាញ់​ម្ខាង​ទៀត​»​។



​ទាក់ទង​នឹង​ការ​បង្អាប់​នេះ អ្នកស្រី គាន ដា​នី ប្រធាន​សមាគម​មិត្ត​យល់ចិត្ត បាន​ណែនាំ​ថា គួរ​ទទួល​ស្នេហា​តាមរយៈ​ការ​បង្អាប់ ឬ​មិនគួរ​ទទួល យើង​ជា​សាមីខ្លួន​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​។ ម្យ៉ាងទៀត មុននឹង​បង្អាប់ គូ​ណាមួយ ក៏​គួរ​មើល​ពី​ភាព​ស័ក្តិសម​រវាង​មនុស្ស​ពីរ​នាក់​នោះដែរ ទើប​គេ​សប្បាយចិត្ត​។  លោកស្រី​ថ្លែងបន្ត​ដូច្នេះ​ថា​៖«​បើ​អាចទៅរួច គួរ​សាកល្បង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ប៉ុន្តែ​បើ​មិនអាច​ទេ យើង​គួរ​បញ្ចាក់​ប្រាប់​ពី​ទំនាក់ទំនង​ឲ្យ​ច្បាស់ ពី​ព្រំដែន​ដែល​យើង​អាច​រាប់អាន​គ្នា​បាន​»​។

​ជា​រួមការ​បង្អាប់​នេះ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ស្នេហា​យុវវ័យ​បច្ចុប្បន្ន ហើយ​ពួកគេ​ទទួលយក ឬ​មិន​ទទួល​នោះ គឺ​អាស្រ័យ​លើ​ខ្លួនឯង​។ ពួកគេ​គួរ​ទទួល ប្រសិនបើ​ភាគី​ទាំងពីរ​បាន​ស្វែងយល់​គ្នា ហើយ​គិតថា​ស័ក្តិសម ដែល​អាច​ទទួលយកបាន​ទាំងសងខាង​។ ប៉ុន្តែ​គេ​មិនគួរ​ទទួល​គេ ប្រសិនបើ​ការស្រឡាញ់​នេះ ផ្តើមចេញពី​ការ​បង្អាប់ ដែល​មិនមែនជា​ការស្រឡាញ់​ពិតប្រាកដ​។ ហើយ​សម្រាប់​អ្នក​បង្គាប់​ក៏​ដូចគ្នា មុននឹង​បង្អាប់​នរណាម្នាក់ ក៏​គួរ​មើល​ដែរ​ថា​ភាគី​ទាំងពីរ​ស័ក្តិសម ឬ​ស្រឡាញ់គ្នា​ដែរឬទេ​? កុំ​បង្អាប់​ដើម្បី​លេងសើច ដែល​ធ្វើ​ឲ្យ​គា​គី​ទាំងពីរ​បាត់បង់​មិត្តភាព ខូចចិត្ត និង​ស្អប់​គ្នា​៕


Tag:
 ​ស្នេហា​
 ​ បង្អាប់​
© រក្សាសិទ្ធិដោយ thmeythmey.com