ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ស្ករ​សូកូឡា​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆ្លាត​ជាង​មុន​ដែរ​ទេ​?
05, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Express បាន​ឲ្យ​ដឹងថា ស្ករ​សូកូឡា​អាចធ្វើ​ឲ្យ​អ្នក​ឆ្លាត​ជាង​មុន​បាន ក្រោយពី​មានការ​សិក្សា​មួយរយៈ​ពេល ៤០​ឆ្នាំ​អះអាង​អំពី​រឿងនេះ​។ ដំណឹង​នេះ​បានមកពី​ការស្រាវជ្រាវ​មួយ​ដែល​រកឃើញថា អ្នក​ដែល​ញ៉ាំ​សូកូឡា​យ៉ាងហោចណាស់ ម្តង​ក្នុង​មួយ​សប្តាហ៍ មានការ​ធ្វើតេស្ត​ខួរក្បាល​ល្អ​ជាង​មុន​។



​អ្នកស្រាវជ្រាវ​ក្នុង​សហរដ្ឋអាមេរិក​បាន​ពិនិត្យថា​តើ​ការ​ញ៉ាំ​សូកូឡា​ទៀងទាត់​ដោយ​មិន​គិត​អំពី​ប្រភេទ​របស់​វា ឬ​ចំនួន មាន​ជាប់ទាក់ទង​នឹង​មុខងារ​ខួរក្បាល​ឬ​អត់ ចំពោះ​អ្នកចូលរួម​សិក្សា​ប្រមាណ ១០០០​នាក់​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែល​និយាយថា បាន​ញ៉ាំ​សូកូឡា​យ៉ាងហោចណាស់ ម្តង​ក្នុង​មួយ​សប្តាហ៍​មានការ​ធ្វើតេស្ត​ផ្នែក​ផ្លូវ​អារម្មណ៍​ដូចជា ការចងចាំ និង​ការគិត​បានល្អ​ជាង​អ្នក​ដែល​កម្រ ឬ​មិនដែល​ញ៉ាំ​សូកូឡា​។

​អ្នកស្រាវជ្រាវ​និយាយថា លទ្ធផល​របស់​ពួកគេ​បាន​បង្ហាញថា ការ​ញ៉ាំ​សារធាតុ Cocoa Flavanols ប្រហែល​ជាមាន​ប្រយោជន៍​ចំពោះ​មុខងារ​នៃ​ភាព​ឆ្លាត​វៃ​។ វា​មានការ​សិក្សា​ជាច្រើន​ទៀត​ដែល​ពិនិត្យ​ទៅលើ​អត្ថប្រយោជន៍​ដែល​អាចទៅរួច​នៃ​ការ​ញ៉ាំ​សូកូឡា ដូចជា បង្ការ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ពង្រឹង​ដល់​មុខងារ​ខួរក្បាល​។

​មាន​កត្តា​ច្រើនណាស់​ដែល​អាច​ចូលរួម​ក្នុង​លទ្ធផល​នៃ​ការសិក្សា​នេះ​។ មុននឹង​អ្នក​ចង់​ទទួលបាន​លទ្ធផល​ល្អ​នៃ​ការ​ញ៉ាំ​សូកូឡា​នោះ យក​ល្អ​គួរតែ​ចាំ​ថា ស្ករ​សូកូឡា​ក៏មាន​ជាតិ​ស្ករ និង​ខ្លាញ់​ច្រើន​ណាស់ដែរ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com