ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​បានបញ្ជាក់​ថា ហ្សែ​ន​អាចធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ទៅជា​អាក្រក់​បាន​
04, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា មនុស្ស​មួយចំនួន​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់​ក៏​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​ដែរ​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​ទៅលើ​ហ្សែ​ន​មួយ​ឈ្មោះថា P376L ប្រហែលជា​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់​មែន តែ​ប្រហែលជា​អាច​ជាប់ទាក់ទង​នឹង​ការកើត​ជំងឺ​បេះដូង​ទៀត​។



​អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅលើ​មនុស្ស​ចំនួន ៣២៨​នាក់​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់​ខុសធម្មតា​។ កូ​ឡេ​ស្តេ​រ៉ុល​ល្អជា​ធម្មតា​គឺ​ដឹកនាំ​កូ​ឡេ​ស្តេ​រ៉ុល​ផ្សេងៗ​ទៀត​ចេញពី​ក្នុង​ឈាម ទើប​វា​ចាត់ទុក​វា​ជា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​។

​ហ្សែ​ន​ជាច្រើន​ត្រូវបាន​ប្រៀប​ធឿ​ប​ជាមួយ​អ្នក​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ទាប​។ សរុបមក អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់បំផុត គឺមាន​ភាពខុសប្រក្រតី​នៃ P376L របស់​ហ្សែ​ន SCARB1 ដែល​វា​គួរតែ​អាច​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ចេញពី​ឈាម​ទៀត​។

​អ្នកស្រាវជ្រាវ​បាន​បាន​ពង្រឹង​ដល់​ការរកឃើញ​មួយ​នេះ​តាមរយៈ​ការបញ្ចូល​ទិន្នន័យ​ជាច្រើន​ពី​ការសិក្សា​អំពី​ហ្សែ​ន​ផ្សេងៗ​ទៀត​។ ពួកគេ​បាន​រកឃើញថា ការប្រែប្រួល​នៃ P376L មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​រហូតដល់ ៧៩​ភាគរយ​។

​ថ្វីបើ​រឿងនេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ក៏ដោយ តែ​វា​មិនគួរណា​មិន​ខ្វល់​អំពី​ដំបូន្មាន​ក្នុងការ​ចៀសវាង​អាហារ​មាន​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ឡើយ​។ វា​នៅតែ​មិន​ច្បាស់​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ផ្ទុក P376L ព្រោះ​អ្នកស្រាវជ្រាវ​និយាយថា វា​ជា​រឿង​កម្រ​។ ទោះបីជា​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការសិក្សា​នេះ​មិនបាន​បញ្ជាក់​អ្វី​ពាក់ព័ន្ធ​នឹង​មនុស្ស​ភាគច្រើន​ឡើយ​។ បើសិនជា​គ្រូពេទ្យ​មិនបាន​ប្រាប​អ្វី​ដល់​អ្នក​ទេ កូ​ឡេ​ស្តេ​រ៉ុល​ល្អ​នៅតែ​ជា​រឿង​ល្អ ហើយ​អាក្រក់​នៅតែ​ជា​របស់​អាក្រក់​ដដែល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com