ជាតិ
​អ្នកជំនាញ​៖ សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​ក្នុង​ភាពជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង
05, Jan 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកជំនាញ​មើលឃើញថា សង្គម​ស៊ីវិល​គួរតែមាន​តួនាទី​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​អនុតំបន់ មេគង្គ​-​ឡាន​ឆាង (Mekong-Lancang Cooperation) ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​នៃ​វេទិកា​ពហុភាគី​នេះ​។ ប្រទេស​សមាជិក​យន្តការ​កិច្ចសហប្រតិបត្តិការ​តំបន់​នេះ​ក៏ត្រូវ​ពង្រឹង​ការសហការ និង​ការសម្របសម្រួល​គ្នា​ឲ្យ​ជិតស្និទ្ធ​ក្រោម​ក្របខណ្ឌ​ដែលមាន​ស្រាប់​ដើម្បី​ដោះស្រាយ​បញ្ហា​រួម និង ធ្វើយ៉ាងណា​តម្កល់​ប្រយោជន៍​ប្រជាជន​ជាធំ​ផងដែរ​។



​ក្នុង​វេទិកាសាធារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ (CISS) នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​កូរ៉េ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែមករា អ្នកជំនាញ​កម្ពុជា និង​ចិន​យល់ឃើញថា  កិច្ចសហប្រតិបត្តិការ​តំបន់​ដែលមាន​អាយុ​ប្រហែល​ពីរ​ឆ្នាំនេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រទេស​មេគង្គ​នៅពេល​អនាគត​។​

​ថ្លែង​បើក​វេទិកា លោក​បណ្ឌិត សុក ស៊ីផាន់ណា ជាទី​ប្រឹក្សា​រាជ​ដ្ឋា​ភិ​បាល បាន​រម្លឹកថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ត្រូវបាន​បង្កើតឡើង​ដោយ​ហេតុផល​នយោបាយ ប៉ុន្តែ​វា​ផ្តល់​នឹង​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​។ អ្នកជំនាញ​រូបនេះ​កត់សម្គាល់ថា ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ដែលជា​ចំណុចរួម​នៃ​ប្រទេស​មេគង្គ​ទាំង​ប្រាំមួយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​កិច្ចសហប្រតិបត្តិការ​រួម​នេះដែរ​។

​លោក​បណ្ឌិត សុក ស៊ីផាន់ណា បន្ថែមថា វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​សមាជិក​ត្រូវ​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​កិច្ចសហប្រតិបត្តិការ​អនុតំបន់​មួយ​នេះ​ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​ដែល​បានកំណត់​រួមគ្នា​នេះ​ក្លាយជា​ការពិត និង​ធានាបាន​ថា វា​អាច​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ពិតប្រាកដ​។

​ចំណែក លោក​បណ្ឌិត Song Junying នាយករង​នៃ​នាយកដ្ឋាន​សិក្សា​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​ការសិក្សា​អន្តរជាតិ បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ជា​វេទិកា​ថ្នាក់​តំបន់​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ដែល​ជួយ​ដោះស្រាយ​បញ្ហា​រួមគ្នា​ទាំង​នយោបាយ សេដ្ឋកិច្ច សន្តិសុខ និង​បញ្ហា​ផ្សេងទៀត​។

​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ លោក​បណ្ឌិត​បានផ្តល់​អ​នុ​សាសន៍​ផងដែរ​ថា ដើម្បី​ឲ្យ​យន្តការ​នេះ​អភិវឌ្ឍ​រហ័ស វា​ចាំបាច់​ត្រូវមាន​ការសម្របសម្រួល​គ្នា​កាន់តែ​ជិតស្និទ្ធ រវាង​ភាគី​ពាក់ព័ន្ធ​ផ្តោតលើ​វិស័យ​អាទិភាព​ទាំង​ប្រាំ​ដែល​ត្រូវ​បានកំណត់​រួម និង​ការកសាង​ទំនុកចិត្ត​រវាង​គ្នា ក៏ដូចជា​ជំនឿ​ចិត្ត​លើ​គម្រោង​ដែល​កំពុង​ធ្វើ​រួមគ្នា​នេះ​។ អ្វីដែល​សំខាន់​នោះ លោក​បណ្ឌិត​ជនជាតិ​ចិន​នេះ​ចង់ឃើញ​សង្គម​ស៊ីវិល​មាន​តួនាទី​កាន់តែ​សំខាន់ និង​សកម្ម​ក្នុង​គំនិត​ផ្តួចផ្តើម​មេគង្គ​ឡាន​ឆាង​នេះ​ផង​ថែម​ទៀតផង​។

​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​
 
​ចំណែក​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ អ្នក​ស្រាវ​ជ្រាវ​នៅវិទ្យាស្ថាន ISEAS និងជាសហស្ថាបនិកវិទ្យាស្ថាន CISS ឯណោះ​វិញ​បាន​កោតសរសើរ​ពី​អភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ ដោយ​លោក​កត់សម្គាល់ថា វា​ប្រៀបដូចជា​ក្មេង​តែ​លូតលាស់​លឿន​។ ក្នុងនាម​ជា​អ្នកស្រាវជ្រាវ​តំបន់​មួយរូប លោក​ក៏​គាំទ្រ​ការចូលរួម​របស់​សង្គម​ស៊ីវិល ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​ផងដែរ ហើយ​ប្រទេស​សមាជិក​ក៏ត្រូវ​តម្កល់​ប្រយោជន៍​ប្រជាជន​ជាធំ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖ «​វា​ជាការ​អភិវឌ្ឍ​មួយ​យ៉ាង​រហ័ស​គួរ​កោតសរសើរ​។ សម្រាប់​ប្រទេស​ជា​សមាជិក ប្រយោជន៍​ស្នូល​គឺ​ប្រយោជន៍​សេដ្ឋកិច្ច​។ ដូច្នេះហើយ វា​ជា​រឿង​សំខាន់​ដែល​ត្រូវមាន​ការភ្ជាប់​ទំនាក់ទំនង​រវាង​សង្គម​ស៊ីវិល ដើម្បី​ធានាបាន​ថា​ប្រជាជន​ទាំង​អាច​ទាញ​បាន​ប្រយោជន៍​ពី​យន្តការ​នេះ​»​។​

​សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ថ្នាក់​អនុតំបន់ មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ចិន ហើយ​វេទិកា​នេះ​ផ្តោត​សំខាន់​លើស​រសរ​ស្តម្ភ​បី​ក្នុងនោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។  កម្ពុជា​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​មេដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​ពីរ​នៅ​ថ្ងៃ ១០ មករា​ខាងមុខ​ដែរ ហើយ​គេ​រំពឹងថា ផែនការ​សកម្មភាពរ​យៈ​ពេល​ប្រាំ​ឆ្នាំ​ស្តីពី​គម្រោង​អភិវឌ្ឍ​រួម និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​អនុម័ត​ឡើង​ដែរ​៕


Tag:
 មេគង្គ​-​ឡាន​ឆាង​
  សុក ស៊ីផាន់ណា​
  ឈាង វណ្ណា​រិ​ទ្ធ​
  Song Junying
© រក្សាសិទ្ធិដោយ thmeythmey.com