ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​អង្គុយ​មួយ​ម៉ោង​ក៏​ងា​យប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​បានដែរ​
05, Jan 2018 , 1:34 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mirror បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​ការ​អង្គុយ​បន្ថែម​មួយ​ម៉ោង​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​រហូតដល់​មួយ​ភាគ​ប្រាំ​ឯណោះ​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​ប្រើប្រាស់ ឧបករណ៍​តាមដាន​សកម្មភាព​ដើម្បី​ចង់ដឹងថា​ទៅលើ​ឥ​ទ្ធី​ពល​នៃ​អាកប្បកិរិយា​បែប​ស៊ី​ដេកៗ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​



​អ្នកស្រាវជ្រាវ​ក្នុងប្រទេស Netherlands បាន​កត់ត្រា់​ទៅលើ​ពេលវេលា​ដែល​មនុស្ស​វ័យ​កណ្តាល​ប្រមាណ ២៥០០​នាក់ ដែល​ចំណាយពេល​អង្គុយ ឬ​ដេក​ក្នុង​មួយ​សប្តាហ៍ តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​តាមដាន​សកម្មភាព​។ ពួកគេ​បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​បាន​ចំណាយពេល​អង្គុយ និង​គេង​យូរ​ជាង​អ្នក​ដែល​គ្មាន​ជំងឺ​ទឹកនោមផ្អែម​រហូតដល់ ២៦​នាទី​ជា​មធ្យម​។ អ្នកស្រាវជ្រាវ​បានគិត​ថា រាល់​ការរស់នៅ​បែប​ស៊ី​ដេកៗ​បន្ថែម​មួយ​ម៉ោងៗ​អាចធ្វើ​ឲ្យ​មនុស្ស​យើង​កើត​ជំងឺ​ទឹកនោមផ្អែម ២២​ភាគរយ​។

​អ្វីដែល​សំខាន់​នោះ​គឺថា ការសិក្សា​មិនបាន​ប្រាប់​យើ​ថា តើ​អាកប្បកិរិយា​របស់​មនុស្ស​ដែល​រស់នៅ​បែប​ស៊ី​ដេកៗ ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន​ដោយសារតែ​កើត​ជំងឺ​ទឹកនោមផ្អែម​ឬ​អត់​ឡើយ​។ យ៉ាងណាមិញ វា​គ្រាន់តែ​ផ្តល់​អំណះអំណាង​ច្រើន​ថា ការចំណាយ​ពេល​រស់នៅ​អសកម្ម​កាន់តែច្រើន​ទំនងជា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។

​ថ្មីៗ​នេះ​គេ​បាន​គិតថា មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អាច​បន្ថយ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​គឺ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព សម្រក​ទម្ងន់​បើសិនជា​ធាត់ និង​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​កាន់តែច្រើន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com