ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​សម្បូរ​ដំឡូងបារាំង​មុនពេល​មាន​ផ្ទៃពោះ​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​
05, Jan 2018 , 4:28 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ដំឡូងបារាំង​មុនពេល​មាន​ផ្ទៃពោះ​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការកើនឡើង​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​នេះ​មាន​លក្ខណៈ​តិចតួច​ណាស់ ជាពិសេស​អ្នក​ដែល​ញ៉ាំ​ដំឡូងបារាំង​ច្រើន​មុនពេល​មាន​ផ្ទៃពោះ​។



​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​បង្កឡើង​ដោយ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​។ វា​ច្រើនតែ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ឲ្យ​ដឹង​ឡើយ តែ​បង្ក​ជា​ផលវិបាក​ច្រើន​បើសិនជា​មិនបាន​ព្យាបាល​ទេ​។

​ការសិក្សា​ចុងក្រោយ​នេះ​មានការ​ចូលរួម​ដោយ​អ្នកស្រាវជ្រាវ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ពិនិត្យ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ ២១៦៩៣​នាក់​។ ពួកគេ​បាន​រកឃើញថា ស្ត្រី​ដែល​និយាយថា ពួកគេ​បាន​ញ៉ាំ​ដំឡូងបារាំង​ទៀងទាត់​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ណាស់​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា ស្ត្រី​ដែល​ញ៉ាំ​ដំឡូងបារាំង​ចាប់ពី ៥​ពេល​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍ មានការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់ ៥០​ភាគរយ នៅពេល​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មិនបាន​ញ៉ាំ​សោះ​។ ខណៈពេលដែល​រឿងនេះ​ស្តាប់ទៅ​ឃើញ​ច្រើនណាស់​ក៏ដោយ តែ​លទ្ធផល​នៃ​ការសិក្សា​ឃើញ​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​នោះ​មានតែ ៥.៥​ភាគរយ​ប៉ុណ្ណោះ​។

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ដំឡូងបារាំង​ដោយសារតែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​ការបញ្ចេញ​ជាតិ​គ្លុយកូស​ច្រើន​ទៅក្នុង​ឈាម​កើតឡើង​រយៈពេល​ខ្លី​ក្រោយពី​ញ៉ាំ​រួច​។ អ្នកជំនាញ​មួយចំនួន​គិតថា រឿងនេះ​អាច​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​។​

​ថ្វីបើ​ការសិក្សា​នេះ​បាន​រកឃើញ​ទំនាក់ទំនង​មួយ​រវាង​ដំឡូងបារាំង និង​ជំងឺ​ទឹកនោមផ្អែម​ក៏ដោយ វា​នៅតែ​មិនអាច​អះអាង​ទៅលើ​មូលហេតុ និង​ឥ​ទ្ធី​ពល​រប​ស់វា​បាន​នៅឡើយ​ទេ​។ យ៉ាងណាមិញ អ្នក​ក៏​មិនចាំបាច់​ត្រូវ​ឈប់​ញ៉ាំ​ដំឡូងបារាំង​ដោយសារតែ​លទ្ធផល​នៃ​ការសិក្សា​នេះដែរ​។ ម្យ៉ាងវិញទៀត ការប្រែប្រួល​តិចតួច​ទៅលើ​អាហារ​ដែល​អ្នក​ញ៉ាំ ជាមួយនឹង​បន្លែ​កាន់តែច្រើន​នោះ អាចធ្វើ​ឲ្យ​សុខភាព​កាន់តែ​ល្អ​ផង​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com