កីឡាជាតិ
ជាតិ
Muangthong បាន​បង្កើត​កំណត់ត្រា​ឲ្យ​ថៃ​ឈ្នះ​ពាន​តូយ៉ូតា​មេគង្គ​៣​ឆ្នាំ​ជាប់​គ្នា​
07, Jan 2018 , 6:59 pm        
រូបភាព
ដោយ:
 
​ក្រុមបាល់ទាត់ SCG Muangthong United បាន​ជួយ​ឲ្យ​ថៃ​រក្សា​កំណត់ត្រា​ឈ្នះ​ពាន​តូយ៉ូតា​មេគង្គ​ក្លិប​៣​ឆ្នាំ​ជាប់ៗ​គ្នា បន្ទាប់ពី​ក្រុម​នេះ​គ្រង​ជើងឯក​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ក្រុម​វៀតណាម Sanna Khánh Hòa ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៧-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។ តំណែង​ជើងឯក​នេះ Muangthong ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៧៥,០០០​ដុល្លារ​។​

 
​ថៃ​បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship តាមរយៈ​ការ​គ្រង​ជើងឯក​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ SCG Muangthong United ជា​ក្រុម​ដែល​ជួយ​ឲ្យ​ថៃ​អាច​រក្សា​កំណត់ត្រា​ដ៏​ល្អ​នេះ ក្រោយ​ពួកគេ​គ្រង​ជើងឯក​ពានរង្វាន់​នេះ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ក្រុម Burriram United ដែល​គ្រង​ជើងឯក​នៅ​ឆ្នាំ​២០១៥ និង ២០១៦​។​
 
​សម្រាប់​ការប្រកួត​ឆ្នាំ​២០១៧ ក្រុម SCG Muangthong United បាន​យកឈ្នះ​ក្រុម Sanna Khánh Hòa របស់​វៀតណាម​ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៧-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ នា​ការប្រកួត​ជើង​ទី​១​នៅលើ​ទឹកដី​វៀតណាម​កាលពី​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១៧ Muangthong បាន​យកឈ្នះ​ក្រុម​វៀតណាម ៣-១ ហើយ​បាន​បន្ត​ឈ្នះ ៤-០ ក្នុង​ជើង​ទី​២​នៅលើ​ទឹកដី​ថៃ​កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ ដើម្បី​លើក​ពាន​នៅ​ឆ្នាំ​២០១៧ ជាមួយ​ជ័យជម្នះ ៧-១​។ 
 
 
 
​ក្រុម​ជើងឯក SCG Muangthong United ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៧៥,០០០​ដុល្លារ​អាមេរិក រីឯ​ក្រុម​លេខ​២ Sanna Khánh Hòa បាន​៥​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​លេខ​៣ Lao Toyota បាន​១​ម៉ឺន​ដុល្លារ និង​ក្រុម​លេខ​៤ បឹងកេត ទទួលបាន​៥​ពាន់​ដុល្លារ​អាមេរិក​។ ចំណែក​កីឡាករ Youssouf Touré របស់​វៀតណាម​ដែល​ក្រសោប​ពាន​អ្នករក​គ្រាប់​បាន​ច្រើនជាងគេ​(២៧​គ្រាប់​) និង​កីឡាករ​លេង​ល្អ​ជាងគេ​ប្រចាំ​ការប្រកួត​ទទួលបាន​៣​ពាន់​ដុល្លារ​អាមេរិក​។​
 
​ព្រឹត្តិការណ៍ Toyota Mekong Club Championship បង្កើតឡើង​នៅ​ឆ្នាំ​២០១៤​។ ក្នុងនោះ Becamex Bình Dương របស់​វៀតណាម​គ្រង​ជើងឯក​នៅ​ឆ្នាំ​២០១៤ ក្រោយ​យកឈ្នះ​ក្រុម Ayeyawady United ក្នុង​លទ្ធផល ៤-១​។ បន្ទាប់មក Buriram United គ្រង​ជើងឯក​ឆ្នាំ​២០១៥ និង ២០១៦ និង​ក្រុម Muangthong United គ្រង​ជើងឯក​នៅ​ឆ្នាំ​២០១៧៕  

 

Tag:
 បាល់ទាត់​
  Toyota Mekong Club 2017
  Maungthong United
© រក្សាសិទ្ធិដោយ thmeythmey.com