ជាតិ
ក្រសួង​ព័ត៌មាន គ្រោង​ប្រើ​បណ្ណ​ថ្មី​បែប​បច្ចេកវិទ្យា​សម្រាប់​អ្នកសារព័ត៌មាន​
08, Jan 2018 , 7:19 am        
រូបភាព
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ រូបថត AKP
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ រូបថត AKP
 
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន គ្រោង​ប្រើប្រាស់​បណ្ណ​ថ្មី​តាមបែប​បច្ចេកវិទ្យា​ទំនើប​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ប្រមូល​ទិន្នន័យ​ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​អង្គភាព​ព័ត៌មាន​ឯកជន​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា​។​


​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា ការប្រើប្រាស់​បណ្ណ​ព័ត៌មាន​គំរូ​ថ្មី​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកសារព័ត៌មាន​ក្នុង​ការចូល​ទៅយក​ព័ត៌មាន​ក្នុង​ស្ថាប័ន​នានា​។ លោក ផុស សុវណ្ណ បន្ថែមថា បណ្ណ​ថ្មី​នេះ​នឹង​ធានា​សន្តិសុខ​កម្រិត​ខ្ពស់ និង​អាច​សម្គាល់​អត្តសញ្ញាណរ​បស់​អ្នកសារព័ត៌មាន មកពី​អង្គភាព​ណា​បាន​ពិតប្រាកដ​។ 
 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​រូបនេះ បញ្ជាក់ថា​លក្ខណៈពិសេស​របស់​បណ្ណ​ថ្មី​នេះ គឺមាន​Chip ភ្ជាប់​QR Code ដែល​អាច​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ត្រួតពិនិត្យបាន​ភ្លាមៗ ក្នុងករណី​សង្ស័យថា មាន​អ្នក​កាន់​បណ្ណ ពិតប្រាកដ ឬ​ក្លែងបន្លំ​។ 
 
​ជាមួយគ្នានេះ ក្រសួង​ព័ត៌មាន ចង់​ឲ្យ​បណ្ណ​ថ្មី​បែប​បច្ចេកវិទ្យា​នេះ អាច​ភ្ជាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​ផ្សេងៗ​ដូចជា ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន ដែល​អាច​បញ្ចុះតម្លៃ​ផ្សេងៗ​ដល់​អ្នកសារព័ត៌មាន​។ លោក ផុស សុវណ្ណ បន្តថា ការប្រើប្រាស់​បណ្ណ​ថ្មី​នេះ កាន់​តែមាន​ប្រយោជន៍ សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្រៅប្រទេស​ដូចជា ប្រទេស​ឥណ្ឌា ចិន វៀតណាម និង​ប្រទេស​មួយចំនួនទៀត ដែល​ក្រសួង​ព័ត៌មាន​ធ្លាប់​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា​ដដែល​៕
 

Tag:
 អ្នកសារព័ត៌មាន​
 ​ផុស សុវណ្ណ​
  ​បណ្ណ​ព័ត៌មាន​
 ​ បច្ចេកវិទ្យា​ទំនើប​
© រក្សាសិទ្ធិដោយ thmeythmey.com