ជាតិ
ធាតុអាកាស នឹង​ចុះ​ត្រជាក់​ម្តងទៀត ខណៈ​ជួរ​ភ្នំ​ដងរែក​ចុះ​ដល់​១៤​អង្សា​សេ​
08, Jan 2018 , 4:03 pm        
រូបភាព
​កម្ពុជា នឹង​ទទួលរង​អាកាសធាតុ​ត្រជាក់​ជា​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១០ ខែមករា​នេះ ពិសេស​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៥ ខែមករា​។ បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម សីតុណ្ហភាព នៅ​ជួរ​ភ្នំ​ដងរែក នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​១៤​អង្សា ខណៈ​ខេត្ត​៦​ទៀត ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ដល់​១៦​អង្សា​។



​កម្ពុជា បាន និង​កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​។ នេះ​បើតាម​ការតាមដាន​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី ៨ ខែមករា ដោយបាន​បន្តថា ឥទ្ធិពល​នៃ​បាតុភូត​ទាំង​២​នេះ នឹង​បង្ក​ឲ្យ​កម្រិត​សីតុណ្ហភាព​អប្បបរមា​ធ្លាក់ចុះ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​១០ ខែមករា​(​ពិសេស​ចាប់ពី​ថ្ងៃទី​១២-១៥ ខែមករា​) ប៉ុន្តែ​មិន​ត្រជាក់​ខ្លាំង ដូចជា​ការចុះ​ត្រជាក់​លើក​ទី​២ ទេ​។
អត្ថបទទាក់ទង

​បើតាម​ការ​ព្យាករ  ចាប់ពី​ថ្ងៃទី​១២-១៥ ខែមករា ជួរ​ភ្នំ​ដងរែក សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់ ១៤ អង្សា ខណៈ​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​ក្នុង​រង្វង់ ១៦-១៨​អង្សា​។ ចំណែក​បណ្តា​រាជធានី​-​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​នៅក្នុង​រង្វង់​ពី​១៩-២១​អង្សា លើកលែងតែ​បណ្តា​ខេត្ត​ជាប់​សមុទ្រ ដែល​សីតុណ្ហភាព​អប្បបរមា នឹង​ស្ថិតក្នុង​រង្វង់​២៣-២៤​អង្សា​៕




Tag:
 សីតុណ្ហភាព​
  ត្រជាក់​
© រក្សាសិទ្ធិដោយ thmeythmey.com