ជាតិ
ខែធ្នូ មាន​មនុស្ស​ស្លាប់​ជាង​៥០០​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម និង​បទល្មើស​ផ្សេងៗ
08, Jan 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យ៉ាងហោចណាស់ មនុស្ស​៥៣២​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ​បញ្ហា​៣​ប្រភេទ រួមមាន គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម និង​បទល្មើស​នានា ដែល​បាន​កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧ កន្លងមក​។



​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​២៩៧​លើក ដោយមាន​មនុស្ស​ស្លាប់​ចំនួន​១៦៣​នាក់ និង​របួស​៤៣២​នាក់ ដែល​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ ភាគច្រើន​បណ្តាលមកពី​អ្នកបើកបរ មិន​គោរព​ច្បាប់​។ នេះ​បើតាម​របាយការណ៍​ស្តីពី​បញ្ហា​និង​គ្រោះថ្នាក់​ផ្សេងៗ ដែល​ផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​៨ ខែមករា​។
​ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​គ្រោះថ្នាក់ និង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​បានបង្ហាញ​នៅក្នុង​របាយការណ៍​ដដែល​ដែរ​។

​គ្រោះថ្នាក់​សង្គម​(​សំដៅលើ​គ្រោះធម្មជាតិ និង​សកម្មភាព​ផ្សេងៗ​របស់​មនុស្ស ជាដើម​) បាន​កើតឡើង​ចំនួន​៥៤៧​លើក​ ដែលបង្កឲ្យបាត់បង់ជីវិតមនុស្ស៣៥0នាក់។

ដោយឡែកបទ​ល្មើស​ព្រហ្មទណ្ឌ (​បទឧក្រិដ្ឋ និង​បទមជ្ឈិម​) កើតឡើង​ចំនួន​២៤៦​លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៩​នាក់ និង​របួស​៥៥​នាក់​។ បទល្មើស​ទាំងនោះ មានដូចជា លួច ឆក់ រំលោភ​សេពសន្ថវៈ រំលោភ​សម្លាប់  ជះ​ទឹក​អាស៊ីត មនុស្សឃាត​ដោយ​អ​ចេតនា ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ជាដើម​។​

​ក្រៅពីនេះ នៅមាន​គ្រោះថ្នាក់ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​បាន​កើតឡើង ដូចជា អគ្គិភ័យ គ្រឿងញៀន និង​ការជួញដូរ​មនុស្ស ជាដើម​។  ប៉ុន្តែ​បញ្ហា​ទាំងនេះ មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ឡើយ​។  រីឯ​បញ្ហា​អគ្គិភ័យ​កើតឡើង​៤២​លើក ដោយ​ឆេះ​តូប​ចំនួន​៥​ខ្នង និង​ឆេះ​ផ្ទះ​៥0​ខ្នង ហើយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ រងរបួស​។  

​ចំណែកឯ គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប បាន​៦១៨​ករណី និង​ឃាត់​ជនល្មើស ១២១0​នាក់ ហើយ​ចាប់យក​គ្រឿងញៀន ៤៨៩១​គីឡូក្រាម​។  សម្រាប់ បទល្មើស​ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច បង្ក្រាបបាន​១0​ករណី និង​ឃាត់​ជនល្មើស​១២​នាក់ ហើយ​រំដោះ​ជនរងគ្រោះ ៣៧​នាក់​៕


Tag:
 មនុស្ស​ស្លាប់​
  គ្រោះថ្នាក់​ចរាចរណ៍​
  គ្រោះថ្នាក់​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com