វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ភាគហ៊ុន​និក​ដ៏​ធំ​របស់ Apple បង្ហាញ​កង្វល់​ជុំវិញ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​កុមារ​
10, Jan 2018 , 10:28 am        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន​ពីរ បាន​សរសេរ​លិខិត​ចំហរ​មួយ​ទៅកាន់​ក្រុមហ៊ុន Apple ដើម្បី​ស្នើសុំ​ឲ្យ​មានការ​អភិវឌ្ឍន៍​សូ​ហ្វែ​រ​ក្នុងទិសដៅ​កំណត់​ពេលវេលា​ជាក់លាក់​លើ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​កុមារ​តូចៗ​។ ក្រុមហ៊ុន​ទាំងនេះ ដែលមាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Apple បាន​ព្រមាន​ពី​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ចំពោះ​កុមារ​។​



​ក្រុមហ៊ុន JANA Partners LLC និង California State Teachers’ Retirement System ដែលមាន​ភាគហ៊ុន​រួមគ្នា​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ក្រុមហ៊ុន Apple Inc. បានទាមទារ​ឲ្យ​ក្រុមហ៊ុន Apple សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​កុមារ​។​

​ក្នុង​លិខិត​ចំហរ​របស់ខ្លួន កាលពី​ថ្ងៃទី​៦ ខែមករា ភាគហ៊ុន​និក​ទាំងពីរ ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ស្ថាប័ន និង​អ្នកជំនាញ​មួយចំនួន ដែល​មើលឃើញ​ពី​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ការចំណាយ​ពេលវេលា​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់​កុមារ​។​

​ក្នុង​ខ្លឹម​សារលិខិត​ដ៏​វែង ភាគហ៊ុន​និក​ទាំងពីរ បានលើកឡើង​ពី​ការជះឥទ្ធិពល​អវិជ្ជមាន​លើ​សុខភាព​ផ្លូវចិត្ត ការរំខាន​ដល់​ការសិក្សា ការបាត់​បង់ការ​ផ្ចង់អារម្មណ៍ និង​ការ​គេង​មិន​គ្រប់គ្រាន់ ដោយសារតែ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន ជាពិសេស​ផលិត​របស់​ក្រុមហ៊ុន Apple​។​

​ផលិតផល​របស់​ក្រុមហ៊ុន Apple ជាពិសេស iPhone ដែលមាន​វត្តមាន​នា​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ ទាក់ទាញ​កុមារ និង​យុវជន​យ៉ាងខ្លាំង​។ ជាមួយនឹង​ចំណុច​វិជ្ជមាន សមាជិក​ភាគហ៊ុន ក៏បាន​លើក​ពី​ចំណុច​អវិជ្ជមាន​ដោយ​ភ្ជាប់​នូវ​តួលេខ​ស្រាវជ្រាវ​ច្បាស់លាស់​។​

​ក្រុមហ៊ុន JANA Partners LLC និង California State Teachers’ Retirement System បាន​លើកយក​ពី​ការសិក្សា​ថ្មី​មួយ ដែល​បង្ហាញថា សិស្ស​ក្មេងៗ​ដែល​ធ្លាប់តែ​ចេញទៅ​ក្រៅ​ញាំ​បាយ លេង​កីឡា និង​ធ្វើ​កិច្ចការ​ផ្សេងៗ បែរជា​ចូលចិត្ត​នាំគ្នា​អង្គុយ​សំកុក​នៅ​តុ​បាយ ហើយ​លេង​ឧបករណ៍​អេឡិចត្រូនិក​របស់ខ្លួន​។​

​ជាមួយគ្នា សមាជិក​ភាគហ៊ុន​ទាំងពីរ បាន​ពី​ការសិក្សា​មួយទៀត​នៅ​អាមេរិក អំពី​តួលេខ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​លើ​ករណី​អត្តឃាត ដែល​ក្នុងនោះ យុវជន​អាមេរិក​ដែល​ចំណាយពេល​ជាង​៣​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក មាន​៣៥​ភាគរយ និង​ជាង​៥​ម៉ោង​ក្នុង​១​ថ្ងៃ មាន​៧១​ភាគរយ ដែល​ប្រឈម​នឹង​ការធ្វើអត្តឃាត​ច្រើនជាង​អ្នក​ដែល​ចំណាយពេល​តិចជាង​១​ម៉ោង​។​

​ការស្ទង់មតិ​ជាច្រើន បានបង្ហាញ​ពី​កង្វល់​របស់​មាតាបិតា​ចំពោះ​ការប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​របស់​កូនៗ​។ ក្រុមហ៊ុន JANA Partners LLC និង California State Teachers’ Retirement System បានទាមទារ​ឲ្យ Apple យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​លើ​ករណីនេះ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់ទី​ផ្សា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​យក្ស​នេះ​ផងដែរ​៕


Tag:
 ស្មា​ត​ហ្វូ​ន​
  Apple
© រក្សាសិទ្ធិដោយ thmeythmey.com