អន្តរជាតិ
ហ្វីលីពីន បញ្ជូន​យន្តហោះ​ឧបត្ថម្ភ​ដោយ​ជប៉ុន​ទៅ​ល្បាត​ក្បែរ​តំបន់​ជម្លោះ​ជាមួយ​ចិន​លើកដំបូង​
01, Feb 2018 , 4:35 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកកងទ័ពជើងគោកហ្វីលីពីន
រូបភាព៖ ហ្វេសប៊ុកកងទ័ពជើងគោកហ្វីលីពីន
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​បញ្ជូន​យន្តហោះ​ល្បាត ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ទៅកាន់​តំបន់​ដែលមាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ។ ក្រុង​ម៉ានីល ក៏បាន​អះអាង​ផងដែរ​ថា វា​មិនមាន​សញ្ញា​ព្រមាន​ពី​ក្រុង​ប៉េកាំង​នៅពេល​បំពេញបេសកកម្ម​នោះទេ ។



​បញ្ជាការ​កងទ័ព​ភាគ​ខាងជើង​ហ្វីលីពីន នៅ​ថ្ងៃ​០១ កុម្ភៈ បាន​ឲ្យ​ដឹង​តាម​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ហ្វីលីពីន បាន​ពង្រាយ​យន្តហោះ​ប្រភេទ Beechcraft King Air C90 ដើម្បី​ហោះហើរ​ល្បាត​ក្នុង​កម្ពស់​ប្រមាណ​ជាង ២០០ ម៉ែត្រ នៅក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដែលជា​តំបន់​វិវាទ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ហ្វីលីពីន ជាមួយ​ចិន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Tampa Bay Times ។

​វា​ជា​ប្រតិបត្តិការ​លើកដំបូង​ហើយ​របស់​កងទ័ព​ហ្វីលីពីន​ទៅកាន់​តំបន់​នោះ តាមរយៈ​យន្តហោះ Beechcraft King Air C90 ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​ជប៉ុន ។ ជប៉ុន​ក៏មាន​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ជាមួយ​ចិន​ដូច​ហ្វីលីពីន​ដែរ នៅ​សមុទ្រ​ចិន​ខាងកើត​។

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​បញ្ជាការ​កងទ័ព ក្នុង​ប្រតិបត្តិការ​នោះ ហ្វីលីពីន បាន​រកឃើញថា មាន​នាវា​មួយចំនួន​ដែល​ធ្វើដំណើរ​ក្បែរ​នោះ ក្នុងនោះ​ក៏​រាប់បញ្ចូល​នាវា​នេសាទ​មាន​ដាក់​ទង់ជាតិ​ហ្វីលីពីន ៤ គ្រឿង និង​នាវា​ល្បាត​កងទ័ព​ចិន ៤​គ្រឿង ។

​អ្វីដែល​គួរកត់សម្គាល់​នោះ កងទ័ព​ហ្វីលីពីន បាន​សង្កត់ធ្ងន់ថា វា​មិនមាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​រវាង​កងទ័ព​ហ្វីលីពីន និង​ចិន ដែល​វា​ខុសពី​ពេលកន្លងមក​។ ពេលមុន​ឲ្យ​តែមាន​ភាគី​ណាមួយ ហ៊ាន​ចូលក្នុង​តំបន់​កំពុងមាន​វិវាទ​នៃ​សមុទ្រ​ចិន​ខាងត្បូង ភាគី​ពាក់ព័ន្ធ​តែងតែ​ចេញ​សារ​ព្រមាន ដើម្បី​ឲ្យ​ចាកចេញ​វិញ​នោះដែរ​។​

​គួរ​ជម្រាប​ផងដែរ​ថា រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បាន​មាន​ជម្លោះ​អធិបតេយ្យ​ជាមួយនឹង​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាច្រើន​ទសវត្សរ៍​មកហើយ ។ តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ក៏​ស្ថិតនៅក្នុង​តំបន់​វិវាទ​ហ្វីលីពីន និង​ចិន​ផងដែរ ។ ក៏ប៉ុន្តែ ក្រោយ​មានការ​ប្តូរ គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន ចិន​ក៏បាន​សម្រេច​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​ហ្វីលីពីន​ចូលទៅ​កាន់​តំបន់​នោះបាន បន្ទាប់ពី​ចិន​បាន​ចូល​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០១២​មក ៕


Tag:
 ហ្វីលីពីន​
  ចិន​
  ជប៉ុន
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com