ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំ​ចិន​៖ ភ្ញៀវទេសចរ​ទៅលេង​ខេត្តសៀមរាប ទំនង​ពិបាក​រក​កន្លែង​ស្នាក់នៅ​
03, Feb 2018 , 10:59 pm        
រូបភាព
 សៀមរាប​៖ ពិធីបុណ្យ​ចូលឆ្នាំ​ចិន គឺមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦-១៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។ នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​នានា​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​កក់​ពេញ​ស្ទើរ​គ្មាន​សល់​។ នេះ​បើតាម​ការអះអាង​របស់​អ្នកធ្វើការ​ក្នុង​វិស័យនេះ​។​

 
​ប្រធាន​គ្រប់គ្រង​ទូទៅ នៅ​សណ្ឋាគារ សុខា សៀមរាប លោក ហង្ស វណ្ណៈ បានឱ្យដឹងថា បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​លោក ត្រូវបាន​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​ទេសចរណ៍ កក់​ពេញ​អស់ហើយ ក្នុងអំឡុង​មុន និង​ចូលឆ្នាំ​ចិន​នេះ​។ លោក​បន្ថែមថា សណ្ឋាគារ សុខ សៀមរាប បាន​បើក​ឱ្យ​កក់​ក្នុង​រយៈពេល​មុន ចាប់ពី​២​ខែ ហើយ​ខ្លះទៀត បាន​កក់​មុន​៣​ខែ​ក៏មាន​។ 
 
​សណ្ឋាគារ សុខា សៀមរាប ស្ថិតក្នុង​លំដាប់​ផ្កាយ​ប្រាំ និង​មាន ៧៧៦ បន្ទប់ និង​សុខា ផា​លេស លំដាប់​ផ្កាយ​បួន មាន ៤៦៦​បន្ទប់​។ តាម​ការបញ្ជាក់​របស់​លោក ហង្ស វណ្ណៈ បន្ទប់​ជាង​មួយ​ពាន់​របស់​សណ្ឋាគារ សុខា ស្ថិតនៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ គឺ​ពេញ​ទាំងអស់ គិត​មកដល់​ថ្ងៃទី​១ កុម្ភៈ​។ លោក​បន្ថែមថា ភ្ញៀវ​សណ្ឋាគារ​លោក​មាន​ចម្រុះ មាន​ចិន ជប៉ុន និង​ខ្មែរ តែ​ភាគរយ​ខ្ពស់ គឺ​ភ្ញៀវ​ចិន​។ ប៉ុន្តែ​តាម​ការលើកឡើង​របស់​ប្រធាន​គ្រប់គ្រង​ទូទៅ ទីផ្សារ​សំខាន់​របស់​សណ្ឋាគារ គឺ​ភ្ញៀវ​មក​ចូលរួម​ការប្រជុំ ដោយសារ​សណ្ឋាគារ​នេះ​មាន​សាលប្រជុំ​ដ៏​ធំ និង​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ៣៦០០ នាក់​។ តាម​ការលើកឡើង​រប​ស់លោក វណ្ណៈ ទីផ្សារ​សាលប្រជុំ ក្នុង​មួយខែៗ សណ្ឋាគារ សុខា ទទួល​រៀបចំ​ពី​១៥ ទៅ​២០​កម្មវិធី ទាំង​តូច និង​ធំ និង​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។​
 
​ងាក​ទៅ​មើល​សណ្ឋាគារ ហ៊ីល​ឡក់ (Hillocks Hotel & Spa) នោះ​វិញ ជំនួយការ​ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ កញ្ញា តែ គីម​លៀង បានឱ្យដឹងថា បន្ទប់​សណ្ឋាគារ​ចំនួន ៣៨​បន្ទប់​របស់ខ្លួន ក៏ត្រូវ​បាន​គេ​កក់​អស់ហើយ​ដែរ​។ តម្លៃ​លក់​សម្រាប់​សណ្ឋាគារ​ដែល​សម្បូរ​ភ្ញៀវ​អឺរ៉ុប​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ គឺ​ចាប់ពី​ជាង ៩០​ដុល្លារ​ឡើងទៅ​។​
 
​ចំណែក​សណ្ឋាគារ បុរី​អង្គរ វិញ អ្នកគ្រប់គ្រង​ទូទៅ លោក ចាន់ សុភា ថ្លែងថា ចន្លោះ​ពីថ្ងៃ​ទី​១៦ ដល់ទី ២០ ខែកុម្ភៈ គឺ​ទទួលបាន​កក់​ពេញ​ទាំងអស់​។ លោក​បន្ថែមថា ទីផ្សារ​នៅ​ឆ្នាំនេះ ហាក់​ល្អប្រសើរ​ជាង​មុនៗ​៕
 
 
 

Tag:
 ចូលឆ្នាំ​ចិន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com