អន្តរជាតិ
ប្រធាន​អាស៊ាន​សិង្ហ​បុរី ចេញមុខ​បង្រួបបង្រួមអាស៊ាន​កុំ​ឲ្យ​បែកបាក់​គ្នា​
08, Feb 2018 , 7:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសនៃសមាជិកអាស៊ានទាំង១០ (រូបភាពពីហ្វេសប៊ុក Vivian Balakrishnan)
រដ្ឋមន្រ្តីការបរទេសនៃសមាជិកអាស៊ានទាំង១០ (រូបភាពពីហ្វេសប៊ុក Vivian Balakrishnan)
​ប្រធាន​អាស៊ាន​សិង្ហ​បុរី បានស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំង​ដប់​អនុម័ត​ឯកសារ​ទស្សនវិស័យ​មួយ​ក្នុង​កិច្ចប្រជុំ​នៅ​ខែមេសា ដើម្បី​បង្ហាញ​ពី​ការរួបរួម​គ្នា​របស់​អា​ស៊ាន ដែល​ប្រឈមមុខ​នឹង​ប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​។ អាស៊ាន ដែលមាន​សមាជិក​ពេញសិទ្ធិ​ចំនួន​១០​ប្រទេស និង​វ័យ​៥១​ឆ្នាំ​ទៅហើយ មិនទាន់មាន​សំឡេង​តែមួយ​នៅឡើយ​ទេ ព្រោះ​សមាជិក​ខ្លះ​នៅ​បន្ត​គិត​ប្រយោជន៍​ខ្លួន​ជាង​ប្រយោជន៍​រួម ហើយ​ងាក​ទៅរក​មហាអំណាច​ផ្សេងៗ​គ្នា​។



​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ចង្អៀត​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ សិង្ហ​បុរី​បាន​បញ្ចូល​សេចក្ដីព្រាង​ឯកសារ​ទស្សនវិស័យ​ដើម្បី​ឲ្យ​ប្រមុខ​ការទូត​អាស៊ាន​ទាំងអស់​ពិនិត្យ​។ មន្ត្រីការទូត​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយថា រដ្ឋមន្ត្រីការបរទេស​ទាំងអស់​ហាក់​បង្ហាញ​ការគាំទ្រ​លើ​សំណើ​របស់​សិង្ហ​បុរី ដែលមាន​គោលដៅ​ចងភ្ជាប់​អាស៊ាន​ទាំងមូល​ក្នុង​កាលៈទេសៈ​ដែល​មហាអំណាច​កំពុង​ប្រជ្រៀត​ឥទ្ធិពល​មក​ក្នុង​តំបន់​។​

​ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨ សិង្ហ​បុរី​បាន​ប្រឹងប្រែង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​តំបន់​។ សំណើ​ខាងលើ​របស់​បុរី​រដ្ឋ​មួយ​នេះ ទំនងជា​ការទប់ស្កាត់​អង្គការ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ពី​ការបែកបាក់​គ្នា បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​លើ​ការដោះស្រាយ​ជាមួយ​ចិន​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​រដ្ឋ​សមាជិក​ចំនួន​បួន​ប្រទេស​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​។​

​បើតាម​ទីភ្នាក់ងារ​ពត៌មាន Kyodo កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ខាងលើ​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បាន​ពិភាក្សា​លើ​ឯកសារ​ព្រាង​កម្រាស់​៧​ទំព័រ ដែល​ត្រូវដាក់​ឲ្យ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​សម្រេច​ចុងក្រោយ​នៅ​ខែមេសា​។ ឯកសារ​ព្រាង​ដែលមាន​ចំណងជើង​ថា «​ទស្សនវិស័យ​មេដឹកនាំ​សម្រាប់​តំបន់​អាស៊ាន​ដែល​រឹងមាំ​និង​ច្នៃប្រឌិត​ថ្មី​» មាន​បញ្ចូល​គោលការណ៍​សំខាន់​ចំនួន​១០ ដូចជា​ការរួបរួម​និង​តួនាទី​ស្នូល សណ្ដាប់ធ្នាប់​ពឹងផ្អែក​លើ​ច្បាប់ និង​ការ​ក្រសោប​បច្ចេកវិទ្យា​។​

​ជុំវិញ​គោលការណ៍​រួបរួម​និង​តួនាទី​ស្នូល ឯកសារ​ព្រាង​ខាងលើនេះ​បញ្ជាក់ថា មេដឹកនាំ​អាស៊ាន​ទាំង​១០ ត្រូវតែ​បន្ត​រួបរួមគ្នា​ចំពោះមុខ​កម្លាំង​បំបែក​មកពី​ខាងក្រៅ​។ លើសពីនោះ ការសម្រេចចិត្ត​ដោយ​លើ​កុងសង់ស៊ីស នឹង​នៅតែ​ជាគោលការណ៍​សំខាន់​ក្នុងការ​សម្រេចចិត្ត​នានា​របស់​អាស៊ាន​ដដែល ដ្បិត​ការបោះបង់​គោលការណ៍​នេះ ហើយ​ចាប់យក​ការសម្រេចចិត្ត​តាម​មតិ​ភាគច្រើន នឹងធ្វើ​ឲ្យ​អង្គការ​នេះ​បែកបាក់​មិន​ខាន​។​

​ជាងនេះទៅទៀត អង្គការ​តំបន់​ដែល​កំពុង​ក្លាយជា​តារា​រះ​ចាំងចែង​លើ​ឆាក​អន្តរជាតិ ក៏​នឹង​បន្ត​អនុវត្ត​គោលការណ៍​ដើម​របស់ខ្លួន​ទៀត គឺ​ការមិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​។ គោលការណ៍​នេះ​ជា​ចំណុច​ស្នូល​ដែល​ត្រូវបាន​ប្រកាន់ខ្ជាប់​តាំងពី​ការកកើត​អាស៊ាន​មកម្ល៉េះ​។ ចំពោះ​ទំនាក់ទំនង​ខាងក្រៅ អាស៊ាន​នឹង​សហការ​ជាមួយ​ដៃគូ​សំខាន់ៗ​ដើម្បី​ឆ្លើយតប​រួមគ្នា​ដោយ​គំនិត​វិជ្ជមាន​លើ​បញ្ហា​ពិភពលោក និង​បញ្ហា​រួម​ផងដែរ​៕ 


Tag:
 អាស៊ាន​
  សិង្ហ​បុរី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com