អន្តរជាតិ
ធនាគារ​វិនិយោគ AIIB ត្រៀម​ចាប់ដៃ​ម៉ាឡេស៊ី​ដើម្បី​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​
07, Feb 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) បាន​បញ្ជាក់ថា ស្ថាប័ន​លោក​ត្រៀម​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​គាំទ្រ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ធនាគារ​ដែល​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ចិន​នេះ​បាន​គាំទ្រ​ចំនួន ២២ ដែលមាន​ទំហំ​ទឹកប្រាក់ ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក​។



​ថ្លែង​ពី​វេទិកា​មូលធន​ពិភពលោក​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ថ្ងៃ​អង្គារ​ទី ៦ ខែកុម្ភៈ ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) លោក Jin Liqun បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ធនាគារ​អភិវឌ្ឍ​នេះ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សហការ​ជាមួយ​ម៉ាឡេស៊ី​ដើម្បី​ផ្គត់ផ្គង់ និង​គាំទ្រ​រាល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រមុខ​ស្ថាប័នហិរញ្ញវត្ថុ​រូបនេះ​បាន​បន្ថែមថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រៀម​ជួយ​គាំទ្រ​នោះ​មាន​ទាំង ផ្លូវថ្នល់​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន គម្រោង​ចែកចាយ​ថាមពលអគ្គីសនី កំពង់ផែ និង​ព្រលានយន្តហោះ​ផង​។​

«​ខ្ញុំ​គិតថា​នៅក្នុង​តំបន់​អាស៊ាន​នៅតែ​ត្រូវការ​ពង្រឹង​ការវិនិយោគ​សម្រាប់​ការដឹកជញ្ជូន​ដូចជា​ផ្លូវ​រថភ្លើង​លឿន ផ្លូវថ្នល់ និង​កំពង់ផែ​សមុទ្រ​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រ​ធានា​ធនាគារ AIIB​។​

​លោក Jin បានកត់សម្គាល់​ផងដែរ​ថា ម៉ាឡេស៊ី​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​របស់ខ្លួន​គួរ​ឲ្យ​កោតសរសើរ​ក្នុង​រយៈពេល​ដប់ឆ្នាំ​កន្លងមក​។ ដូច្នេះហើយ លោក​រំពឹងថា ម៉ាឡេស៊ី​ក្នុងនាម​ជាម​សមាជិក​ស្ថាបនិក​មួយ​ដែរ​របស់ AIIB នោះ​អាច​សហការគ្នា​ដើម្បី​គាំទ្រ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង ក៏ដូចជា​នៅ​តំបន់​ឯទៀត​។​

​ក្រៅពី​រៀបរាប់​ពី​ផែន​ការជួយ​គាំទ្រ​ប្រទេស​អាស៊ាន លោក Jin ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ពាក់ព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគា​រ AIIB​។ លោក​នៅតែ​ព្យាយាម​ពន្យល់ថា ធនាគារ AIIB គ្មាន​គោលដៅ​ប្រកួតប្រជែង​ជាមួយ​ធនាគារ​តំបន់​ដូចជា​ធនាគារអភិវឌ្ឍន៍អាស៊ី​ឡើយ តែ​ខ្លួន​ជួយ​បំពេញ​ប៉ុណ្ណោះ​។ ក្រោយ​ចាប់ផ្តើម​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ធនាគារ AIIB បាន​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សរុប​ចំនួន ២២ ដែលមាន​ទំហំ​ចំនួន ៤,២ ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​ជោគជ័យ​។​

​សូមបញ្ជាក់ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ត្រូវបាន​គេ​ស្នើ​បង្កើតឡើង​នៅ​ចុងឆ្នាំ ២០១៥ ហើយ​វា​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៦​។  មកដល់​បច្ចុប្បន្ននេះ ធនាគារ​នេះ​មាន​សមាជិក​សរុប​ចំនួន ៨៤ ហើយ​។​


Tag:
 ចិន​
 ​ អាស៊ាន​
  AIIB
  Jin Liqu
© រក្សាសិទ្ធិដោយ thmeythmey.com