អន្តរជាតិ
​ចិន​៖ អង់គ្លេស​លូកដៃ​ចូលក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​
16, Feb 2018 , 7:19 pm        
រូបភាព
កប៉ាល់ប្រមាញ់នាវាមុជទឹក HMS Sutherland (រូបភាព៖ កងទ័ពជើងទឹកអង់គ្លេស)
កប៉ាល់ប្រមាញ់នាវាមុជទឹក HMS Sutherland (រូបភាព៖ កងទ័ពជើងទឹកអង់គ្លេស)
ដោយ: ថ្មីៗ
​ក្រោយ​លឺ​ព័ត៌មាន​ថា អង់គ្លេស​នឹង​បញ្ជូន​កប៉ាល់​ប្រមាញ់​នាវាមុជទឹក​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែក្រោយ​នោះ កាសែត​រដ្ឋ​ចិន​បាន​ចុះផ្សាយ​អត្ថបទ​នៅ​ថ្ងៃ ១៥ ខែកុម្ភៈ​នេះ​ដោយ​ទិតៀន​អង់គ្លេស​ភ្លាមៗ​។ ចិន​ក៏បាន​ចាត់ទុក​សកម្មភាព​អង់គ្លេស​ដែល​មិនមាន​ចំណែក​សូម្បីតែ​បន្តិច​ក្នុង​ជម្លោះ​នោះ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ប៉ុណ្ណោះ​។​



​សារព័ត៌មាន​ចិន Global Times បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​រិះគន់​អង់គ្លេស​ដែល​ចេញមុខ​ចេញ​មាត់​លូកដៃ​ចូលក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​បញ្ជូន​កប៉ាល់​ប្រមាញ់​នាវាមុជទឹក​ទាំង​ដែល​ខ្លួន​គ្មាន​ចំណែក​បន្តិច​សោះ​។

​យោងតាម​អត្ថបទ​របស់​កាសែតរ​ដ្ឋ​ចិន​នោះ គម្រោង​បញ្ជូន​កប៉ាល់​ប្រមាញ់​នាវាមុជទឹក​របស់​អង់គ្លេស​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែមីនា​ខាងមុខ ជាការ​បង្ករឿង​សុទ្ធសាធ ហើយ​វា​គ្មានអ្វី​លើ​ពី​ការព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​ឡើយ​។​

​អត្ថបទ​នោះបាន​បញ្ជាក់​ដូច្នេះ​៖ ការបង្ហាញ​ជំហរ​រឹងត្អឹង​ប្រឆាំង​ចិន វា​ជាការ​ព្យាយាម​បង្ហាញថា ខ្លួន​មាន​សិទ្ធិ​ស្របច្បាប់ និង​ទាញ​ចំណាប់អារម្មណ៍​សាធារណជន​ពី​សំណាក់​ក្រសួងការពារជាតិ​អង់គ្លេស​ប៉ុណ្ណោះ​។ បើសិន​មិនមែនជា​ការបង្ក​រឿង​ទេ នាវា​របស់​អង់គ្លេស​ត្រូវធ្វើ​សកម្មភាព​ឲ្យ​ស្រួល​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​»​។​

​កប៉ាល់​ប្រមាញ់​នាវាមុជទឹក​ដែល​ត្រូវ​បញ្ជូនទៅ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នោះ​មានឈ្មោះ HMS Sutherland ។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Gavin Williamson កប៉ាល់​របស់​អង់គ្លេស​នេះ​នឹង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ពេល​កប៉ាល់​នេះ​ធ្វើដំណើរ​ត្រឡប់​ទៅ​អង់គ្លេស​វិញ ហើយ​លោក​ជឿជាក់ថា អង់គ្លេស​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ចិន​នៅតែ​ព្យាយាម​វាតទី និង​កសាង​កោះ​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​បម្រើ​ប្រយោជន៍​ស៊ីវិល និង​យោធា​ផង ដោយ​មហាអំណាច​នេះ​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ​។ ចំណែក​សហរដ្ឋអាមេរិក និង​ជប៉ុន​ឯណោះ​វិញ​ព្យាយាម​លូកដៃ​ចូលក្នុង​បញ្ហា​ជម្លោះ​អធិបតេយ្យ​នេះ និង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ក្តៅ​ផង​។​

​ដូច​មើលឃើញ​ស្រាប់ អាមេរិក​បន្ត​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​ឆ្លងកាត់​តំបន់​ជម្លោះ​ជាច្រើន​ដង ដែល​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ មិនតិច​ឡើយ​។ កាលពី​ខែ​មុន​នោះ ចិន​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​បណ្តេញ​នាវាចម្បាំង​អាមេរិក​ដែល​បាន​រំលោភ​ដែនទឹក​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀតផង​៕


Tag:
 អង់គ្លេស​
  ចិន​
  Global Times
  សមុទ្រ​ចិន​ខាងត្បូង​
  Gavin Williamson
  HMS Sutherland
© រក្សាសិទ្ធិដោយ thmeythmey.com