អន្តរជាតិ
លី​ប៊ី​សុំ​ឲ្យ​ចិន​ជួយ​កសាង​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ និង​គាំទ្រ​ដំណោះស្រាយ​នយោបាយ​
20, Feb 2018 , 10:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
​ចិន​បញ្ជូន​មន្ត្រី​ទូត​ជាន់ខ្ពស់​ខ្លួន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​លី​ប៊ី​ដើម​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​លី​ប៊ី និង​ពិភាក្សា​ពី​ការអនុវត្ត​ដំណោះស្រាយ​នយោបាយ និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ​។ មន្ត្រី ចិន​រូបនេះ​សន្យាថា ចិន​នឹង​ជួយ​គាំទ្រ​ដំណោះស្រាយ​នយោបាយ និង​ជំរុញ​ក្រុមហ៊ុន​ចិន​ទៅ​វិនិយោគ​នៅ​លី​ប៊ី​ពេល​ស្ថានភាព​សន្តិសុខ​ល្អប្រសើរ​។​



​លោក Wang Qimin ភារធារី​ចិន​ប្រចាំ​ប្រទេស​លី​ប៊ី បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​លី​ប៊ី Abdurrahman Swehli នៅ​ថ្ងៃ​ចន្ទ​ទី ១៩ ខែកុម្ភៈ​ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី និង​ការជួយជ្រោមជ្រែង​លី​ប៊ី​កសាង​ប្រទេសជាតិ​ឡើងវិញ​។ លោក Qimin នេះ​ជាម​ន្ត្រី​ទូត​ជាន់ខ្ពស់​របស់​ចិន​ដំបូង​គេ​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​លី​ប៊ី ចាប់ពី​ពេល​ចិន​សម្រេច​បិទ​ស្ថានទូត​របស់ខ្លួន​នៅ​ឆ្នាំ ២០១៤​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ភារធារី​ចិន​ខាងលើ​បាន​លើកឡើងថា ជំនួប​រវាង​លោក និង​មន្ត្រី​លី​ប៊ី​គឺ​ផ្តោតលើ​ស្ថាន​ការ​នយោបាយ និង​សារសំខាន់​នៃ​ការគាំទ្រ​ផែនការ​សកម្មភាព​ដាក់​ចិន​ដោយ​អង្គការសហប្រជាជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​លី​ប៊ី​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​។ ចិន​ជឿជាក់ថា វា​មានតែ​ដំណោះស្រាយ​នេះ​មួយគត់​ដែល​អាច​បង្រួម​បង្រួម​ស្ថាប័ន​លី​ប៊ី និង ធានា​ការផ្សះផ្សា​ជាតិ​ផង​។​

​លោក Wang បញ្ជាក់​ដូច្នេះ​៖ «​កិច្ចប្រជុំ​របស់​យើង​ក៏​គ្របដណ្តប់​លើ​តួនាទី​របស់​ចិន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​លី​ប៊ី​លូតលាស់​ទៅមុខ​ដែរ​»​។ លោក​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​ចិន​មាន​ចំណែក​សំខាន់​ក្នុងការ​កសាងឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត​ដែលជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​នៅ​លី​ប៊ី​។ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ត្រឡប់​ទៅ​បណ្តាក់ទុន​នៅ​លី​ប៊ី​វិញ នៅ​នៅពេលដែល​សន្តិសុខ និង​ស្ថិរភាព​លី​ប៊ី​នោះ​។​

​ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​លី​ប៊ី Swehli បាន​កោតសរសើរ​ចិន ដែល​បន្ត​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ​លី​ប៊ី​កន្លងមក​ដែរ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បង្ហើប​ផងដែរ​ថា លី​ប៊ី​បើកចំហ​ក្នុងការ​ចាប់ដៃ​សហការ​ជាមួយ​គ្រប់​បណ្ត​ភាគី​ទាំង​ដើម្បី​ធានា​ការផ្សះផ្សា​ជាតិ និង រក្សា​ស្តិ​រ​ភាព​ជាតិ​ដែរ​៕


Tag:
 ចិន​
  លី​ប៊ី​
  Wang Qimin
© រក្សាសិទ្ធិដោយ thmeythmey.com