អត្ថបទពាណិជ្ជកម្ម
បឹងកេត​នឹង​ផ្តោត​ខ្លាំង​លើ​ការអភិវឌ្ឍ​យុវជន ដើម្បី​រួមចំណែក​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
02, Mar 2018 , 7:19 pm        
រូបភាព
ដោយ:
​ថ្នាក់ដឹកនាំ​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​បឹងកេត​អះអាងថា នៅ​ឆ្នាំ​២០១៨​នេះ​បឹងកេត​នឹង​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធាន​កីឡាករ​យុវជន ដើម្បី​រួមចំណែក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការអះអាង​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះកិច្ចសន្យា​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ក្នុង​ការបន្ត​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។​

​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​លោក បែ មករា បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨​នេះ ក្លិប​នឹង​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធាន​ថ្នាល​និង​យុវជន​ក្នុងន័យ​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ម្យ៉ាងទៀត ដើម្បី​រួមចំណែក​បណ្តុះបណ្តាល​ធន​ធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។



«​យើង​នឹង​ផ្តល់ឱកាស​ភាគច្រើន​ដល់​យុវជន ព្រោះ​យុវជន​ជា​ធនធាន​សំខាន់​សម្រាប់​វិស័យ​កីឡា​បាល់​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ដូច​យើង​ដឹង​ហើយ​ថា ទិសដៅ​របស់​យើងទាំងអស់គ្នា របស់​កម្ពុជា ក៏ដូចជា​សហព័ន្ធ​(​បាល់ទាត់​) គឺ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ដូច្នេះ​យើង​ត្រូវ​រួមចំណែក​ជួយ​បង្កើត​ឲ្យ​មាន​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ដ៏​ខ្លាំង​មួយ ដើម្បី​ដណ្តើម​មេដាយ​នៅ​ឆ្នាំ​២០២៣»​។ នេះ​ជា​ទិសដៅ ដែល​លោក បែ មករា បានលើកឡើង​ក្នុង​ពិធី​ចុះកិច្ចសន្យា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​កាលពី​ថ្ងៃទី​១ មីនា ឆ្នាំ​២០១៨​។



​ក្លិប​បឹងកេត​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​១​រដូវ​កាល​ពេញ​ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ដែលមាន​ទំហំ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​។ ក្រៅពី​ឧបត្ថម្ភ​ជា​ថវិកា​ក្រុមហ៊ុន​ដែល​ទើប​ចុះ​អនុសារណ​យោគយល់​គ្នា​ជាមួយ​ក្លិប​បាល់ទាត់ Man City មួយ​នេះ សន្យា​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ថែម​ទៀតផង​។ ក្រុមហ៊ុន​នឹង​បញ្ជូន​កីឡាករ​ទៅ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​នៅ​ទីនោះ ឬក៏​ហៅ​គ្រូ​មក​ចែករំលែក​បទពិសោធ​នៅ​កម្ពុជា​ផ្ទាល់​។ ប៉ុន្តែ​ការបណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​លើ​តែ​ក្រុមយុវជន​តែប៉ុណ្ណោះ​។



​ទោះបី​ថវិកា​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​របស់​ក្រុមហ៊ុន​ខាងលើ​មិនអាច​ផ្គត់ផ្គង់​ការចំណាយ​របស់​ក្លិប​ក៏ដោយ តែ​លោក បែ មករា បានចាត់ទុក​ថវិកា​នេះ ជាការ​រួមចំណែក​ដ៏​ធំ​ក្នុង​ការជួយ​អភិវឌ្ឍ​សមត្ថភាព​ក្លិប​បឹងកេត​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ជាមួយគ្នានេះ លោក ប្តេជ្ញា​ថា ក្លិប​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​៕     




Tag:
 បាល់ទាត់​
  បែ មករា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com