អន្តរជាតិ
មហា​យក្ស​ចិន​បង្កើន​ថវិកា​ការពារជាតិ ដើម្បី​ពង្រឹង​អំណាច​យោធា​
05, Mar 2018 , 10:41 am        
រូបភាព
​រដ្ឋាភិបាល​ចិន នឹង​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ ឲ្យ​បាន​៨,១​ភាគរយ នៃ​ការចំណាយ​សរុប​សម្រាប់​ឆ្នាំ​២០១៨ ។ នៅ​ឆ្នាំ​២០១៧ ចិន​បាន​ចំណាយ ៧​ភាគរយ​នៃ​ថវិកា​ទាំងអស់ លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​។ ការបង្កើន​ទឹកប្រាក់​សម្រាប់​យោធា នឹង​ជួយ​ជំរុញ​ការកែទម្រង់​កងទ័ពរ​បស់​លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ទោះជា​មាន​ទំហំ​តូច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ការចំណាយ​លើ​វិស័យ​ផ្សេងទៀត ឬក៏​ការចំណាយ​លើ​យោធា​របស់​អាមេរិក​ក្ដី​។



​សភា​ប្រជាជន​ចិន នីតិកាល​ទី​១៣ បានចាប់ផ្ដើម​សម័យប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា នៅក្នុង​រដ្ឋធានី​ប៉េកាំង​។ នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ថ្លែង​រាយការណ៍ ពី​គោល​យោ​បាយ​សំខាន់​សម្រាប់​រយៈពេល​ខាងមុខ និង​រៀបរាប់​ពី​ការចំណាយ​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៨ ។ ក្នុងនោះ រដ្ឋាភិបាល​ចិន បានសម្រេច​ចិត្ត​បង្កើន​ថវិកា​សម្រាប់​វិស័យ​យោធា ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​ក្នុង​ឆ្នាំ​២០១៨ នឹងត្រូវ​បង្កើន​ដល់​១៧៥​ពាន់​លាន​ដុល្លារ ស្មើនឹង​៨,១​ភាគរយ​នៃ​ការចំណាយ​សរុប​។ ប្រៀបធៀប​ឆ្នាំ​២០១៧ ចិន​ចំណាយ​លើ​វិស័យនេះ​ចំនួន​១៦៤​ពាន់​លាន​ដុល្លារ ស្មើនឹង​៧​ភាគរយ​នៃ​ថវិកាជាតិ​ប៉ុណ្ណោះ​។ គិត​ចាប់តាំងពី​ឆ្នាំ​២០១៣ មក នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​ការចំណាយ​លើ​ផ្នែក​យោធា​របស់​ចិន​មាន​តួលេខ​មួយ​ខ្ទង់​។​

​លោក Zhang Yesui អ្នកនាំពាក្យ​កិច្ចប្រជុំសភា​ចិន បាន​និយាយ​នៅ​ថ្ងៃទី​៤ ខែមីនា ថា ការចំណាយ​លើ​វិស័យ​ការពារ​មាន​ទំហំ​តូច ក្នុង​ផលិតផល​ជាតិ​សរុប (GDP) ក៏ដូចជា​ការចំណាយ​ស​រុ​ប​របស់​ប្រទេស​ធំៗ​ផ្សេងទៀត​ដែរ​។ ក្នុង​ឆ្នាំ​២០១៧ ចិន​ជា​ប្រទេស​ចាយ​លើ​កងទ័ព​ធំ​លំដាប់​ទី​ពីរ បន្ទាប់ពី​អាមេរិក​។ ប៉ុន្តែ​បើ​មើល​ពី​ទំហំ​វិញ ការចំណាយ​របស់​ចិន តិចជាង​ការចំណាយ​របស់​អាមេរិក ដល់​ទៅ បួន​ដង​ឯណោះ​។ អាមេរិក​ចំណាយ​ដល់​ទៅជា​៦០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ។​

​តាមពិតទៅ ការចំណាយ​ផ្នែក​វិស័យ​ការពារជាតិ​របស់​ចិន ត្រូវបាន​ពិចារណា​ល្អិតល្អន់ ជាមួយ​កំណើន​សេដ្ឋកិច្ចជាតិ​។ កំណើនសេដ្ឋកិច្ច​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មានលទ្ធភាព​ចាយលុយ​ច្រើន ដើម្បី​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​។ ជាមួយនឹង​ការបង្កើន​ទឹកប្រាក់​សម្រាប់​យោធា ក្រុង​ប៉េកាំង​បានកំណត់​គោលដៅ​សម្រាប់​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៨ នៅ​អត្រា​៦,៥​ភាគរយ ខណៈ​ឆ្នាំ​២០១៧ មាន​៦,៩​ភាគរយ​។​

​ជុំវិញ​ការបង្កើន​ទឹកប្រាក់​វិស័យ​យោធា​នេះ អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា ថវិកា​ភាគច្រើន នឹង​បំពេញ​ការខ្វះខាត​របស់​យោធា​ដែលមាន​ក្នុង​ឆ្នាំ​កន្លងទៅ​។ លោក​បន្តថា សម្ភារ​យោធា​នឹង​ត្រូវបាន​កែប្រែ​ថ្មី ហើយ​ការរស់នៅ​របស់​កងទ័ព​គ្រប់​ប្រភេទ ក៏ដូចជា​លក្ខខណ្ឌ​រស់​នៅ និង​ហ្វឹកហាត់​របស់​កងទ័ព​នៅ​មូលដ្ឋាន ក៏​នឹង​ត្រូវបាន​ពង្រឹង​ដែរ​៕


Tag:
 ចិន​
  វិស័យ​ការពារជាតិ​
  លី ខឹ​ឈាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com