អន្តរជាតិ
វៀតណាម​ចាប់ដៃ​មហា​យក្ស​ឥណ្ឌា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ទប់ទល់​ចិន​?
05, Mar 2018 , 5:17 pm        
រូបភាព
​ចំណងមិត្តភាព​រវាង​វៀតណាម និង​ឥណ្ឌា​កាន់តែ​ស្អិតល្មួត​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​វៀតណាម​ទៅ​ឥណ្ឌា​កាលពី​សប្តាហ៍​មុន បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការប្រឹងប្រែង​របស់​ភាគី​ទាំង​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពហុ​វិស័យ​ជាពិសេស​វិស័យ​ថាមពល​និង​សេដ្ឋកិច្ច​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​វៀតណាម និង​ឥណ្ឌា បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មហា​យក្ស​អាស៊ី​ខាងត្បូង និង​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​អាច​ប្រកៀក​ស្មារ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​តំបន់​ផង​។ ក្នុងនោះ​មាន​ទាំង​ការ​សហការគ្នា​ដើម្បី​ទប់ទល់​មហា​យក្ស​ចិន​ដែល​កំពុង​ទន្ទ្រាន​វាតទី​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្ប​ង​ផងដែរ​។



​កាលពី​ថ្ងៃ​សុក្រ​ទី ២ ខែមីនា ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​ឥណ្ឌា​លោក Ram Nath Kovind​។ ទស្សនកិច្ច​នេះ​ក៏​រៀបចំឡើង​ស្របពេល​ដែល​ប្រទេស​ឥណ្ឌា និង​វៀតណាម​ប្រារព្ធ​ខួប​លើក​ទី ៤៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រួមគ្នា​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រធានាធិបតី​វៀតណាម​បាន​ចូលជួប​ពិភាក្សា​ជាមួយ​ប្រធានសភា​ឥណ្ឌា​លោក ស្រី Sumitra Mahajan ប្រធានាធិបតី Ram Nath Kovind និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​ផងដែរ​។ ក្នុង​កិច្ចពិភាក្សា​នោះ មេដឹកនាំ​ឥណ្ឌា និង​វៀតណាម​បាន​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ជុំវិញ​បញ្ហា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី និង​ស្វែងរក​វិធី​ពង្រឹង​ចំណងមិត្តភាព​ដែល​ស្អិតល្មួត​ស្រាប់​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដែរ​។ ភាគី​ទាំងពីរ​ចង់​ពង្រឹង​បន្ថែម​លើ​វិស័យ​ការពារជាតិ ថាមពល និង​កសិកម្ម​ផងដែរ​។​

១.​កិច្ចព្រមព្រៀង​សំខាន់​បី​រួមទាំង​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​នុយក្លេអ៊ែរ ត្រូវបាន​ភាគី​ទាំងពីរ​ចុះ​រួមគ្នា

​ក្នុងជំនួប​ជាមួយ​ជាមួយ​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី លោក Tran Dai Quang បានប្រកាស​ពី​ជំហរ​របស់​វៀតណាម​ក្នុងការ​គាំទ្រ​ឥណ្ឌា​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តាមរយៈ​ការកែទម្រង់​ស្ថាប័ន​ពិភពលោក​នេះ​ផងដែរ​។  បន្ថែម​ពីនេះ វៀតណាម​ក៏​ប្រកាស​គាំទ្រ​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត (Act East Policy) និង​តួនាទី​ដ៏​សំខាន់​របស់​ឥណ្ឌា​ក្នុងការ​ថែរក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កន្លងមក​ដែរ​។​

​ក្រោយ​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ ឥណ្ឌា និង​វៀតណាម​ក៏បាន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​បី​ផងដែរ​ក្រោម​កិច្ចសហប្រតិបត្តិការ​នៃ​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​របស់​ឥណ្ឌា ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌា Economic Times ដៃ​អនុស្សារណៈ​ចំនួន​បី​ដែល​ភាគី​បង្កើត​រួមគ្នា​នោះ​គ្របដណ្តប់​លើ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​នុយក្លេអ៊ែរ ពាណិជ្ជកម្ម និង​កសិកម្ម​ផងដែរ​។ ក្រៅពីនោះ មេដឹកនាំ​ឥណ្ឌា និង​វៀតណាម​ក៏​ចង់ឃើញ​មានការ​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​លើ​វិស័យ​រុករក​ប្រេង​និង​ឧស្ម័ន​។

​ទាក់ទិន​នឹង​វិស័យ​ពាណិជ្ជកម្ម មេដឹកនាំ​ឥណ្ឌា និង​វៀតណាម​បានប្រកាស​ប្តេជ្ញាចិត្ត​ពង្រឹង​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម ១៥ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០ ខាងមុខនេះ​។ ឆ្នាំ ២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ​ត្រឹម​ជាង ប្រាំមួយ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ការរុករក​ប្រេង និង​ឧស្ម័ន​ក៏​ជា​ចំណុច​ស្នូល​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​ទាំងពីរ​ដែរ ហើយ​ក្រុមហ៊ុន​ឥណ្ឌា​ជាច្រើន​បាន​ចូលទៅ​បណ្តាក់ទុន​រកស៊ី​នៅ​វៀតណាម​ដើម្បី​អភិវឌ្ឍ​វិស័យ​ប្រេង​។ ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​នេះ ប្រធានាធិបតី​វៀតណាម​បានប្រកាស​ស្វាគមន៍​ក្រុមហ៊ុន​ឥណ្ឌា​ទៀត​ដោយ​វៀតណាម​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ពង្រីក​ការរុករក​ប្រេង និង​ឧស្ម័ន និង​បូម​យក​ធនធាន​ទាំងនេះ​នៅក្នុង​ដែន​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​ផងដែរ​។​

​យ៉ាងណាក៏ដោយ កន្លងមក ការចូល​រុករក​ប្រេង​របស់​ក្រុមហ៊ុន​ឥណ្ឌា​បានធ្វើ​ឲ្យ​មហា​យក្ស​ចិន​ដែល​នៅ​ជិតខាង​វៀតណាម​នោះ​មិន​ពេញចិត្ត​សោះឡើយ​។  ចិន​ជំទាស់​ដាច់ខាត​ការចូល​រុករក​ប្រេង​របស់​ក្រុមហ៊ុន​ឥណ្ឌា ONGC នៅ​តំបន់ស​មុ​ត្រ​ចិន​ខាងត្បូង​ដែលជា​ប់​ជម្លោះ​ជាមួយ​ខ្លួន​តែ​វៀតណាម​ទាមទារ​យក ប៉ុន្តែ​ឥណ្ឌា​វិញ​បាន​អះអាងថា ក្រុមហ៊ុន ONGC របស់ខ្លួន​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម និង​មិន​ពាក់ព័ន្ធ​ជាដាច់ខាត​ជាមួយ​បញ្ហា​ជម្លោះ​នោះ​។​

២.​ឥណ្ឌា និង​វៀតណាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ទប់ទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​?

​បន្ថែម​ពីលើ​ពាណិជ្ជកម្ម កសិកម្ម និង​ថាមពល មេដឹកនាំ​ឥណ្ឌា​និង វៀតណាម​រំពឹងថា នៅពេល​ដ៏​ខ្លី​ខាងមុខ ភាគី​ទាំងពីរ​នឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ឲ្យា​ន់​តែ​រឹងមាំ​។​តាមពិតទៅ ឥណ្ឌា និង​វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​ឥណ្ឌា​នេះ​ចាត់ទុក​វៀតណាម​ជា​ដៃគូ​សំខាន់​សម្រាប់​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ទិសខាងកើត​ផងដែរ​។​

 ហើយ​ការសហការ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការពារជាតិ អាច​នឹង​ក្លាយជា​ក្តីបារម្ភ​សម្រាប់​មហា​យក្ស​ចិន​ដែល​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល និង​វាតទី​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការកសាង​កោះ​សិប្បនិម្មិត​ផងដែរ​។​

​ក្នុងជំនួប​នោះ ទាំង​មេដឹកនាំ​វៀតណាម និង​ឥណ្ឌា​សុទ្ធតែ​បានប្រកាស​ជាថ្មី​ក្នុងការ​គាំទ្រ​ឲ្យ​មាន​ការបន្ត​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ភាព​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ជំរុញ​ការ​ព​ន្លឿ​ន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ (COC)​ផងដែរ​។ រីឯ​បញ្ហា​សន្តិសុខ​អាស៊ី​វិញ មេដឹកនាំ​ទាំងពីរ​ក៏​សង្ឃឹមថា ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វៀតណាម និង​ឥណ្ឌា​ចូលរួមចំណែក​ប្រឆាំង​និង​ទប់ស្កាត់​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​ដូចជា​សន្តិសុខ​អ៊ីនធឺណិត និង​បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម តាមរយៈ​ការ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​របស់​ក្រុម​ភេរវជន ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន ការជួញដូរ​មនុស្ស ការលាង​លុយ ការជួញដូរ​គ្រឿងញៀន និង​អាវុធ​។ 

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ នឹង​ផ្តោត​សំខាន់​លើ​ការផលិត​ផលិតផល​ការពារជាតិ និង​ការចែករម្លែក​បច្ចេកវិទ្យា​ការពារជាតិ​ផងដែរ​។

​យោងតាម​សារព័ត៌មាន Indian Express ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​រូបនេះ​និយាយ​ដូច្នេះ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​៖«​យើង​នឹង​សហការគ្នា​ដើម្បី​បង្កើត​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​បើកចំហ ឯករាជ្យ និង​វិបុលភាព ហើយ​អធិបតេយ្យ និង​ច្បាប់​អន្តរជាតិ​ត្រូវបាន​គេ​គោរព ខណៈ​ការដោះស្រាយ​ជម្លោះ​ត្រូវធ្វើឡើង​តាម​ការចរចា​និង​ពិភាក្សាគ្នា​។ ឥណ្ឌា និង​វៀតណាម​ប្តេជ្ញាចិត្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​ដើម្បី​ធានា​គាំទ្រ​និម្មាបនកម្ម​តំបន់ (Regional Architecture) ដែល​បើកចំហ និង​មាន​ប្រសិទ្ធភាព ផ្អែក​សំខាន់​លើ​ច្បាប់​»​។​

​បើតាម​នាយករដ្ឋមន្ត្រី​ឥណ្ឌា  ឥណ្ឌា និង​វៀតណាម​បាន​ឯកភាព​គ្នាព​ន្លឿ​ន​ការអនុវត្ត​គម្រោង​លុយ​កម្ចី​ឥណ្ឌា​ដែលមាន​ទំហំ ១០០​លាន​ដុល្លារ​សម្រាប់​ផលិត​នាវា​ល្បាត​សម្រាប់​ឆ្មាំ​ព្រំដែន​វៀតណាម​។ បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏​នឹង​ចាប់ផ្តើម​ជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រី​យោធា​ជាន់ខ្ពស់ រៀបចំ​កិច្ចសន្ទនា​កម្រិត​ខ្ពស់ និង​មាន​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ដែល​អាចមាន​ការចូល​សំចត​របស់​នាវា​កងទ័ព​ជើង​ទឹក និង​គម្រោង​កសាង​សមត្ថភាព​ផងដែរ​។​

​ដោយឡែក​មេដឹកនាំ​វៀតណាម​ឯណោះ​វិញ ក៏បាន​ឆ្លៀត​កោតសរសើរ​ឥណ្ឌា​ដែល​បាន​បន្ត​តួនាទី​ចម្បង​របស់ខ្លួន​ដើម្បី​ការពារ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា​។ លោក​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម និង​ឥណ្ឌា​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ដែល​អាច​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ការពារ​ច្បាប់​អន្តរជាតិ និង ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ឥណ្ឌា​និង​អាស៊ាន​ផង​។​


Tag:
 ឥណ្ឌា​
  អាស៊ាន​
  ចិន​
  វៀតណាម​
  Tran Dai Quang
© រក្សាសិទ្ធិដោយ thmeythmey.com