អន្តរជាតិ
សមាជិកសភា​សិង្ហ​បុរី​៖«៥០​ឆ្នាំមុន​ភាសា​អង់គ្លេស ឥឡូវ​រៀន​ភាសា​ចិន​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​សិង្ហ​បុរី​»
05, Mar 2018 , 10:59 pm        
រូបភាព
រូបភាព Channel News Asia
រូបភាព Channel News Asia
ដោយ: ថ្មីៗ
​ថ្លែង​ក្នុង​សភា​នា​ថ្ងៃ​សៅរ៍​ទី ៣ មីនា សមាជិកសភា​សិង្ហ​បុរី​លោក Low Thia Khiang បានផ្តល់​យោបល់​ថា ការផ្លាស់ប្តូរ​នៃ​ទម្ងន់​សេដ្ឋកិច្ច​សាកល ក៏ដូចជា​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​ជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​សិង្ហ​បុរី​ដែលជា​បុរី​រដ្ឋ​តូច​មួយ​នោះ​។ លោក​ជឿជាក់ ការសិក្សា​ភាសា​ចិន​ជា​រឿង​ចាំបាច់​សម្រាប់​ប្រជាជន​សិង្ហ​បុរី ដូច​ភាសា​អង់គ្លេស​ដែល​សិង្ហ​បុរី​ប្រើប្រាស់​ក្នុង​រយៈពេល ៥០​ឆ្នាំ​មកនេះ​ដែរ​។​



​លោក Low Thia Khiang ជា​សមាជិកសភា​បក្ស​ពលករ​ជា​បក្សប្រឆាំង​សិង្ហ​បុរី ផ្តល់​សុន្ទរកថា ពាក់ព័ន្ធ​គោលនយោបាយ​ការបរទេស​របស់​សិង្ហ​បុរី និង​បញ្ហា​ប្រឈម​ស្រប​ពេលដែល​ពិភពលោក​ពោរពេញ​ដោយ​ភាពមិនច្បាស់លាស់​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការសិក្សា​ភាសា​ចិន​ជា​យុទ្ធសាស្ត្រ​របស់​សិង្ហ​បុរី ស្រប​ពេលដែល​ពិភពលោក​ស្គាល់​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន ហើយ​ទម្ងន់​សេដ្ឋកិច្ចពិភពលោក​ងាក​មករក​តំបន់​អាស៊ី​ពេលដែល​មហា​យក្ស​ចិន​រះ​ត្រដែត​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នោះ​។

​លោក Thia Khiang បាន​កត់សម្គាល់ថា សមត្ថភាព​របស់​ប្រជាជន​សិង្ហ​បុរី​ក្នុង​ការនិយាយ​ភាសា​អង់គ្លេស​ក្នុង​រយៈពេល ៥០ ឆ្នាំកន្លងមក​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​សិង្ហ​បុរី​ជាមួយ​លោកខាងលិច និង​ទាញ​ប្រយោជន៍​បាន​ច្រើន​ផង​។ ប៉ុន្តែ​បច្ចុប្បន្ន បញ្ហា​ប្រឈម​ថ្មី​កើតឡើង ហើយ​ចរន្ត​សេដ្ឋកិច្ច និង​តុល្យភាព​អំណាច​ក៏​ប្រែប្រួល​នៅលើ​ពិភពលោក​នេះ​។

​ថ្លែង​ទៅកាន់​សភា​ក្នុងពេល​ជជែក​ដេញដោល​រឿង​ថវិកាជាតិ​ឆ្នាំ ២០១៨ លោក Thia Khiang បាន​អះអាង​ដូច្នេះ​៖  «​វា​មាន​ទំនាក់ទំនង​ពិសេស​រវាង​ជនជាតិ​សិង្ហ​បុរី​មាន​ដើមកំណើត​ចិន និង​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន ដោយ​ពួកគេ​មាន​បុព្វបុរស និង​ភាសា​ដូចគ្នា​។ ប៉ុន្តែ​យើង​មើលឃើញថា ទំនាក់ទំនង​នេះ​ប្រែប្រួល​ដោយសារ​ចិន​អភិវឌ្ឍ​រហ័ស​ខ្លាំង​»​។

«​ខ្ញុំ​ឯកភាព​ជាមួយ​លោក Lee Yi Shyan ដែលជា​សមាជិក​គណបក្ស​សកម្មភាព​ប្រជាជន​ដែល​លើកឡើងថា ការសិក្សា​ភាសា​ចិន (Mandarin) គួរ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​រួម​របស់​យើង​ក្នុង​ការធានា​ពី​តួនាទី​ចម្បង​របស់​សិង្ហ​បុរី ហើយ​វា​ក៏​ជួយ​ឲ្យ​យើង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជន​ចិន ១,៣​ពាន់​លាន​នាក់​ដែរ​»​។ 

​បន្ទាប់ពី​លោក Thia Khiang  ថ្លែង​សុន្ទរកថា​រួច នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង បាន​ចេញមុខ​សរសើរ​អ្នកនយោបាយ​បក្សប្រឆាំង​នេះ​ផងដែរ​។ លោក លី មានប្រសាសន៍ថា សមាជិកសភា​បក្សប្រឆាំង​បានផ្តល់​សុន្ទរកថា​ដែល​ល្អប្រសើរ និង​មានន័យ ដោយ​លោក​សំដៅលើ​សុន្ទរកថា​របស់លោក  Low Thia Kiang​។ លោក​បន្ថែមថា សុន្ទរកថា​នោះបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​នៃ​ទិ​ដ្ឋ​យុទ្ធសាស្ត្រ​តំបន់ និង​ចោទសួរ​ពី​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​កិច្ចការបរទេស​របស់​សិង្ហ​បុរី​ផង​៕



Tag:
 ចិន​
  សិង្ហ​បុរី​
  Low Thia Khiang
© រក្សាសិទ្ធិដោយ thmeythmey.com