អន្តរជាតិ
ចិន ថា ខ្លួន​មិនដែល​ស្នើ​ឲ្យ​ប្រទេស​ផ្សេង​យក​ធនធាន​រ៉ែ​សងលុយ​កម្ចី​ឡើយ​
12, Mar 2018 , 9:59 am        
រូបភាព
លោក Geng Shuang អ្នកនាំ​​​ពាក្យ​​​ក្រសួង​​ការបរ​​ទេស​​​ចិន (រូបភាព៖ CGTN)
លោក Geng Shuang អ្នកនាំ​​​ពាក្យ​​​ក្រសួង​​ការបរ​​ទេស​​​ចិន (រូបភាព៖ CGTN)
​រដ្ឋាភិបាល​ចិន​បាន​ទាត់​ចោលការ​លើកឡើងថា ខ្លួន​ស្នើ​ឲ្យ​ប្រទេស​ដែល​ខ្ចីលុយ​យក​ធនធាន​រ៉ែ​ដើម្បី​ប្ដូរ​យកប្រាក់​កម្ចី​របស់​ចិន​។ ការបដិសេធ​នេះ​ធ្វើឡើង ជាការ​ឆ្លើយ​ទៅនឹង​ការលើកឡើង​របស់​សាស្ត្រាចារ្យ​ជនជាតិ​ចិន​ម្នាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Global Times ដែលថា ចិន​សំឡឹង​ឃើញ​ធនធាន​រ៉ែ​របស់​ហ្វីលីពីន ពេលដែល​ឲ្យ​ហ្វីលីពីន​ខ្ចីលុយ​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ ក្រោម​រដ្ឋបាល​លោក ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចិន​បានផ្ដល់​ហិរញ្ញវត្ថុ​ជាច្រើន​ទៅ​ឲ្យ​ហ្វីលីពីន​។​

 
​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Global Times នាពេល​ថ្មីៗ​នេះ សាស្ត្រាចារ្យ Zhuang Guotu មកពី​សាកល​វី​ទ្យា​ល័យ Xiamen និយាយថា ធនធាន​រ៉ែ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សងបំណុល​រវាង​ចិន និង​ប្រទេស​ដែល​ខ្ចីប្រាក់​របស់​ចិន​។ លោក​បាន​លើកយក​ករណី​ផ្ដល់​កម្ចី​ទៅ​ហ្វីលីពីន​ពី​សំណាក់​ចិន ដែល​តែងតែ​មានភ្ជាប់​កិច្ចព្រមព្រៀង​សងលុយ​វិញ ហើយ​ចិន​ចង់បាន​ធនធាន​រ៉ែ​របស់​ហ្វីលីពីន​ធ្វើជា​ថ្នូរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៩ ខែមីនា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បដិសេធ​ការលើកឡើង​របស់លោក Zhuang Guotu និង​ហៅ​ការលើកឡើង​របស់​សាស្ត្រាចារ្យ​រូបនេះ មិនមែនជា​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ឡើយ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ចិន​ពិតជា​តម្រូវ​ប្រទេស​ដែល​ខ្ចីប្រាក់​របស់ខ្លួន​ឲ្យ​ប្រើប្រាស់​ឥណទាន​ជាក់លាក់​ណាមួយ​ដើម្បី​សង​ទឹកប្រាក់​ដែល​ជំពាក់​។​
 
«​ចិន​មិនដែល និង​មិន​ស្នើ​ប្រទេស​ពាក់ព័ន្ធ​ប្រើប្រាស់​ធនធានធម្មជាតិ​របស់ខ្លួន​ជា​ថ្នូរ​ក្នុង​កិច្ចព្រមព្រៀង​ខ្ចីលុយ​ឡើយ​។ ការផ្ដល់​ជំនួយ និង​ការគាំទ្រ​របស់​ចិន​ទៅ​ឲ្យ​ហ្វីលីពីន ក៏​គ្មាន​លក្ខខណ្ឌ​ភ្ជាប់​ដែរ​»​។ នេះ​ជា​ប្រកាស​របស់លោក Geng Shuang ដែល​បាន​បន្តថា ការសង​បំណុល គឺជា​ការអនុវត្ត​នៅ​ជុំវិញ​ពិភពលោក​។​
 
​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ដដែល​នេះ ក៏បាន​អះអាង​ដែរ​ថា ចិន​មិន​យក​រឿង​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ភ្ជាប់​ជាមួយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​គម្រោង​អភិ​វ​ឌ្ឃន៍​ឡើយ​។ ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺធ្វើឡើង​ឈរលើ​គោលការណ៍​រក្សា​ទំនាក់ទំនង​ចិន និង​ហ្វីលីពីន​ឲ្យ​បានល្អ​ប្រសើរ​។ ជាមួយគ្នានេះ ចិន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​ហ្វីលីពីន​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​តាមរយៈ​ការជជែក និង​ការប្រឹក្សា​យោបល់​ទៅមក​។ 
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល លោក Geng Shuang បញ្ជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​ បាន​ផ្លាស់ប្ដូរ​មុខមាត់​នៅ​ឆ្នាំ​២០១៦ ហើយ​ចិន​បាន​ជួយ​យ៉ាងសកម្ម ​ក្នុងការ​ពង្រីក​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ប្រជាជន​ហ្វីលីពីន​។ ពោល គឺ​ក្រោយ​ការឡើង​កាន់តំណែង​ប្រធានាធិបតី​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​ទំនាក់ទំនង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង​ល្អ​ខ្លាំង ទោះ​ជាមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​យ៉ាងណាក្ដី​៕

Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com