អន្តរជាតិ
លោក​ស៊ី ជិន​ភីង ក្លាយជា​លោក​ម៉ៅ សេទុង សតវត្សរ៍​ទី​២១?
12, Mar 2018 , 11:44 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដូច​ការគ្រោងទុក សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​១១ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​ការលុបចោល​មាត្រា​រដ្ឋធម្មនុញ្ញ ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ​។ ការលុបចោល​ប​ញ្ញ​តិ្ត​នេះ បាន​បើកផ្លូវ​ឲ្យ​លោក​ស៊ី ជិន​ភីង អាច​កាន់តំណែង​ប្រធានាធិបតី​លើសពី​ពីរ​អាណត្តិ ខណៈដែល​អាណត្តិ​ទី​ពីរ​របស់លោក​ត្រូវ​ចប់​នៅ​ឆ្នាំ​២០២៣ ។ នេះ​មានន័យថា លោក ស៊ី អាច​អង្គុយ​កៅអី​ប្រធានាធិបតី​អស់​មួយជីវិត បើសិន​លោក​ចង់​។ លោក​ក្លាយជា​មេដឹកនាំ​ចិន​ដំបូង​គេ ដែលមាន​កិត្តិយស ស្មើ​លោក ម៉ៅ សេទុង ។​



​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវបាន​សមាជិកសភា​ប្រជាជន​ចិន​យល់ព្រម​ស្ទើរតែ​ឯកច្ឆន្ទ​ទៅហើយ​ក្នុង​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃទី​១១ ខែមីនា​។ ក្នុងចំណោម​សមាជិកសភា​ចំនួន​២៩៦៤​នាក់ សមាជិកសភា​ចំនួន​២៩៥៨​នាក់ បាន​បោះឆ្នោត​គាំទ្រ ២​នាក់​ប្រឆាំង ៣​នាក់ បោះ​អនុប្បវាទ និង​១​សំឡេង​មិនបានការ​។ នេះ​ជា​លើកដំបូង ដែល​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​បែបនេះ​។​

​វិសោធនកម្ម​សំខាន់​ជាងគេ គឺ​ការលុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​។ មុន​ការកែប្រែ ប្រធានាធិបតី​ចិន​មាន​អាណត្តិ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បញ្ញត្តិ​នេះ ត្រូវបាន​អនុវត្ត​សម័យ​លោក តេង ស៊ា​វ​ភីង មក ប៉ុន្តែ​ក្រោយ​ការកែប្រែ​អាណត្តិ​ប្រធានាធិបតី គ្មាន​កំណត់​រយៈពេល​ទៀតឡើយ​។ លោក ស៊ី ជិន​ភីង ដែល​រំ​ពឺ​ង​បន្ត​អាណត្តិ​ប្រធានាធិបតី​ទី​ពីរ​នៅ​ឆ្នាំនេះ​ទៀត មាន​សិទ្ធិ​ធ្វើជា​ប្រធានាធិបតី​រហូត​អស់​ជីវិត​។​

​ការលុបចោល​ការកំណត់​អាណត្តិ​ប្រធានាធិបតី មិនមែនជា​រឿង​លំបាក ព្រោះ​បក្ស​កុម្មុយនីស្ត​ចិន​គ្រប់គ្រង​សភា​ទាំងមូល​ទៅហើយ​។ វា​ជា​រឿង​ងាយ​ដែល​ស្នើ​កែប្រែ​ដោយ​ខ្លួនឯង និង​យល់ព្រម​ដោយ​ខ្លួនឯង​នោះ​។ បក្ស​កុម្មុយនីស្ត​ចិន បាន​ពិភាក្សា​សំណើ​កែប្រែ​នេះ តាំងពី​ខែមករា មុននឹង​ដាក់​ឲ្យ​សភា​ប្រថាប់ត្រា​អនុម័ត តាម​ក្រោយ​នៅ​ខែមីនា​នេះ​។ អ្វីៗ​ដំណើរការ​ដូច​ការគ្រោង​ទុក ហើយ​លទ្ធផល​បែបនេះ ក៏​មិនជា​រឿង​ត្រូវ​ភ្ញាក់ផ្អើល​ដែរ​។   

១. តំណែង​សំខាន់​ទាំងបី​របស់លោក ស៊ី សុទ្ធតែ​គ្មាន​ការកំណត់​អាណត្តិ​

​ជាមួយនឹង​សិទ្ធិ​អង្គុយ​កៅអី​ប្រធានាធិបតី​ដោយ​គ្មាន​ការកំណត់ តំណែង​សំខាន់ៗ​ទាំងបី របស់លោក ស៊ី ជិន​ភីង គឺ​សុទ្ធតែ​មិនមាន​អាណត្តិ​ទាំងអស់​។ តំណែង​ទាំងបី​មាន ប្រធានាធិបតី អគ្គលេខាធិការ​បក្ស និង​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​។ ក្នុងចំណោម​តំណែង​ទាំងបី​នេះ តំណែង​ប្រធានាធិបតី​មិនមាន​អំណាច ដូច​តំណែង​លេខា​បក្ស និង​ប្រធាន​គណៈកម្មការ​យោធា​ឡើយ ប៉ុន្តែ​មានការ​ទទួលខុសត្រូវ​ខ្លះ ក្នុង​ការងារ​ដឹកនាំ​ប្រទេស​។​

​ការលុបចោល​អាណត្តិ​ប្រធានាធិបតី បាន​បង្ក​ការព្រួយបារម្ភ និង​ការរិះគន់​យ៉ាងខ្លាំង ទាំង​នៅ​ចិន និង​នៅ​បរទេស​។ ក្រុម​អ្នកប្រឆាំង​រិះគន់ថា ចិន​កំពុងស្ថិត​ទៅរក​ការដឹកនាំ​ផ្ដាច់ការ​របស់​បុគ្គល​ម្នាក់ និង​ដើរ​ខុសពី​ផ្លូវ​ដែល​លោក តេង ស៊ា​វ​ភីង ខំ​គូសវាស​ទុក​ពីមុន​។ ដោយ​មើលឃើញ​ពី​វិបត្តិ​មនុស្ស​ម្នាក់​ដឹកនាំ​ប្រទេស​តែឯង នៅ​សម័យ​ប្រធាន ម៉ៅ ទើប លោក តេង អនុវត្ត​ការកំណត់​អាណត្តិ​ប្រធានាធិបតី​នៅ​ឆ្នាំ​១៩៨២ តែម្ដង​។​

​យ៉ាងណាមិញ ប្រធាន​គណៈកម្មការ​កិច្ចការ​ច្បាប់ នៃ​សភា​ចិន​លោក Shen Chunyao បាន​និយាយ​ការការពារ​កែប្រែ​រដ្ឋធម្មនុញ្ញ​លើក​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការបោះឆ្នោត មន្ត្រីជាន់ខ្ពស់​រូបនេះ​លើកឡើងថា វិសោធនកម្ម ជា​វិធាន​ការសំខាន់ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ​ទាំងបី​។

២. ឈ្មោះ និង​ទ្រី​ស្តី​របស់លោក ស៊ី ត្រូវបាន​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ​

​បន្ថែម​ពីលើ​ការលុបចោល​អាណត្តិ​ប្រធានាធិបតី ដែល​បើកផ្លូវ​ឲ្យ​លោក ស៊ី កានតំណែង​ប្រធានាធិបតី​អស់​មួយជីវិត​នោះ សមាជិកសភា​ចិន ក៏បាន​គាំទ្រ​ការបញ្ចូល​ទ្រឹស្តី​របស់លោក ស៊ី ទៅក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​។ «​គំនិត​ស៊ី ជិន​ភីង ស្ដីពី​សង្គមនិយម​តាមបែប​ចិន​នៅ​សករាជ​ថ្មី​» ត្រូវបាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស ដែល​ធ្វើ​ឲ្យ​លោក ស៊ី ក្លាយជា​មេដឹកនាំ​ចិន​ដំបូង​គេ មានមុខមាត់ មាន​ឥទ្ធិពល​ស្មើ​ប្រធាន ម៉ៅ សេទុង ទៅហើយ​។​

​ក្រៅពីនោះ គំនិត និង​ទស្សន​នយោបាយ​របស់លោក ស៊ី មួយចំនួនទៀត​ដូចជា គំរូ​អភិវឌ្ឍ​ថ្មី​, វាសនា​រួម​របស់​មនុស្សជាតិ និង​ការជំរុញ​តម្លៃ​រួម​របស់​សង្គមនិយម ក៏ត្រូវ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ផងដែរ​។ មកទល់ពេលនេះ មានតែ​មេដឹកនាំ​បីនាក់​ប៉ុណ្ណោះ ដែលមាន​កិត្តិយស​ខ្ពង់ខ្ពស់​បែបនេះ ហើយ​លោក ស៊ី គឺជា​មនុស្ស​ទី​បី​។ ចាប់តាំងពី​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១២ លោក ស៊ី ជិន​ភីង បាន​ប្រមូល​អំណាច​ពេញដៃ ដូច​អំឡុងពេល​លោក ម៉ៅ សេទុង ដឹកនាំ​ប្រទេស​រហូតដល់​ស្លាប់​ដែរ​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com