អន្តរជាតិ
​ជប៉ុន​បន្ថែមចំនួន​ប្រឹក្សា​យោធា​នៅ​ម៉ាឡេស៊ី និង​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ទប់ទល់​ចិន​
14, Mar 2018 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ជប៉ុន​ចាប់ផ្តើម​បង្កើត​វត្តមាន​យោធា និង​ការទូត​ខ្លួន​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បង្កើន​ចំនួន​ទីប្រឹក្សាយោធា​ដែល​ប្រចាំការ​នៅ​ស្ថានទូត​ខ្លួន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​ដែលជា​រដ្ឋ​ភាគី​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ គោលនយោបាយ​ថ្មី​របស់​ជប៉ុន​នេះ ទំនងជា​ដើម្បី​ទប់ទល់​សកម្មភាព​បន្ត​បង្ករឿង និង​ការបង្កើន​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ក្នុង​តំបន់​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន​បាន​ទទួលស្គាល់ថា ជប៉ុន​សម្រេច​បង្កើន​ចំនួន​អនុព័ន្ធយោធា​របស់​ស្ថានទូត​ខ្លួន​ប្រចាំ​នៅ​ម៉ាឡេស៊ី និង វៀតណាម​។ ប៉ុន្តែ​អ្នកនាំពាក្យ​នោះ​មិនបាន​បកស្រាយ​ឡើយ​ពី​មូលហេតុ​ដែល​ជប៉ុន​សម្រេច​បង្កើន​ចំនួន​មន្ត្រី​យោធា​នៅតាម​ស្ថានទូត​ខ្លួន​នៅ​ប្រទេស​អាស៊ាន​ទាំង​នេះឡើយ​។​

​សារព័ត៌មាន South China Morning Post ក្រសួងការបរទេស​ជ​ប៉ុន​បាន​អះអាងថា​អនុព័ន្ធយោធា​អចិន្ត្រៃយ៍​ថ្មី​នេះ​មិនមាន ទំនួល​ខុសត្រូវ ចំពោះ​ការធានា​សន្តិសុខ​នៅតាម​ស្ថានទូត​ជប៉ុន​នៅ​អាស៊ាន​ឡើយ​។ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ផ្សាយ​ថា អនុព័ន្ធយោធា​ថ្មី​នេះ​នឹងមាន​តួនាទី​ជំរុញ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ប្រមូល និង​វិភាគ​ទិន្នន័យ​ចារកម្ម និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ជប៉ុន​និង​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​

​ក្នុង​សៀវភៅ​ស ស្តីពី​សន្តិសុខ និង​ការពារជាតិ​របស់​ជប៉ុន​ដែល​ទើប​ចេញផ្សាយ​កាលពី​ថ្មីៗ​នេះ ជប៉ុន​បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព​ចារកម្ម ដើម្បី​ធានាថា ក្រសួងការពារជាតិ​ជប៉ុន​មានលទ្ធភាព​ទប់​ស្កាត់ ឬ​អាច​ចាប់បាន​សញ្ញា​គ្រោះថ្នាក់​នានា​សម្រាប់​សន្តិសុខ​ជប៉ុន​បាន​រហ័ស​។ ដូច្នេះហើយ ការបង្កើន​ចំនួន​អនុព័ន្ធយោធា​នៅ​ម៉ាឡេស៊ី និង​វៀតណាម ទំនងជា​ផ្នែ​មួយ​នៃ​ការពង្រឹង​សមត្ថភាព​យោធា​នេះ​។

​ប៉ុន្តែ​ទោះជា​បែបណាក៏ដោយ វៀតណាម និង​ម៉ាឡេស៊ី​សុទ្ធតែជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​មហា​យក្ស​ចិន​។ ការបង្កើន​ចំនួន​មន្ត្រី​អនុព័ន្ធយោធា​នេះ ទំនងជា​ផ្នែក​មួយ​នៃ​ការបង្កើន​សមត្ថភាពរ​បស់​ជប៉ុន ប្រឆាំង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់ និង​ទប់ទល់​ជាមួយ​ចិន​ដែល​កំពុង​បន្ត​វាតទី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ ជប៉ុន ក៏ដូចជា​បណ្តា​ប្រទេស​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​អាស៊ាន​ដែរ ជាពិសេស​វៀតណាម ព្រួយបារម្ភ​ខ្លាំង​ពី​សកម្មភាព​របស់​ចិន និង​ការធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​ផង​។​

​បច្ចុប្បន្ននេះ ជប៉ុន​កំពុង​បន្ត​ជួយ​គាំទ្រ​សម្ព័ន្ធមិត្ត​ខ្លួន​នៅក្នុង​តំបន់​ដូចជា​ផ្តល់​នាវា​ល្បាត និង​យន្តហោះ​ល្បាត​។ ជប៉ុន​នឹង​ផ្តល់​យន្តហោះ​សម្រាប់​ការហ្វឹកហ្វឺន TC-90 បី​គ្រឿង​ដល់​ហ្វីលីពីន ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ការត្រួត​ពិនិត្យមើល​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​៕

Tag:
 ចិន​
  ជប៉ុន​
  សមុទ្រ​ចិន​ខាងត្បូង​
  ម៉ាឡេស៊ី​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com