អន្តរជាតិ
ថៃ ចាប់ផ្តើម​អនុវត្ត​ចំណាត់ការ​ក្តៅ​លើ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​ក្នុង​«​ថ្ងៃ​ដ៏​គ្រោះថ្នាក់​ទាំង៧»
13, Apr 2018 , 6:05 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​បាងកក បាន​ផ្តើម​ចាត់​វិធាន​ទប់ស្កាត់ និង​ពិន័យ ដែល​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​នៅក្នុង​អំឡុងពេល​ប្រារព្ធ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី ជាពិសេស​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ ដែល​ក្រុង​បាងកក ពណ៌នា​ថា ជា​ថ្ងៃ​គ្រោះថ្នាក់​បំផុត ។ 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Sirichan Ngathong នៅ​ថ្ងៃ​១២ មេសា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​១១ មេសា អាជ្ញាធរ​ថៃ បានចាប់ផ្តើម​អនុវត្ត​ផែនការ​ក្តៅ​តាមរយៈ​ការដាក់​តម្រួត​ពិនិត្យ​សុវត្ថិភាព​តាម​ដងផ្លូវ ។ លោក អះអាងថា មាន​អ្នកបើកបរ​ម៉ូតូ​ជាង​៣០០០​នាក់ ត្រូវបាន​រកឃើញថា បាន​បើកបរ​ទាំង​ក្នុងស្ថានភាព​ស្រវឹង ក្នុង​យុទ្ធនាការ​ថ្ងៃ​ដំបូង​នេះ ។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation អ្នកនាំពាក្យ ក៏បាន​អះអាង​ផងដែរ​ថា ក្នុង​ថ្ងៃ​ដំបូង​នោះ អាជ្ញាធរ​បាន​រឹបអូស​យានជំនិះ​១៥៦​គ្រឿង ខណៈ​អ្នកបើកបរ​ជិត​បី​ពាន់​នាក់ ជាប់ចោទ​ពីបទ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ដើម្បី​ជា​ទណ្ឌកម្ម​ក្នុងការ​បំពាន​បំរាម​របស់​រដ្ឋាភិបាល អាជ្ញាធរ ក៏បាន​រៀបចំ​បញ្ជូន​អ្នកបើកបរ​ក្នុង​ស្ថាន​ស្រវឹង​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ទៅកាន់​តុលាការ និង​អ្នក​ដែល​សេសសល់ គ្រាន់តែ​ផាកពិន័យ​ជា​ទឹកប្រាក់​ប៉ុណ្ណោះ ។
 
​សម្រាប់​រដ្ឋាភិបាល​ថៃ រយៈពេល​ប្រាំពីរ​ថ្ងៃ ដែល​គិត​ចាប់តាំងពី​ថ្ងៃ​១១ មេសា​តទៅ នៃ​ការរៀបចំ និង​ប្រារព្ធ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី គឺជា​ថ្ងៃ ដែល​គ្រោះថ្នាក់​បំផុត ។ គ្រោះថ្នាក់​នោះ​គឺ​រាប់បញ្ចូល​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​មិន​គោរព​ច្បាប់ ដែល​តែងតែ​ឆក់យក​អាយុជីវិត​ប្រជាជន​ជាច្រើន​នាក់​ក្នុង​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ៕ 

Tag:
 ថៃ
  សង្ក្រាន្ត
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com