ជាតិ
កាហ្វេ​ក្លែងក្លាយ កាហ្វេ​ធម្មជាតិ កាហ្វេ​សរីរាង្គ​
22, Apr 2018 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
​កាហ្វេ កំពុង​ក្លាយជា​ភេសជ្ជៈ​ពេញនិយម​របស់​ខ្មែរ​យើង​កាន់តែច្រើន តែ​ទន្ទឹមនឹងនេះ​វា​ក៏​ក្លាយ ជា​បញ្ហា​ដែរ​ជាពិសេស​ទាក់ទង​កាហ្វេ​ក្លែងក្លាយ​កាហ្វេ​គីមី​ជាដើម​។ ដើម្បី​បង្កើន​ការយល់ដឹង បន្ថែម​ដល់​អ្នក​និយម​បរិភោគ​កាហ្វេ​ទាក់ទង​បញ្ហា​កាហ្វេ ខ្ញុំ​សូម​ចែករំលែក​នូវ​បទពិសោធន៍ មួយចំនួន​។​



​កាហ្វេ​ក្លែងក្លាយ (Fake Coffee) តាមពិត​មិនមែនជា កាហ្វេ​ទេ គឺជា​ផលិតផល​ដែល​គេ​លាយ​ចូល គ្នា​នូវ​សណ្តែកសៀង ម្ស៉ៅ​ពោត និង​គ្រឿង​ផ្សេងទៀត​។ ដើម្បី​មាន​ជាតិ​កា​ហ្វ​អ៊ី​ន (Cafein) គេ​ដាក់ លាយ​ម្ស៉ៅ​គ្រាប់​កាហ្វេ​មែនទែន​អាច​១០​ទៅ​២០%​ឬ​៣០%​។ ផលិតផល​កាហ្វេ​ក្លែងក្លាយ​នេះ សម្បូរ​ណាស់ ជាពិសេស​នៅ​ប្រទេស​វៀតណាម ហើយ​ក៏មាន​នាំមក​លក់​គ្រប់​ទីកន្លែង​នៅ​ប្រទេស កម្ពុជា​។ ទន្ទឹមនឹងនេះ សិប្បកម្ម​កាហ្វេ​ក្លែងក្លាយ ក៏​មាននៅ​ស្រុក​ខ្មែរ​ដែរ​។​
​កាហ្វេ​គីមី គឺជា​ភាសា​ទូទៅ ដែល​ខ្មែរ​យើង​ប្រើ​ជំនួស​ពាក្យ​កាហ្វេ​ក្លែងក្លាយ ដោយសារ​ការផលិត កាហ្វេ​ក្លែងក្លាយ គេ​មាន​លាយ​បន្ថែម​សារ​ធាតុគីមី​សិប្បនិម្មិត ដើម្បី​បង្កើន​រសជាតិ ក្លិន ពណ៌ និង​ពពុះ​។ សារធាតុ​គីមី​សំខាន់ៗ មួយចំនួន​ដែល​គេ​ប្រើ​នៅ​វៀតណាម​មានដូចជា​៖
•​ ​Sodium Lauryl Sulfate
•​ ​Carboxymethyl Cellulose
•​ ​Choramphenicol (​អង់​ទី​ប្យូ​ទិ​ក​)
•​ ​Sodium Cylamate (​មេ​ស្ករ​)
​ក្នុងចំណោម​សារធាតុ​គីមី​ខាងលើនេះ Sodium Lauryl Sulfate ជា​សារ​ធាតុគីមី​ដែល​គេ​ផ្សំ សម្រាប់ ផលិត​សាប៊ូ​លាងចាន និង​សាប៊ូកក់សក់ (Shampoo) ហើយ​គេ​យក​លាយ​ដើម្បី​ឲ្យ​កាហ្វេ ក្លែងក្លាយ​មាន​ពពុះ​។​
​ការបរិភោគ​កាហ្វេ​ក្លែងក្លាយ វា​នាំមក​នូវ​បញ្ហា ឬ​គុណវិបត្តិ​មួយចំនួន​៖
1.​ ​សារធាតុ​គីមី ដែល​គេ​ដាក់​លាយ​បន្ថែម​អាចមាន​ភាពគ្រោះថ្នាក់​ដល់​សុខភាព​។ ថ្មីៗ​នេះ ក៏មាន​លេច​ព័ត៌មាន​ពី​ការប្រើ​សារធាតុ​ធ្វើ​ថ្មពិល​លាយ​ជាមួយ​កា​ហ្វ​ក្លែងក្លាយ ដែលជា រឿង​មួយ​គ្រោះថ្នាក់​ណាស់ ដោយ​ក្នុង​ថ្មពិល​មាន​សារធាតុ​លោហៈ​ដែល​ពុល ឬ​មាន គ្រោះថ្នាក់​ដល់​មនុស្ស​។​
2.​ ​កាហ្វេ​ក្លែងក្លាយ​ច្រើន​ផលិត​កែច្នៃ​ដោយ​ខ្វះ​អនាម័យ ហើយ​វត្ថុធាតុដើម​ដូចជា សណ្តែក សៀង និង​គ្រាប់​កាហ្វេ ភាគច្រើន​អាចជា​របស់​មាន​គុណភាព​អន់​មាន​តម្លៃថោក​។​
3.​ ​ការបរិភោគ​កាហ្វេ​ក្លែងក្លាយ​ប្រៀបដូចជា​ការបរិភោគ​សណ្តែកសៀង និង​លាយ​ជាមួយ ពោត និង​ពពុះ​សាប៊ូ ដែល​សឹងតែ​គ្មាន​រសជាតិ​កា​ហ្វ​ពិតប្រាកដ​។​
 
​កាហ្វេ​ធម្មជាតិ គឺជា​កាហ្វេ​សុទ្ធ​ពិតប្រាកដ ដែល​សម្បូរ​ជាតិ​កា​ហ្វ​អ៊ី​ន ដោយ​អត់​មាន​លាយ ជាមួយ​អ្វី​ផ្សេងទៀត​ទេ​។ ដោយឡែក កាហ្វេ​ធម្មជាតិ​ក៏មាន​កាហ្វេ​ធម្មជាតិ​សុទ្ធ​១០០% និង កាហ្វេ​ធម្មជាតិ​មិន​សុទ្ធ​១០០%​ដែរ ពីព្រោះ​ជួនកាល​គេ​អាច​លាយ​ជាមួយ​ម្ស៉ៅ​គ្រាប់សណ្តែក សៀង  ឬ​ម្ស៉ៅ​គ្រាប់​ធញជាតិ​ផ្សេងទៀត​ខ្លះៗ​ដែរ​។​
 
​កាហ្វេ​សរីរាង្គ ជា​កាហ្វេ​ធម្មជាតិ ដែល​ដាំ​ដុះ​តាម​ស្តង់ដារ​សរីរាង្គ ជាពិសេស​មិន​ប្រើ​ជីគីមី សំយោគ ថ្នាំពុល​គីមីសំយោគ ដើម្បី​ឲ្យ​កាហ្វេ​ដុះ​លូតលាស់​បាន​ផល​ល្អ ហើយ​គ្រាប់​កាហ្វេ​ត្រូវ បាន​ទុកដាក់ កែច្នៃ និង​វេច​ខ្ចប់​ដោយ​មិនមាន​ប្រើ​សារធាតុ​គីមីសំយោគ​បន្ថែម​។ ប​ច្ច​ប្បន្ន នៅលើ ទីផ្សារ​ស្រុក​ខ្មែរ មាន​កាហ្វេ​ស្តង់ដារ​សរីរាង្គ​អង្គការ​សេ​ដាក ដែល​ដាំ​ដុះ​ដោយ​កសិករ​នៅ​ទឹកដី ប៊ូ​ស្រា​ខេត្ត​មណ្ឌល​គី​រី​។ កាហ្វេ​ស្តង់ដារ​សរីរាង្គ​អង្គការ​សេ​ដាក មាន​លក់​នៅ​ហាង​អូ​ក្រា ហាង កសិផល​ធម្មជាតិ​សេ​ដាក ហាង F Cafe និង​ហាង​ផ្សេងៗ​ទៀត​។ លោកអ្នក អាច​ចំណាំ​វា​បាន តាម​រូប​សញ្ញា (logo) សរីរាង្គ​សេ​ដាក​។​
​តាម​ការពិសោធន៍​កន្ល​ង​មក គេ​អាចបែងចែក​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​ក្លែងក្លាយ​ដូចខាងក្រោម​៖
1.​ ​កាហ្វេ​ធម្មជាតិ​ក្នុង​បរិមាណ​មួយកញ្ចប់​ដូចគ្នា គឺ​ស្រាល​ជាង​កា​ហ្វ​ក្លែងក្លាយ​។ តែបើ ទម្ងន់​ដូចគ្នា កញ្ចប់​កាហ្វេ​ធម្មជាតិ​ធំ​ជាង​កាហ្វេ​ក្លែងក្លាយ​។​
2.​ ​កាហ្វេ​ធម្មជាតិ ពេល​បរិភោគ​ជា​កាហ្វេ​ខ្មៅ​ក្តៅ​សុទ្ធ និង​មាន​រសជាតិ​រាង​ល្វីង ហើយ​ជូរ បន្តិច ឯកា​ហ្វេ​ក្លែងក្លាយ​វិញ មាន​រសជាតិ​រាង​ផ្អែម​ដោយសារ​មាន​លាយ​ជាមួយ​ស្ករ តាំង​ម៉ែ​។​
3.​ ​កាហ្វេ​ធម្មជាតិ ពេល​ថែម​ទឹក​ច្រើន​រាង​ឡើង​ពណ៌​ត្នោត​ហើយ​ថ្លា​។ កាហ្វេ​ក្លែងក្លាយ ពេល​ដំបូង​ខ្មៅ តែ​ពេល​លាយ​ទឹក​ថែម​កាន់តែច្រើន បាត់​ពណ៌ ឬ​សាប​ពណ៌​។​
4.​ ​ម្ស៉ៅ​កាហ្វេ​ធម្មជាតិ​រាង​ស្ងួត ហើយ​មិនមាន​ភាព​ស្អិត​ជាប់​គ្នា​ទេ ចំណែកឯ​ម្ស៉ៅ​កាហ្វេ​ក្លែង ក្លាយ រាង​សើម ហើយ​ស្អិត​ជាប់​គ្នា​។​
5.​ ​នៅពេល​យើង​យក​កាហ្វេ​ធម្មជាតិ​មួយ​ស្លាបព្រា​ដាក់​ក្នុង​ទឹក​ត្រជាក់​មួយ​កែវ វា​រាង អណ្តែត​ចេញ​ពណ៌​មក​តិចៗ​ទេ​ហើយ​ពណ៌​រាង​ត្នោត​ថ្លា​។ បើ​កាហ្វេ​ក្លែងក្លាយ វា​នឹង ចេញ​ពណ៌​មក​ឡើង ខ្មៅ ហើយ​លិចទៅ​ខាងក្រោម​កែវ ហើយ​អាចមាន​ទឹក​ពណ៌​ថ្លា ស ដូច​ទឹក​នៅ​ផ្នែក​ខាងលើ​បំផុត​។​
6.​ ​កាហ្វេ​ធម្មជាតិ មាន​ពណ៌​រាង​ត្នោត ហើយ​មិនអាច​មាន​ពណ៌​ខ្មៅ​ខ្លាំង​ទេ​។ នៅពេល លាយ​ជាមួយ​ទឹកកក (​កា​ហ្វ​ទឹកកក​) វា​មាន​ពណ៌​រាង​ត្នោត​ថ្លា​។ ផ្ទុយទៅវិញ កាហ្វេ​ក្លែង ក្លាយ​មាន​ពណ៌​ខ្មៅ ឬ​ខ្មៅ​ខ្លាំង​។​
7.​ ​ជាទូទៅ​កាហ្វេ​ក្លែងក្លាយ មានតម្លៃ​ថោក តម្លៃ​ដែល​អ្នក​ឆុង​កាហ្វេ​ទិញ​ចូល​ភាគច្រើន​គឺ ១៥០០០ រៀល ទៅ​២០០០០​រៀល​ក្នុង​មួយ​គីឡូ បើ​ប្រៀបធៀប​ជាមួយ​កាហ្វេ​ធម្មជាតិ (​កាហ្វេ Robustra) តម្លៃ​អាច​ខុសគ្នា​ពី​២​ទៅ​៣​ដង​។​
​ដោយសារ​បញ្ហា ដូច​រៀបរាប់​ខាងលើនេះ យក​ល្អ​លោកអ្នក​គួរ​ជៀសវៀង​កុំ​ពិសា​រកា​ហ្វ​ក្លែង ក្លាយ ទោះបីជា​មានការ​ខុស​ត​ម្លៃ​គ្នា​បន្តិចបន្តួច​។ ណាមួយ​ទៀត យើង​បរិភោគ​កាហ្វេ​មិនមែន បរិភោគ​សណ្តែកសៀង​លាយ​ពោត និង​ពពុះ​សាប៊ូ​ទេ​។​
 
​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ ត្រូវតែ​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់​ក្នុងការ​បង្ក្រាប​ការផលិត និង​ការជួញដូរ​កាហ្វេ​ក្លែងក្លាយ​។​
 
​ទាំង​អ្នកលក់​កាហ្វេ និង​អ្នក​បរិភោគ​កាហ្វេ ក៏​គួរ​នាំ​ងាក​មក​គាំទ្រ​ផលិតផល​កាហ្វេ​ធម្មជាតិ​ខ្មែរ ជាពិសេស​កាហ្វេ​សរីរាង្គ​។ ប​ច្ច​ប្បន្ន​នេះ ការដាំ​កាហ្វេ ក៏​កំពុង​រីកដុះដាល​ដែរ ជាពិសេស​នៅ​ខេត្ត មណ្ឌល​គី​រី ហើយ​យើង​ជឿជាក់ថា​ក្នុង​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ខាងមុខនេះ ខ្មែរ​យើង​អាច​សម្បូរ កាហ្វេ​ធម្មជាតិ នៅពេល​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​៕
 
​ដោយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ (saingkoma.com)

Tag:
 កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com