ជាតិ
កម្ពុជា​ប្រារព្ធ​ទិវា​ភពផែនដី​ក្រោម​ប្រធានបទ បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​
22, Apr 2018 , 3:28 pm        
រូបភាព
ដោយ:
​ដើម្បី​ចូលរួម​ថែរក្សា​ភពផែនដី ក្រសួងបរិស្ថាន បាន​ចូលរួម​ប្រារព្ធ​ទិវា ភពផែនដី ជា​លើក​ទី​៣ ក្រោម​ប្រធានបទ បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។ កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ខេត្តព្រៃវែង ដោយមាន​វត្តមាន​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ជា​តំណាង​នៃ​ក្រសួងបរិស្ថាន​។


​នៅក្នុង​ឱកាស​នៃ​ទិវា​ភពផែនដី លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាង​នៃ​ក្រសួងបរិស្ថាន បាន​លើកឡើងថា «​ថ្វីបើ​ប្លា​ស្ទិ​ក​ជួយ​សម្រួលការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​យើង ប៉ុន្តែ​ប្លា​ស្ទិ​ច​គឺជា​អាវុធ​លាក់​មុខ ព្រោះ​សារធាតុពុល​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​អាច​បង្ក​នូវ​ជំងឺ​កាច​សាហាវ​នានា​ដល់​មនុស្ស និង​ធ្វើអោយប៉ះពាល់​គុណភាព​ទឹក និង​ដី​របស់​យើង​បាន​»​។​
​នៅ​ព្រឹក​ថ្ងៃទី ២២ ខែមេសា លោក អ៊ាង សុផល្លែត បានស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សិក្សា និង​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន កុំ​បោះថង់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​បរិស្ថាន កុំ​ដុត​ថង់​ប្លា​ស្ទិ​ក ព្រោះ​វា​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ប្រ​ព័​ន្ឋ​អេកូឡូស៊ី ជាពិសេស​ជីវៈចម្រុះ​នៅក្នុង​ទឹក និង​ប៉ះពាល់​ស្រទាប់​អូហ្សូន និង​កុំ​យក​ប្លា​ស្ទិ​ក ច្រក​អាហារ​ក្តៅ​ដែល​ធ្វើ​អោយចេញ​សារធាតុ​គីមី​ពុល បង្ក​នូវ​ជំងឺមហារីក​នានា​ដល់​អ្ន​ក​បរិភោគ​។​
  


តំណាង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ខាងលើ លើកឡើង​បែបនេះ នៅក្នុង​ឱកាស​ប្រារព្ធ​«​ទិវា​ភពផែនដី ឆ្នាំ​២០១៨» ជា​លើក​ទី​៣​នៅ​កម្ពុជា ក្រោម​ប្រធានបទ​«​បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​» នៅ​ខេត្តព្រៃវែង​ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង អាជ្ញាធរ​ដែនដី​ខេត្តព្រៃវែង​។​
​ជាការ​កត់សម្គាល់​ទិវា ភពផែនដី ត្រូវបាន​ពិភពលោក​ប្រារព្ធ​ឡើងជា​លើក​ទី​៤៨ ហើយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​បំផុស​ដល់​មនុស្សជាតិ ឲ្យ​កាន់តែ​ស្រលាញ់​ថែរក្សា និង​យល់​នូវ​គុណ​តម្លៃ​ដ៏​មហាសាល​នៃ​សម្បត្តិ​ធនធានធម្មជាតិ និង​បរិស្ថាន នៅលើ​ភពផែនដី​យើង ដែលជា​ភព​តែមួយកត់​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​។ ទិវា​នេះ​ក៏ត្រូវ​បាន​អង្គការសហប្រជាជាតិ​កំណត់​យក​ថ្ងៃទី ២២ ខែមេសា ធ្វើជា​ទិវា​ភពផែនដី ស្តែងចេញ​នូវ​សកម្មភាព ដាំ​ដើមឈើ​ថ្មី សម្អាត​ទីក្រុង និង​ផ្លូវថ្នល់ ជាដើម​។​
 
​អង្គការ USAID ក៏​បានចេញ​វីដេអូ​អប់រំ​ដែល​បង្ហាញ​អំពី​ផលប៉ះពាល់​នៃ​កាកសំណល់​ប្លា​ស្ទិ​កលើ​បរិស្ថាន និង​សុខភាព​មនុស្ស​ផងដែរ​៕
 

Tag:
 បរិស្ថាន​
 ​ក្រសួងបរិស្ថាន​
 ​ប្លា​ស្ទិ​ក​
 ​កង្វក់​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com