ជាតិ
លោក David Chandler ចង់​បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាថ្មី​ដោយ​បន្ថែម​សេចក្ដី​បញ្ចប់​ដែលមាន​ទុទ្ទិដ្ឋិនិយម​ជាង​មុន​
23, Apr 2018 , 7:59 pm        
រូបភាព
លោក David Chandler ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA Khmer នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមីនា ឆ្នាំ២០១៨។
លោក David Chandler ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA Khmer នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមីនា ឆ្នាំ២០១៨។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ លោក David Chandler ប្រវត្តិវិទូ​ជនជាតិ​អាមេរិកាំង​ដែល​សរសេរ​សៀវភៅ​អំពី​ប្រទេស​កម្ពុជា​ដ៏​ល្បីល្បាញ និយាយថា លោក​កំពុង​សម្លឹងមើល​ការបោះពុម្ព​លើក​ទី ៥ នៃ​សៀវភៅ «​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​» របស់លោក ដោយ​សរសេរ​សេចក្ដី​បញ្ចប់​ថ្មី ដែល​នឹងមាន​ទុទ្ទិដ្ឋិនិយម​ជាង​មុន​។​



​លោក Chandler និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA កាលពី​ខែ​មុន​ថា​៖

«​បើ​ខ្ញុំ​ធ្វើការ​បោះពុម្ព​សៀវភៅ​ថ្មី​មែន ហើយ​ខ្ញុំ​គិតថា​ខ្ញុំ​ប្រហែល​នឹងធ្វើ​មែន ការបោះពុម្ព​លើក​ទី​៥ នឹងមាន​ខ្លឹមសារ​ខុសពី​ការបោះពុម្ព​លើក​ទី​៤​មួយចំនួន​»​។​

​លោក Chandler បន្តថា​៖

«​ពេលដែល​ខ្ញុំ​សរសេរ​ចប់​សម្រាប់​ការបោះពុម្ព​ថ្មី​លើក​ទី​៥​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ទំព័រ​ចុងបញ្ចប់​នៃ​ជំពូក​ចុងក្រោយ ដែល​នឹង​នាំ​អ្នក​ទៅ​ឆ្នាំ ២០១៨ ឬ​ឆ្នាំ ២០១៩ នឹងមាន​ទុទ្ទិដ្ឋិនិយម​ច្រើនជាង​ការបោះពុម្ព​លើក​ទី​៤»​។​

​នៅមុន​ពេល​សរសេរ​ប​ញ្ច​ប់​សៀវភៅបោះពុម្ព​លើក​ទី​៤​ក្នុង​ឆ្នាំ​២០០៧ លោក Chandler បាន​មើលឃើញ​ការផ្លាស់ប្ដូរ​វិជ្ជមាន​នានា ទាក់ទង​នឹង​សេរីភាវូបនីយកម្ម​និង​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម ប៉ុន្តែ​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ លោក Chandler បាន​និយាយថា ប្រទេស​កម្ពុជា​បាន​ដើរ​ថយក្រោយ​។​

​លោក Chandler ពន្យល់​នៅក្នុង​ពេលនោះ​ថា​៖

«​ពេលដែល​ខ្ញុំ​សរសេរ​បញ្ចប់​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​សម្រាប់​បោះពុម្ព​លើក​ទី​៤ ខ្ញុំ​បានឃើញ​ភាព​អាចទៅរួច​នៃ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ខាង​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ច្រើនជាង​មុន ដូចជា ការបើក​ទទួលយក​សេដ្ឋកិច្ច​ទីផ្សារសេរី និង​លទ្ធិប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០០៥​។ ខ្ញុំ​គិតថា ទិដ្ឋភាព​នយោបាយ​បច្ចុប្បន្ន​បាន​ធ្លាក់ចុះ ហើយ​វា​បាន​ប្រែ​ទៅជា​មិន​ស្វាគមន៍​ការផ្លាស់ប្ដូរ​វិជ្ជមាន ឬ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នោះទេ​។​



​លោក Chandler ក៏​ចង់​ពង្រីក​ជំពូក​មួយ​ក្នុង​សៀវភៅ​របស់លោក ដែល​រៀបរាប់​អំពី​អាណាចក្រ​អង្គរ ក្នុង​ចន្លោះ​ពី​សតវត្ស​ទី​៩​ដល់​សតវត្ស​ទី​១៥​។ នៅ​សម័យអង្គរ ខ្មែរ​ជា​រាជាណាចក្រ​មួយ​ក្នុង​ខេត្តសៀមរាប​សព្វថ្ងៃ ដែល​បាន​គ្រប់គ្រង​លើទឹក​ដី​ដ៏​ធំ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​កសាង​ប្រាសាទធំៗ​ជាច្រើន​។​

​នៅក្នុង​ជំពូក​នេះ លោក Chandler ចង់​ដាក់​បន្ថែម​ការរកឃើញ​ថ្មីៗ​ផ្នែក​បុរាណវិទ្យា​អំពី​សម័យអង្គរ ដែល​ការរកឃើញ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​ដោយ​គម្រោង Greater Angkor របស់​សកល​វិទ្យាល័យ​ស៊ីដនី​។ គម្រោង​សិក្សា​ស្រាវជ្រាវ Greater Angkor នេះ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​យន្តហោះ​ថង​តាមរយៈ​កាំរស្មីឡាស៊ែរ មាន​ឈ្មោះថា Lidar ដើម្បី​ពិនិត្យ​ទួល​តូចៗ​និង​ទំនាប​ជុំវិញ​ប្រាសាទ​នានា ដែល​អនុញ្ញាត​ឲ្យ​បុរាណ​វិទូ​អាច​មើលឃើញ ពី​វិសាលភាព​នៃ​ការតាំង​លំនៅឋាន​ជុំវិញ​អង្គរ និង​ផ្ដល់​ការយល់ដឹង​ថ្មី​អំពី​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​អង្គរ​។​

​លោក Chandler មានប្រសាសន៍ថា​៖

«​ខ្ញុំ​នឹង​ពង្រីក​និង​សរសេរ​ជំពូក​អំពី​អាណាចក្រ​អង្គរ​ឲ្យ​ស៊ីជម្រៅ​ជាង​មុន ពីព្រោះ​កិច្ចការងារ​ខាង​បុរាណវិទ្យា​ថ្មីៗ​នេះ​គឺ​ល្អ​ណាស់​។ កិច្ចការងារ​ខាង​បុរាណវិទ្យា​ថ្មី​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចម្រើន​យ៉ាង​ធំធេង​ដោយសារ​បច្ចេកវិទ្យា Lidar ហើយក៏​មានការ​រីកចម្រើន​យ៉ាង​ធំធេង​នៃ​ចំណេះដឹង​របស់​ខ្មែរ​អំពី​សម័យអង្គរ​ដែរ​។​

​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​វ័យ​៨៥​ឆ្នាំ នៃ​សាកលវិទ្យាល័យ Monash ក្នុងប្រទេស​អូស្ត្រាលី លោក Chandler បានមក​ធ្វើការ​ជា​មន្ត្រី​សេវាកម្ម​កិច្ចការបរទេស​សហរ​ដ្ឋ​អាមេរិក នៅ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៦០​។ ពេលធ្វើការ​នៅ​ទីនោះ លោក Chandler បាន​រៀន​ចេះ​និយាយ​និង​ចេះ​អាន​ភាសា​ខ្មែរ និង​ដើរ​តាម​ព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅ​ទូទាំងប្រទេស​ដើម្បី​ស្ដាប់​សុន្ទរកថា​របស់​ព្រះអង្គ​។ បទពិសោធន៍​ទាំងនេះ​បានអនុញ្ញាត​ឲ្យ​លោក Chandler យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ និង​ថាមពល​នយោបាយ​របស់​ប្រទេស​កម្ពុជា និង​ត្រៀមខ្លួន​សម្រាប់​អាជីព​នាពេល​អនាគត​របស់លោក ជា​ប្រវត្តិវិទូ​ម្នាក់​។​

​សៀវភៅ​«​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​» របស់លោក Chandler ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ថ្នាក់រៀន​ជាច្រើន​ទូទាំង​ពិភពលោក ហើយក៏​ត្រូវបាន​គេ​បកប្រែ​ជា​ភាសា​ខ្មែរ ថៃ បារាំង និង​ចិន​។ សៀវភៅ​នេះ រៀបរាប់​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ​និង​ស៊ីជម្រៅ​អំពី​ប្រទេស​កម្ពុជា ដោយ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៤ រួមមាន ទំនាក់ទំនង​លក្ខណៈ​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម ការយល់ឃើញ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​អំពី​អតីតកាល​ជាពិសេស​អំពី​អាណាចក្រ​អង្គរ ការអនុវត្ត​ការតែងតាំង​សមាជិក​ក្រុមគ្រួសារ​ឬ​បក្សពួក​ឱ្យ​កាន់តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​និង​ការ​អនុវត្តតាម​ឋានានុក្រម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​គំនិត​ដែលថា​សង្គម​កម្ពុជា​មិន​ងាយ​ទទួលយក​ការផ្លាស់ប្ដូរ​។​

​កាលពី​ខែ​មុន សមាគម​សម្រាប់​ការសិក្សា​តំបន់​អាស៊ី​បានប្រគល់​ពានរង្វាន់​ឈ្មោះ «​វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការសិក្សា​តំបន់​អាស៊ី​» ទៅដល់​លោក Chandler​សម្រាប់​ស្នាដៃ​យ៉ាង​ទូលំទូលាយ​របស់លោក អំពី​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ប្រទេស​កម្ពុជា​។ ក្នុងចំណោម​ស្នាដៃ​ទាំងនោះ សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​របស់លោក ប្រហែលជា​ល្បីល្បាញ​ជាងគេ​។​

​មិនយូរប៉ុន្មាន​បន្ទាប់​ពី​ការបោះពុម្ព​លើក​ទី​១​នៃ​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នេះ ទស្សនាវដ្ដី​សិក្សា​ស្រាវជ្រាវ​សម្រាប់​ការសិក្សា​តំបន់​អាស៊ី​របស់​សមាគម​ខាង​លើ បាន​សរសើរ​សៀវភៅ​របស់លោក Chandler នេះ​ថា ជា «​ការរួមចំណែក​ថ្មី​មិនមាន​ពីមុន ដែល​ល្អ​ដាច់​លើសពី​ស្នាដៃ​ដែលមាន​ផ្សេងៗ​ទៀត​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com