ជាតិ
ប្រធាន​វិទ្យុ​បារាំង​អន្តរជាតិ​នឹង​ចេញផ្សាយ​សៀវភៅ​ថ្មី​ស្តីពី «​អាស៊ី​ប៉ាស៊ីហ្វិក​»
23, Apr 2018 , 5:03 pm        
រូបភាព
Photo by Karunakevin
Photo by Karunakevin
​អ្នកគាំទ្រ និង​អ្នក​និយម​ស្នាដៃ​របស់លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ ទាក់ទង​នឹង​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា តំបន់ និង​ពិភពលោក​នោះ នឹង​បាន​អាន​ស្នាដៃ​ថ្មី​មួយទៀត​នៅក្នុង​ខែឧសភា​នេះ​។ លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ (Jean-François TAIN) ដែលជា​នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ប្រចាំ​កម្ពុជា នឹង​បោះពុម្ពផ្សាយ​សៀវភៅ​ទី​បី​របស់លោក​ដែលមាន​ចំណងជើង​ថា​«​អាស៊ី​ប៉ាស៊ីហ្វិក​៖​បេះដូង​នៃ​ពិភពលោក​សតវត្សរ៍​ទី​២១»​។​



​ម្ចាស់​សៀវភៅ​«​មហា​យក្ស​ចិន​» និង «​ចម្បាំង​ត្រជាក់​រវាង​អាមេរិក និង​ចិន​» នឹង​ចេញផ្សាយ​សៀវភៅ​ទី​បី​របស់លោក​កម្រាស់​២០០​ទំព័រ​ដែលមាន​ចំណងជើង​ថា «​អាស៊ី​ប៉ាស៊ីហ្វិក​៖​បេះដូង​នៃ​ពិភពលោក​សតវត្សរ៍​ទី​២១»​។ ស្នាដៃ​ថ្មី​នេះ​នឹងត្រូវ​បោះពុម្ពផ្សាយ​ចំនួន​៥​ពាន់​ក្បាល យ៉ាងយូរ​នា​ចុងខែ​ឧសភា​។​

​អ្នកគាំទ្រ​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ជា​ភាសា​ខ្មែរ រួមមាន​ទាំង​អ្នកនយោបាយ បញ្ញ​វន្ត និង​អ្នក​និយម​ស្តាប់​បទ​វិភាគ​ស្តីពី​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា បញ្ហា​តំបន់ និង​ពិភពលោក​បាន​ស្គាល់​លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ​។ លោក​គឺជា​នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​ប្រចាំ​កម្ពុជា និង​ជា​អ្នកជំនាញ​វិភាគ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​នៅ​ទូរទស្សន៍ PNN រហូតដល់​ឆ្នាំ​២០១៧​។​

​នៅ​ឆ្នាំ​២០១២ លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ បានធ្វើ​ឲ្យ​សាធារណជន​ស្គាល់​លោក​កាន់តែខ្លាំង​ តាមរយៈ​ការបោះពុម្ព​សៀវភៅ​គម្រប​ពណ៌​ក្រហម​ទីមួយ​របស់លោក​ ដែលមាន​ចំណងជើង​ថា «​មហា​យក្ស​ចិន​» និង​ស្នាដៃ​ទី​ពីរ​នៅក្នុង​ឆ្នាំ​២០១៤​ ដែលមាន​ចំណងជើង​ថា «​ចម្បាំង​ត្រជាក់​រវាង​អាមេរិក និង​ចិន​»​។​



​ហេតុអ្វី​បានជា​ស្នាដៃ​ទី​បី​របស់លោក ​ត្រូវ​ផ្តោតទៅលើ​អាស៊ី​ប៉ាស៊ីហ្វិក​? លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចង់​រំឭក​ឡើងវិញ​នូវ​ការពិត ជា​ប្រវត្តិសាស្ត្រ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទ្វីបអាស៊ី​ដែល បើតាម​យល់ឃើញ​របស់លោក អាស៊ី​ខ្សត់ខ្សោយ ក្រីក្រ គ្មាន​ថាមពល រហូតដល់​ដើម​ទសវត្សរ៍​១៩៩០ គឺ​បណ្តាលមកពី​បស្ចិម​លោក ជាពិសេស​។ លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ បន្ថែម​យ៉ាង​ដូច្នេះ​៖ «​ក្នុង​សៀវភៅ​នេះ ខ្ញុំ​ក៏​ចង់បង្ហាញ​ទៀតថា ឥឡូវនេះ​ដោយសារតែ​សន្តិភាព និង​ស្ថិរភាព បានមកពី​ការបញ្ចប់​ទៅវិញ​នៃ​សង្គ្រាមត្រជាក់ អាស៊ី​សតវត្សរ៍​ទី​២១​កំពុង​ក្លាយជា​បេះដូង នៃ​ពិភពលោក​វិញ​ម្តង​។ អាស៊ី​មាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា មាន​មហាអំណាច សេដ្ឋកិច្ច​(​ចិន ជប៉ុន ឥណ្ឌា អាស៊ាន​) មាន​មហាអំណាច​បរមាណូ​(​ចិន ឥណ្ឌា ប៉ា​គី​ស្ថាន កូរ៉េខាងជើង​... ម្ល៉ោះហើយ អាស៊ី​ឥឡូវ ត្រូវ​បស្ចិម​លោក​ចែចូវ កោតខ្លាច និង​កោតសរសើរ​ទៅវិញ​»​។​

​នៅក្នុង​សៀវភៅ «​អាស៊ី​ប៉ាស៊ីហ្វិក​៖​បេះដូង​នៃ​ពិភពលោក​សតវត្សរ៍​ទី​២១» អ្នកនិពន្ធ​ បាន​ក៏បាន​រំ​ឮ​ក​រំលេច​ឲ្យ​ឃើញ​ផងដែរ​ អំពី​ការ​មាក់ងាយ​របស់​បស្ចិម​លោក ​ទៅលើ​អាស៊ី ​ជាពិសេស​នៅក្នុង​ទសវត្សរ៍​១៩៥០, ១៩៦០, ១៩៧០, ១៩៨០ ដ្បិត​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​អាស៊ី​ខាងត្បូង​នៅពេលនោះ ឃើញតែ​បញ្ហា វិបត្តិ សោកនាដកម្ម សង្គ្រាម និង​ភាពក្រីក្រ​។​

​សូមបញ្ជាក់​ផងដែរ​ថា ដោយសារតែ​សៀវភៅ​នេះ ​ផ្តោត​មកលើ​អាស៊ី កម្ពុជា​ក៏ត្រូវ​បាន​អ្នកនិពន្ធ​និយាយ​បរិយាយ​លម្អិត​ខ្លាំង​ដែរ​។ សិស្ស និស្សិត អ្នក​ចូលចិត្ត​ការអាន អ្នក​ចង់​យល់​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក អាច​រង់ចាំ​សៀវភៅ​ថ្មី​នេះ​របស់លោក តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ​៕



Tag:
 តាន់ ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ​
  វិទ្យុ​បារាំង​
  អាស៊ី​ប៉ាស៊ីហ្វិក​
  វិទ្យុ​បារាំង​
  rfi
© រក្សាសិទ្ធិដោយ thmeythmey.com