ជាតិ
សេដ្ឋកិច្ច
ដើម្បី​ចៀសវាង​បញ្ហា តើ​គួរ​ធ្វើ​កិច្ចសន្យា​បែបណា​ពេល​ទិញ ឬ​លក់​អចលនទ្រព្យ​?
06, May 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​អ្វី​ទៅជា​កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​? ក្នុង​មាត្រា ៥១៥ នៃ​ក្រមរដ្ឋប្បវេណី​បាន​កំណត់ថា កិច្ចសន្យា​ទិញ​-​លក់ គឺជា​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង​ហៅថា​«​អ្នកលក់​» មាន​ករណីយកិច្ច ផ្ទេរកម្មសិទ្ធិ​លើ​វត្ថុ​ណាមួយ ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ហៅថា​«​អ្នកទិញ​»  ហើយ​អ្នកទិញ​នេះ មាន​ករណីយកិច្ច​ទូទាត់​ប្រាក់ ជា​ថ្លៃ​នៃ​វត្ថុ​នោះ​ទៅ​ឲ្យ​អ្នកលក់​។​

 
​ស្របតាម​និយមន័យ​នេះ យើង​អាច​កំណត់ថា​កិច្ចសន្យា​ទិញ​លក់​អចលនទ្រព្យ​គឺជា​កិច្ចសន្យា​មួយ​ដែល​ភាគី «​អ្នកលក់​អចលនទ្រព្យ​» មាន​ករណីយកិច្ច ត្រូវប្រគល់​ឬ​ផ្ទេរ កម្មសិទ្ធិ​កាន់ កាប់​របស់ខ្លួន ឲ្យ​ទៅ​ភាគី​ម្ខាង​ទៀត​ដែលជា «​អ្នកទិញ​អចលនទ្រព្យ​» ហើយ​អ្នកទិញ​នេះ មាន​ករណីយកិច្ច​ទូទាត់​ប្រាក់ ជា​ថ្លៃ​នៃ​ទ្រព្យ​នោះ ទៅ​ឲ្យ​អ្នកលក់​វិញ​។​
 
​តើ​កិច្ចសន្យា​ទិញ​លក់​មាន​ប៉ុន្មាន​ប្រភេទ​?
 
​ជា​ទួទៅ​ការទិញ​លក់​មាន​ទម្រង់ និង​រូប​ភាពខុសៗ​គ្នា​ដែល​សកម្មភាព​បែបនេះ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​មានដូចជា​៖ ការប្រកប​អាជីវកម្ម​នានា និង​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​។​
 
​ទោះយ៉ាងណា​គេ​អាច​សង្កេតឃើញថា កិច្ចសន្យា​ទិញ​លក់​ជាធម្មតា​បានធ្វើ​ឡើង​តាម​រូបភាព​ពីរបែប គឺ​ការទិញ​លក់ ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់ និង​ការទិញ​លក់ ដែលមាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​។​
 
​ការទិញ​លក់​ត្រឹមតែ​មាត់ទទេ ជា​ប្រភេទ​នៃ​កិច្ចសន្យា​ទិញ​លក់​មួយ​ដែល​ការព្រមព្រៀង​ទិញ​លក់ រវាង​អ្នកទិញ​និង​អ្នក​លក់បាន​ធ្វើឡើង​ដោយផ្ទាល់​មាត់​ដែល​តាម​ធម្មតា​នេះ​ជា​សកម្មភាព​ដោះដូរ បែប​សាមញ្ញ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ដូចជា​៖ ការទិញ​សំលៀកបំពាក់ ឬ​ទិញ​ម្ហូបអាហារ​ជាដើម​។ ប៉ុន្តែ​គេ​ក៏​អាច​ធ្វើជា​លិខិត​ព្រមព្រៀង​លាយលក្ខណ៍អក្សរ​បានដែ​រ ដោយ​ធ្វើជា​លិខិត ឯកជន​រវាង​អ្នកលក់ និង​អ្នកទិញ​ផ្ទាល់ ឬ​លិខិតយថាភូត​ដែលមាន​ការទទួល ស្គាល់​ពី​មន្ត្រី​សាធារណៈ​។​
 
​កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ ក៏មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ​ ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់​ជាទូទៅ ច្បាប់​មិន​តម្រូវ​ថា ត្រូវតែ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​នោះទេ។ ​នេះ​បើ​មាត្រា​៥១៦​នៃ​ក្រមរដ្ឋប្បវេណី​។​
 
​ទោះយ៉ាងណា ក្នុង​ច្បាប់​ដដែល នៅក្នុង​ករណី​មាន​បញ្ញត្តិ​ពិសេស ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ រួមមាន​៖ ផ្ទះ ឬ​ដីធ្លី​ជាដើម នោះ​កិច្ចសន្យា​ទិញ​លក់ ត្រូវធ្វើឡើង ជា​លាយលក្ខណ៍អក្សរ​។​
 
​ហេតុអ្វី​ត្រូវធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ពេល​ទិញ​លក់​អចល​ទ្រព្យ​?
 
​ការទិញ​លក់​អចលនទ្រព្យ (​មាន​ទំហំ​ទឹកប្រាក់​ច្រើន​) ត្រូវតែ​ធ្វើ​ឡើងជា​កិច្ចសន្យា ជា​លាយ លក្ខណ៍​អក្សរ​តាម​ទម្រង់​លិខិតយថាភូត​ដែលមាន​ការទទួលស្គាល់​ពី​ម​ន្រី​សាធារណៈ ឬសារការី ​ជា​ចាំបាច់​។ ជាទូទៅ​នៅក្នុង​កិច្ចសន្យា​នេះ ត្រូវ​ទាមទា​ឲ្យ​មាន​មេធាវី​ជួយ សម្រប សម្រួល ក្នុង​ដំណើរការ​រៀបចំ​ឯកសា​រ និង​ការតាក់តែង​ខសន្យា​នានា​សម្រាប់ កិច្ច សន្យា​ទាំងមូល​។ សារការី ជា​ភាគី​មួយ ដ៏​សំខាន់​មួយ​ក្នុង​ការដឹងឮ ពី​ការទិញ​លក់ របស់ ភាគី​ទាំងពីរ​។ ហើយ​នៅក្នុង​កិច្ចសន្យា​នោះ​ទៀតសោត ក៏អាច​តម្រូវ​ឲ្យ​មាន សាក្សី​ចុះហត្ថលេខា ឬ​ផ្តិតមេដៃ​ទទួលស្គាល់​លើ​លិខិតផ្លូវការ​មួយ​នេះ​។​
 
​ម្យ៉ាងវិញទៀត​ការធ្វើ​កិច្ចសន្យា​ទិញ​លក់​ត្រឹមត្រូវ​គឺអាច​បញ្ជាក់​ពី​ភាពស្របច្បាប់ និង​ភាពច្បាស់លាស់​អំពី​ខ្លឹមសារ និង​លក្ខខណ្ឌ​ចាំបាច់​នានា​ដែល​បាន​តាក់តែង ឡើង​ដើម្បី​រក្សា​សុវត្ថិភាព​សម្រាប់​ភាគី​ទាំងសងខាង​។​
 
​រាល់​ឯកសារ​ទាំងនេះ​ជា​ភស្តុតាង​ចាំបាច់​មួយ​ក្នុងការ​ជំទាស់ ឬ​តវ៉ា​ក្នុងករណី​មាន​វិវាទ​កើតឡើង​។ វិវាទ​ទាំងនេះ អាចមាន​ដូចជា​៖ ការបង់ប្រាក់​ចំនួន​សរុប​នៃ​តម្លៃ​អចលនទ្រព្យ​រយៈពេល​ទូទាត់​ប្រាក់ ទីតាំង ទំហំ និង​ប្រភេទ​ផ្ទះ ឬ​ដី និង​ប្លង់ដី​ជាដើម​។​
 
​តើ​អ្នកលក់ និង​អ្នកទិញ​មាន​សិទ្ធិ និង​ករណី​កិច្ច​បែបណា​នៅក្នុង​កិច្ចសន្យា​?
 
​ទាំង​អ្នកលក់ និង​អ្នកទិញ​អាចជា​នីតិបុគ្គល ឬ​រូបវន្តបុគ្គល ដែលមាន​សញ្ជាតិ​ខ្មែរ ឬ​បរទេស ត្រូវមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ទិញ​លក់ និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា​។ ភាគី​ទាំងពីរ​ត្រូវមាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចុះកិច្ចសន្យា ឬ​ផ្តិតមេដៃ​នៅលើ​កិច្ចសន្យា​ទិញ​លក់​។​
 
​ទាក់ទង​នឹង​ករណី​កិច្ច​របស់​អ្នកទិញ​វិញ គេ​អាច​និយាយ​ដោយ​ខ្លី​ថា​អ្នកទិញ​មាន​កាតព្វកិច្ច​បង់ថ្លៃ ទៅតាម​តម្លៃ​ដែល​បាន​ព្រមព្រៀងគ្នា តាម​កាលបរិច្ឆេទ និង​ទីកន្លែង ដែល​បានកំណត់​នៅក្នុង​កិច្ចសន្យា​។ ចំណែក​អ្នកលក់​វិញ​ត្រូវ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ​ដែល​បាន​ព្រមព្រៀង​លក់​នោះ ទៅ​ឲ្យ​អ្នកទិញ​។​
 
​ក្នុងករណី​ការផ្ទេរសិទ្ធិ​កាន់កាប់​អចល​ទ្រព្យ​ត្រូវធ្វើ​នៅពេល​ក្រោយ​បន្ទាប់ពី​រយៈពេល​ណាមួយ​អ្នកលក់​មាន​ករណីយកិច្ច​ថែរក្សា​អចលនទ្រព្យ​នោះ ឲ្យ​បាន​គង់វង្ស និង​មានគុណ​ភាពល្អ​ដូច​មាន កំណត់​ក្នុង​កិច្ចសន្យា​ពីដំបូង​រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​។ ប្រសិន​មានការ​ខូចខាត​នោះ​អ្នកលក់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ​ទៅតាម​អ្វីដែល​បានចែង​ក្នុង​កិច្ចសន្យា​។​
​ហេតុអ្វី​ការទិញ​លក់​មាន​បញ្ហា​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​?
 
​បញ្ហា​អាច​កើតមានឡើង​ប្រសិនបើ​អ្នកទិញ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មិនបាន​សាកសួរ​អ្នកលក់​ឲ្យ​បានច្បាស់លាស់​ពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​អចលនទ្រព្យ​នោះ​។​
 
​ជាធម្មតា​អ្នកលក់​មាន​ករណីយកិច្ច​ផ្តល់ព័ត៌មាន​ទាំងនេះ​ប៉ុន្តែ​អ្នកលក់​មួយចំនួន​មានបំណង​លាក់បាំង ដោយ​ផ្តល់ព័ត៌មាន​មិន​គ្រប់គ្រាន់ ឬ​មិន​ច្បាស់លាស់​។ ក្នុងរ​កណី​អ្នករក​ឃើញថា​អ្នកលក់​មាន​ចេតនា​លាក់បាំង (​ឬ​ឆបោក​) អ្នកទិញ​អាច​សុំ​លុបចោល​កិច្ចសន្យា​នេះ​វិញ​បាន​។​
 
​ដើម្បី​បញ្ជៀ​ស​ពី​បញ្ហា តើ​ត្រូវ​ពិនិត្យ​លើ​ចំណុច​អ្វីខ្លះ មុនពេល​ចុះកិច្ចសន្យា​ទិញ​លក់ អចលនទ្រព្យ​?
 
​ជា​ការពិត​ការទិញ​លក់​ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត​ដើម្បី​ជៀសវាង​ពី​ការ​ឆបោក​ណាមួយ​។ ចំណុច​មួយ​ដែល​សំខាន់បំផុត គឺ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ខ្លឹមសារ នៃ​សិទ្ធិ​លើ​អចលនវត្ថុ ព្រំប្រទល់ នៃ​អចលនទ្រព្យ និង​ការជាប់​បន្ទុក​ផ្សេងៗ ដូចជា​ដី​ចំណែក​ផ្លូវ​ជាដើម (​ដោយ​ត្រូវ​ដឹងថា​រដ្ឋ នឹង​ទុកជា​ដី​ចំណែក​ផ្លូវ​ប៉ុន្មាន​ម៉ែត្រ​)​។​
 
​ទាក់ទង​នឹង​ការ​ឆបោក​វិញ ការ​ប្រោក​ប្រាស់​អាចមាន​ច្រើន​រូបភាព​ដូចជា​៖ ការប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​ចំនួន​ពីរ (​ប្លង់រឹង និង​ប្លង់​ទន់​) សម្រាប់​លក់​ទៅអោយ​អ្នកទិញ​ផ្សេងគ្នា ការលក់​ដី​មាន​វិវាទ ឬ​ដី​ហាមឃាត់​តាមផ្លូវ​តុលាការ ការលក់​ដោយ​យកប្រាក់​កក់​មុន ការលក់​ដោយ​ប្រើប្រាស់​ម្ចាស់​ក្លែងក្លាយ ការលក់​ដី​ក្នុង​តំបន់​មាន ទឹកជំនន់ ការបង់ប្រាក់​មុន​គម្រោង និង​ការលក់​ដី​ដោយ​ប្រើប្រាស់​ប្លង់រឹង​ក្លែងក្លាយ​ជាដើម​៕
 
​ទទួលបាន​សិទ្ធិ​ដកស្រង់​ពី (https://www.realestate.com.kh/km/news/What-is-real-estate-sale-and-purchase-agreement/)

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com