អន្តរជាតិ
ទូត​អាមេរិក​ប្រចាំ​UN ៖ អ្នកណា​រករឿង​អ៊ីស្រាអែល​គឺ​ស្មើនឹង​រករឿង​អាមេរិក​
09, May 2018 , 10:39 pm        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley (រូបភាព AFP)
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley (រូបភាព AFP)
​តំណាង​អាមេរិក​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley នៅ​ថ្ងៃទី​៨ ខែឧសភា បាន​និយាយ​ការពារ​អ៊ីស្រាអែល​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិក​។ ដោយ​យក​ករណី​រិះគន់​អ៊ីស្រាអែល​ជុំវិញ​ការសាងសង់​លំនៅដ្ឋាន​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន និង​ការបង្ក្រាប​បាតុកម្ម​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រឆាំង​អ៊ីស្រាអែល លោកស្រី Haley អះអាងថា អ៊ីស្រាអែល​ត្រូវបាន​ចោមរោម​ធ្វើបាប​នៅ​អង្គការសហប្រជាជាតិ​។ លោកស្រី​រំឭកថា ការបង្ក​រឿង​ដាក់​អ៊ីស្រាអែល គឺ​ដូច​រករឿង​អាមេរិក​ដែរ​។​



​មិត្ត​ល្អ​ជួយ​គ្នា​ទៅវិញទៅមក​។ នេះ​ជាគោលការណ៍​ដែល​អាមេរិក​កំពុង​អនុវត្ត​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​។ អាមេរិក​តែង​ចេញមុខ​ការពារ​អ៊ីស្រាអែល​ស្ទើរ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទៅហើយ ជាពិសេស​នៅ​វេទិកា​អង្គការសហប្រជាជាតិ​តែម្ដង​។ អគ្គរដ្ឋទូត​អាមេរិក​នៅ​អង្គការសហប្រជាជាតិ Nikki Haley បាន​ប្រដូច​ការរក​រឿង​អ៊ីស្រាអែល​នៅ​ស្ថាប័ន​អន្តរជាតិ​ដ៏​នេះ​ទៅនឹង​កូនក្មេង​ដែល​ត្រូវគេ​ធ្វើបាន​នៅ​សួន​កុមារ​។​

​ថ្លែង​ក្នុង​សន្និសីទ​ប្រចាំ​ស្ដីពី​តំបន់​អាមេរិក​នៅ​ក្រសួងការបរទេស​នៅ​ថ្ងៃទី​៨ ខែឧសភា លោកស្រី Haley ចាត់ទុក​សកម្មភាពរ​បស់​សមាជិក​អង្គការសហប្រជាជាតិ​ផ្សេងទៀត​លើ​អ៊ីស្រាអែល​ជា​រឿង​អាក្រក់​ហួសហេតុ​។ តំណាង​អាមេរិក​រូបនេះ​ចង់​សំដៅ​ដល់​ការ​ថ្កោលទោស​របស់​អន្តជាតិ​លើ​អ៊ីស្រាអែល​ក្នុងករណី​ពង្រីក​ការតាំង​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​ខុសច្បាប់ និង​ការបង្ក្រាប​យ៉ាង​សាហាវ​លើ​អ្នក​តវ៉ា​ប៉ា​ឡេ​ស្ទី​ន​។​

​ជុំវិញ​ទង្វើ​របស់​អ៊ីស្រាអែល អង្គការសហប្រជាជាតិ​បានទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ទង្វើ​រប​ស់​ខ្លួន និង​ដកខ្លួន​ចេញពី​ទឹកដី​របស់​ប៉ា​ឡេ​ស្ទី​ន​ទាំង​នៅ​តំបន់​ហ្កា​ស្សា តំបន់​ត្រើយ​ខាងលិច និង​នៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​ផង​។ អ៊ីស្រាអែល​បាន​គ្រប់គ្រង​តំបន់​ទាំងនេះ​ក្រោយ​ឈ្នះ​សង្គ្រាម​ជាមួយ​រដ្ឋ​អារ៉ាប់​ក្នុង​ឆ្នាំ​១៩៦៧ ។ លោកស្រី Haley បាន​ហៅ​សកម្មភាព​របស់​ស្ថាប័ន​ពិភពលោក​នេះ​ជា​វប្បធម៌​ក្នុងការ​វាយប្រហារ​អ៊ីស្រាអែល​។​

«​ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ វា​ជា​រឿង​ខកចិត្ត​ដែល​ជួប​បញ្ហា​នេះ ហើយ​ខ្ញុំ​បាន​ស្រែក​ដាក់​មនុស្ស​គ្រប់គ្នា​។​» នេះ​ជាស​ម្ដី​មិន​ពេញចិត្ត​របស់​តំណាង​អាមេរិក​ក្នុង​កម្មវិធី​សំណួរ​-​ចម្លើយ មុននឹង​និយាយ​បែប​ព្រមាន​ប្រទេស​ផ្សេង​ទៀតថា អាមេរិក​គាំទ្រ​អ៊ីស្រាអែល ហើយ​អ្នកណា​បង្កបញ្ហា​ឲ្យ​អ៊ីស្រាអែល គឺជា​ការបង្ក​បញ្ហា​ជាមួយ​អាមេរិក​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។ 

​មន្ត្រីការទូត​អាមេរិក​រូបនេះ​ក៏​ឆ្លៀត​និយាយ​ការពារ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ប្រកាស​រើ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ លោកស្រី Haley ពន្យល់ថា ការសម្រេចចិត្ត​នេះ​ជា​រឿង​ចាំ​ដែល​ត្រូវ​កើតឡើង​ប៉ុណ្ណោះ ខណៈ​ប្រធានាធិបតី​អាមេរិក​ជាច្រើន​ជំនាន់​ត្រូវបាន​ប្រាប់ថា បើ​ហ៊ាន​ប្ដូរ​ស្ថានទូត មេឃ​នឹង​ធ្លាក់ចុះ​មិន​ខាន​។ យ៉ាងណាមិញ លោកស្រី​បាន​និយាយ​បក​វិញ​ថា មកទល់ពេលនេះ មេឃ​នៅលើ​ដដែល​៕

Tag:
 UN
  អាមេរិក​
  អ៊ីស្រាអែល​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com