ជាតិ
សេដ្ឋកិច្ច
ក្រសួង​៖ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​មិនបាន​និយាយ​បែងចែក «​សាំង​អ្នកមាន សាំង​អ្នកក្រ​»​ ឡើយ​
11, May 2018 , 5:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​ចំអក រិះគន់​ចំពោះ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជុំវិញ​ពាក្យ «​ប្រេងសាំង​អ្នកមាន និង​សាំង​អ្នកក្រ​»​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​តម្រូវ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​រៀបចំ​សន្និសីទកាសែត​ដើម្បី​ស្រាយ​បំភ្លឺ​។ សន្និសីទកាសែត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​នេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក ស៊ា​ង ថៃ ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​នេះ​។


 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​សោកស្តាយ​ចំពោះ​មតិ​រិះគន់​របស់​សាធារណជន​ខ្លះ​ដែល​បាន​យល់ច្រឡំ​អំពី​ខ្លឹមសារ​នៃ​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​នៅក្នុង​សន្និសីទកាសែត​ថា រដ្ឋមន្ត្រី​របស់លោក​បាន​និយាយ​ផ្តោតទៅលើ​ការជួយ​សម្រួល​ជីវភាព​ពលរដ្ឋ​ដែលមាន​ចំណូល​ទាប​តែប៉ុណ្ណោះ​។​
​លោក ស៊ា​ង ថៃ បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្ដាញ​សង្គម ហើយ​អ្នក​ចែករំលែក​បន្ត មាន​ទាំង​អ្នក​បញ្ចេញ​យោង​ប​ល់​(Comment) ផ្ដល់​យុត្តិធម៌​ដល់​លោក​រដ្ឋមន្ត្រី តែ​ក៏មាន​អ្នក​បន្ថែមបន្ថយ​របោយ ដែល​ធ្វើ​ឲ្យ​រឿង​កាន់តែ​ធំ​»​។​
 
​មាន​សារព័ត៌មាន​មួយចំនួន​បានដាក់​ចំណងជើង​ច្បាស់ៗ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ជឿថា លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍ថា «​ប្រភេទ​ប្រេងសាំង​ធម្មតា សម្រាប់​អ្នកក្រ ហើយ​ប្រភេទ​សាំង​ស៊ុ​ពែរ សម្រាប់​អ្នកមាន​»​។ អ្នកទទួល​ព័ត៌មាន​យ៉ាងនេះ​នៅលើ​បណ្តាញ​សង្គម ក៏បាន​កាត់ត​រូបភាព​ផ្សេងៗ ដើម្បី​ចំអក​និង​រិះគន់​លោក​រដ្ឋមន្ត្រី​យ៉ាងខ្លាំង​។​
 
​តាមពិត​ក្នុងពេល​កន្លងមក នៅពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត​ដែល​សួរ​អំពី​អន្តរ​គម​ន៍​របស់​រដ្ឋា​ភិ​បាល​ទៅលើ​ការកើនឡើង​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​បងប្អូន​ប្រជាជន​ភាគច្រើន ប្រើ​ម៉ូតូ ឬ​យានយន្ត​តូច ពួកគាត់​ប្រើ​សាំង​ធម្មតា​។ សាំង​ធម្មតា​នេះ យើង​កុងត្រូល តែ​យើង​មើល​តាម​ទីផ្សារ​។ សាំង​ស៊ុ​ពែរ គេ​សម្រាប់​រថយន្ត​ឡង់​គ្រី​ស័​រ​សម្រាប់​អ្នកមាន ដូច្នេះ​យើង​ជួយ​អ្នកមាន​ធ្វើ​អ្វី​? យើង​ជួយ​អ្នកក្រ ដើម្បី​លើកតម្កើង​ជីវភាព​»​។​
 
​សូម​ស្តាប់​ប្រសាសន៍​របស់លោក ប៉ាន សូរ​ស័ក្តិ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកកាសែទ​ក្នុងពេល​កន្លងមក​៖




គោលបំណង​នៃ​ការរៀបចំ​សន្និសីទកាសែត ក៏​ដើម្បី​ពន្យល់​ប្រាប់​សាធារណជន​អំពី​ការឡើង​ថ្លៃ​តម្លៃ​ប្រេង​ផងដែរ​។​ តម្លៃ​ប្រេង​នៅ​កម្ពុជា ត្រូវបាន​កំណត់​ក្នុង​រូបមន្ត​ប្រកាស​អន្តរក្រសួង ដែល​តម្លៃ​ប្រេង​ត្រូវបាន​ចេញផ្សាយ​រៀងរាល់ ១០​ថ្ងៃ​ម្ដង​។ នេះ​ជាការ​រៀបរាប់​របស់លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បន្តទៀតថា​៖«​ដោយសារ​ថ្លៃ ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​ឡើងថ្លៃ ថ្លៃ​ប្រេង​នៅ​កម្ពុជា ដែលជា​ប្រទេស​នាំចូល​ប្រេង​ពី​ក្រៅ ក៏ត្រូវ​ឡើងថ្លៃ​ទៅតាម​ទំនោរ​នោះដែរ​»​។​
 
​ទោះយ៉ាងណា​ក៏ដោយ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ដដែល រាល់​ស្ថានីយ​ប្រេង​មិនអាច​លក់​ប្រេង​លើស​តម្លៃ ដែល​ត្រូវបាន​គណនា និង​ចេញផ្សាយ​ដោយ​ក្រសួង​នោះទេ ដែល​នេះ​ជាការ​អន្តរាគមន៍​មួយ​របស់​រដ្ឋាភិបាល​ក្នុង​របប​ទីផ្សារសេរី​។ លោក ស៊ា​ង ថៃ បន្ថែម​យ៉ាង​ដូច្នេះ​៖«​ក្រសួង​បានចាត់ទុក​ការអន្តរាគមន៍​នេះ​ថា​ជា​ការជួយ​ជីវភាព​ប្រជាជន ពី​ការលក់​ប្រេង​ក្នុងតម្លៃ​តាម​អំពើ​ចិត្ត​របស់​ពួក​ឈ្មួញ​»​។​
 
​ពេលមុន ការកំណត់​តម្លៃ​ប្រេង​ត្រូវធ្វើឡើង​សម្រាប់​ប្រេង​ទាំង​៣​ប្រភេទ គឺ​ប្រេងសាំង​ស៊ុប​ពែរ សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​។ តែ​ក្រោយមក​ប្រេងសាំង​ស៊ុប​ពែរ ត្រូវបាន​ដកចេញ​វិញ​ពី​ការកំណត់​នោះ​។ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា រដ្ឋាភិបាល​ចង់​បន្ធូរបន្ថយ​ដល់​ផ្នែក​ឯកជន ដោយ​ទុក​ប្រេង​ស៊ុប​ពែរ​ឲ្យ​ឯកជន​លក់​ដេញថ្លៃ​នៅលើ​ទីផ្សារ​។ 
​ប្រេងសាំង​ស៊ុប​ពែរ​មាន​បរិមាណ​ប្រើប្រាស់​ប្រមាណ ១៥​ភាគរយ​នៃ​ការប្រើប្រាស់​សាំង​សរុប​នៅ​កម្ពុជា​។ នេះ​ជា​តួលេខ​លើកឡើង​ក្នុង​សន្និសីត​ដោយ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​៕
 
 

Tag:
 ប្រេងឥន្ធនៈ​
  សាំង​
  ប៉ាន សូរ​ស័ក្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com