ជាតិ
ប្រកាស​លក់​ដី​ក្នុង​ឧទ្យាន​អង្គរ​៖​អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​
12, May 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅពេល​ថ្មីៗ​កន្លងទៅនេះ មាន​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន​បាន​ផ្សព្វផ្សាយ​អំពី​ការប្រកាស​លក់​ដី​ក្នុង​រមណីយដ្ឋាន​អង្គរ នៅក្នុង​តំបន់​២​។ អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ បាន​ប្រាប់​ដល់​សាធារណជន​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការចាញ់បោក​របស់​បុគ្គ​ល​ឆ្លៀតឱកាស និង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ផងដែរ ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ណា ដែល​ហ៊ាន​ប្រកាស​លក់​ដី ក្នុង​ឧទ្យាន​រមណីយដ្ឋាន​អង្គរ​ទៀត​។​

 
​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១១ ឧសភា របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា រាល់​ការសាងសង់​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ អាជ្ញាធរ​ជាតិ​អប្សរា​បានលើកឡើង​ពី​ច្បាប់ និង​មាត្រា ដែល​ត្រូវបាន​ការពារ ស្ដីពី​ការកំណត់​ដែន​ឧទ្យាន​អង្គរ និង​ការហាមឃាត់​គ្រប់​សកម្មភាព​សាងសង់​នានា​ក្នុង​តំបន់​នេះ​។ 
 
​សេចក្តីជូនដំណឹង​ដដែល អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​បុគ្គល​ណា​ដែល​នៅតែ​បន្ដ​ភូតកុហក​ដល់​សាធារណជន ក្នុង​បំណង​កេង​ចំណេះ​ដីធ្លី​ក្នុង​តំបន់​អង្គរ​។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន និង​ត្រូវ​ទំនាក់ទំនង​មក​ស្ថាប័ន​ខ្លួន មុននឹង​ទិញ​ដី ឬ​សាងសង់​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​ស្ថាប័ន​នេះ​មិន​ទទួលខុសត្រូវ​ឡើយ​ចំពោះ​ការខាតបង់​ផលប្រយោជន៍​ណាមួយ​របស់​សាធារណជន​។​
 
​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​ក្រុមហ៊ុន​លក់​ដី​មួយ​ឈ្មោះថា Ear Heng Angkor បានប្រកាស​ពី​គម្រោង​ដី​ពុះ​ឡូ​តិ៍​បង់​រំលស់​ក្នុង​ដី​តំបន់​២​។ ក្រុមហ៊ុន​នេះ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ដែល​ខ្លួន​មាន​ទីតាំង​ផ្លូវ​៦០​ម៉ែត្រ និង​ផ្លូវ​ត្រាំ​នាគ នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​ស្ថិតនៅក្នុង​តំបន់​២​នៃ​ឧទ្យាន​អង្គរ ដែល​អាច​សុំច្បាប់​សង់​សំណង់​ស្រាល​បាន និង​អាច​កាត់​ចេញពី​តំបន់​អប្សរា​នៅ​ថ្ងៃ​ខាងមុខ​៕

© រក្សាសិទ្ធិដោយ thmeythmey.com