អន្តរជាតិ
មហា​យក្ស​ឥណ្ឌា និង​សិង្ហ​បុរី ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​ជំរុញ​សេដ្ឋកិច្ច​
01, Jun 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ​ឥណ្ឌា និង​សិង្ហ​បុរី នៅ​សប្តាហ៍​នេះ បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បន្ត​កសាង​កិច្ចសហប្រតិបត្តិការ​យោធា​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​ធានា​សន្តិសុខ និង​ស្ថិត​ភាព​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។



​ក្រោយ​ចាក​ចេញពី​ឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​បន្តដំណើរ​មកកាន់​សិង្ហ​បុរី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​សិង្ហ​បុរី​លោក លី សៀន​ឡុង​។ ក្នុង​ទស្សនកិច្ច​នៅ​រដ្ឋ​អាស៊ាន​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ​ថែមទៀត​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Times of India លោក ម៉ូ​ឌី និង​លោក លី បាន​ប្តេជ្ញា​បន្ត​ស្វះស្វែង​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី និង​កសាង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ខណៈដែល​មេដឹកនាំ​ទាំង​ពីរបាន​អំពាវនាវ​ឲ្យ​មានការ​ថែរក្សា​សន្តិសុខ ស្ថិរភាព និង​សេរីភាព​ដែនសមុទ្រ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ​។​

​អ្នក​ទាំងពីរ​ក៏​ធ្វើ​អធិបតី​ក្នុង​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​លើ​វិស័យ​ចម្រុះ​ផងដែរ​ក្នុងនោះ​មាន​សន្តិសុខ​អ៊ីនធឺណិត ការហ្វឹកហ្វឺន​មន្ត្រី​សាធារណៈ ប្រឆាំង និង​គ្រប់គ្រង​គឿង​ញៀន រួមជាមួយ​កិច្ចសហប្រតិបត្តិការ​ភស្តុភារ​រវាង​កងទ័ព​ជើង​ទឹក​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នាយករដ្ឋមន្ត្រី លី សៀន​ឡុង បានកត់សម្គាល់​ពី​ការលូតលាស់​រហ័ស​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ឥណ្ឌា និង​សិង្ហ​បុរី​ជាពិសេស​កងទ័ពជើងទឹក​។ ក្នុងពេល​ទស្សនកិច្ច​នេះ កងទ័ពជើងទឹក​ទាំង​ពីរបាន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​ភស្តុភារ ហើយនឹង​ត្រៀម​រៀបចំ​ខួប​លើក​ទី ២៥ នៃ​ការធ្វើ​សមយុទ្ធ​រួមគ្នា​ប្រចាំឆ្នាំ​ដែរ​។​

 បច្ចុប្បន្ននេះ​ភាគី​ទាំងពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ក៏បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ត្រួតពិនិត្យ​លទ្ធភាព​ដើម្បី​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ផងដែរ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រួមគ្នា​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ជិត ១៥ ភាគរយ​នៅ​ឆ្នាំមុន ពោលគឺ​កើន​ដល់ ២៥ ពាន់​លាន​ដុល្លារ​។ ទុនវិនិយោគ​សិង្ហ​បុរី​នេះ​ចូល​ឥណ្ឌា​កើនឡើង​ពី ២២,៧ លាន​ដុល្លា​នៅ​ឆ្នាំ ២០១៤ ដល់ ៣៦,៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ ផងដែរ​។

​ដោយឡែក ក្នុងជំនួប​ជាមួយ​សហគមន៍​ប្រជាជន​ឥណ្ឌា​នៅ​សិង្ហ​បុរី លោក ម៉ូ​ឌី បាន​កោតសរសើរ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​សិង្ហ​បុរី​ជាពិសេស​ផ្នែក​នយោបាយ​និង​ការទូត ហើយ​លោក​ចាត់ទុកថា ចំណងមិត្តភាព​នេះ​ជិតស្និទ្ធ និង​កក់ក្តៅ​បំផុត​ផងដែរ​។​

«​ចំណង​នយោបាយ​រវាង​ឥណ្ឌា និង​សិង្ហ​បុរី​ស្ថិត​ក្នុងចំណោម​ទំនាក់ទំនង​ដែល​កក់ក្តៅ និង​ជិតស្និទ្ធ​ខ្លាំង​បំផុត​។ វា​មិនមាន​ឡើយ​ការប្រកួតប្រជែង ឬ​ជម្លោះ​ទាមទារ​ដែន​អធិបតេយ្យ​។ គ្មាន​ឡើយ​ការ​ថ្នាំងថ្នាក់ ឬ​មិន​ទុកចិត្ត​គ្នា​។ វា​ជា​ដៃគូ​ពី​ធម្មជាតិ​ដែលមាន​ទស្សនវិស័យ​រួមគ្នា​»​។ នេះ​ជាស​ម្តី​លោក ម៉ូ​ឌី​៕


Tag:
 ឥណ្ឌា​
  សិង្ហ​បុរី​
  សេដ្ឋកិច្ច​
  អាស៊ាន​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com