អន្តរជាតិ
កូរ៉េខាងត្បូង​ចង់​ឲ្យ​មហាអំណាច​រុស្ស៊ី​បង្កើន​តួនាទី​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​
01, Jun 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​ក្រុង​សេ​អ៊ូ​ល​បាន​កោតសរសើរ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដែល​បន្ត​គាំទ្រ​ការដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ តែ​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បង្កើន​តួនាទី​ឲ្យ​កាន់តែ​ធំ និង​ជិតស្និទ្ធ​ជាង​មុន​ផងដែរ​។  ការអំពាវនាវ​នេះ​ក៏​កើតឡើង​ចំ​ពេលដែល​ប្រមុខ​ការទូត​រុស្ស៊ី​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ដែរ​។​



​ក្នុងជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Vladimir Titov នៅ​ក្រុង​សេ​អ៊ូ​ល អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោក Lim Sung-nam បាន​ថ្លែងអំណរគុណ​រុស្ស៊ី​ដែល​បន្ត​តួនាទី​សំខាន់​របសខ្លួន​ជា​អ្នកជិតខាង និង​ជា​មហាអំណាច​មួយ​ក្នុងការ​គាំទ្រ​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

 បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងត្បូង​រូបនេះ​ក៏បាន​ឆ្លៀតឱកាស​ទទូច​ឲ្យ​សម​ភាគី​រុស្ស៊ី​ពិចារណា​បង្កើន​តួនាទី​ដ៏​សំខាន់​របស់ខ្លួន​ឲ្យ​កាន់តែ​ធំ និង​ជិតស្និទ្ធ​ថែមទៀត​ក្នុង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​កូរ៉េ​ទាំងពីរ​។​

​តាមពិតទៅ​វត្តមាន​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​នៅ​កូរ៉េខាងត្បូង ក៏​កើតឡើង​ជួន​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ នៅ​ក្រុង​ព្យុងយ៉ាង​ដែរ​។  លោក ឡាវ​រ៉ូ​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong Ho និង​មេដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន​។  

​ទៅដល់​កូរ៉េខាងជើង​ភ្លាម ប្រមុខ​ការទូត​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ខណៈដែល​កូរ៉េខាងជើង​បន្ត​ប្តេជ្ញាចិត្ត​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​។ រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​អញ្ជើញលោក គីម ជុង​អ៊ុន ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី ហើយ​លោក​ក៏បាន​ប្រកាស​ជួយ​គាំទ្រ​ការអនុវត្ត​រាល់​ចំណុច​ដែល​កូរ៉េ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ​អន្តរ​កូរ៉េ​កាលពី​ចុងខែ​មេសា​ដែរ​។​

​តាមពិតទៅ លោក ឡាវ​រ៉ូ​វ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​តប​ការអញ្ជើញ​របស់​សមភា​គី​កូរ៉េខាងជើង លោក Ri Yong Ho​។  ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​នៅពេលដែល​ប្រទេស​ទាំងពីរ​រៀបចំ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ចំណង​ការទូត​រួមគ្នា​នៅ​ឆ្នាំនេះ ហើយក៏​ចំពេល​ដែល​កូរ៉េ​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បន្តការងារ​សស្រាក់សស្រាំ​ដើម្បី​រៀបចំ​ជំនួប​កំពូល​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​ដែរ​៕



Tag:
 ​កូរ៉េខាងត្បូង​
  Vladimir Titov
  Lim Sung-nam
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com